សម្តេចប៉ាបឡេអូទី១៤ជំរុញឱ្យគ្រីស្តបរិស័ទលីបង់ស្វែងរកភាតរភាព និងសន្តិភាព

នៅពេលយាងជាអធិបតីនៃពិធីថ្វាយអភិបូជាបញ្ចប់ដំណើរទស្សនកិច្ចនៅលីបង់ សម្តេចប៉ាបឡេអូទី១៤ បានអំពាវនាវឱ្យមានសន្តិភាពនៅក្នុងប្រទេសលីបង់ និងមជ្ឈិមបូព៌ា ហើយជំរុញឱ្យប្រជាជនលីបង់មានភាពក្លាហាន ប្រឈមមុខនឹងអស្ថិរភាព និងទុក្ខវេទនា។ នេះបើតាមវ៉ាទីកង់ញូវ។

សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ដំណើររបស់ទ្រង់មកប្រទេសលីបង់ក្នុងនាមជាអ្នកធ្វើធម្មយាត្រានៃក្តីសង្ឃឹម ហើយទ្រង់បានអធិដ្ឋានសុំអំណោយសន្តិភាពសម្រាប់ ទឹកដីជាទីស្រឡាញ់នេះ ដែលត្រូវបានញ៉ាំញ៉ីដោយ​សង្គ្រាម និងទុក្ខវេទនាជាយូរមកហើយនេះ។

សម្តេចប៉ាបឡេអូបានលើកទឹកចិត្តគ្រីស្តបរិស័ទនិងប្រជាជនលីបង់ប្រែក្លាយខ្លួនជា "សិប្បករ អ្នកនាំសារ និងជា សាក្សីនៃសន្តិភាព"។

សម្តេចប៉ាបឡេអូ បានកត់សម្គាល់ថា មជ្ឈិមបូព៌ាតម្រូវឱ្យមានវិធីសាស្រ្តថ្មីៗ ដើម្បីបញ្ចប់ផ្នត់គំនិតសងសឹក និងអំពើហិង្សា ក៏ដើម្បីយកឈ្នះលើការបែកបាក់ និងកសាងការផ្សះផ្សា និងសន្តិភាព។

ទ្រង់បានមានបន្ទូលថា “ផ្លូវនៃអរិភាព និងការបំផ្លិចបំផ្លាញទៅវិញទៅមកនៅក្នុងភាពភ័យរន្ធត់នៃសង្គ្រាមត្រូវបានធ្វើដំណើរយូរពេក ជាមួយនឹងលទ្ធផលដ៏អាក្រក់ដែលនៅចំពោះមុខមនុស្សគ្រប់គ្នា។ “យើងត្រូវផ្លាស់ប្តូរទិសដៅ។ យើងត្រូវអប់រំចិត្តរបស់យើងសម្រាប់សន្តិភាព”៕

Daily Program

Livesteam thumbnail