សម្តេចប៉ាបបង្ហាញហឬទ័យធូរស្រាលចំពោះការចាប់ជំរិតនៅហៃទី
មានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលប្រមូលផ្តុំគ្នានៅទីលានសន្តសិលា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ អភិបាលនៃព្រះសហគមន៍កាតូលិកក្រុងរ៉ូម បានបង្ហាញនូវហឫទ័យធូរស្រាលដែលគ្រូអប់រំជំនឿ និងបុព្វជិតសាសនា៤នាក់នៅក្នុងចំណោម៦នាក់ត្រូវបានដោះលែងក្រោយពួកគេត្រូវបានចាប់ពង្រាត់នៅហៃទី កាលពីពេលថ្មីៗនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានសម្តែងនៅអារម្មណ៍ធូរស្រាលខណៈដែលបុព្វជិត និងគ្រូអប់រំជំនឿដែលគេចាប់ពង្រត់នៅប្រទេសហៃទី៤នាក់ត្រូវបានដោះលែង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទ្រង់នៅតែបន្ត អំពាវនាវឲ្យដោះលែងអ្នកដែលត្រូវបានគេឃុំឃាំងនៅឡើយបន្តទៀត។
សម្រាប់បុគ្គលពីរនាក់ដែលកំពុងតែ ស្ថិតក្នុងការជាប់ឃុំឃាំងនោះ សម្តេចប៉ាបបានអំពាវនាវឱ្យមានការដោះលែងពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាសម្រាប់អ្នកទាំងអស់ដែលនៅតែជាប់ឃុំនៅក្នុងនោះ។
សម្តេចប៉ាបបានអំពាវនាវដល់មេដឹកនាំនយោបាយ និងសង្គមទាំងអស់ក្នុងប្រទេសហៃទី ឱ្យបោះបង់ចោលផលប្រយោជន៍រួមតូច និង ចូលរួមនៅក្នុងស្មារតីនៃសាមគ្គីភាពក្នុងការស្វែងរកផលប្រយោជន៍រួម គាំទ្រការផ្លាស់ប្តូរដោយសន្តិភាពទៅកាន់ប្រទេសមួយ ដោយមានជំនួយពីសហគមន៍អន្តរជាតិ ដើម្បីស្ដារសណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់ក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន។
ប្រភពដដែលបានបន្តថា នាឱកាសនោះសម្តេចប៉ាបក៏បានធ្វើការអធិដ្ឋានសម្រាប់ទីកន្លែងនានា ដែលកំពុងតែបន្តហែកហួរដោយសង្រ្គាម ដូចជានៅ អ៊ុយក្រែន ប៉ាឡេស្ទីននិងអ៊ីស្រាអែល ស៊ូដង់ខាងត្បូង និងនៅប្រទេសស៊ីរីជាដើម៕