សម្តេចប៉ាបយាងសវនាការការងារជាមួយបុគ្គលិកនៅសន្តអាសនៈ

កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅមុនពេលរៀបចំបុណ្យព្រះយេស៊ូប្រសូត្រសម្តេចប៉ាបហ្រ្វង់ស៊ីសបានយាងចូលរួមសវនាការការងារមួយជាមួយនឹងបុគ្គលិកដែលបម្រើការនៅសន្តអាសនៈទាំងអស់។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបបានយាងទទួលការស្វាគមន៍ និងផ្លាស់ប្តូរការជូ​នពរជាមួយនឹងក្រុមបុគ្គលិក និងបានលើកទឹកចិត្តពួកគេឲ្យបន្តខិតខំបំពេញការងារ។

សម្តេចប៉ាបបានមានបន្ទូលថា អ្វីដែលបុគ្គលិកសន្តអាសនៈបានបំពេញកន្លងមកគឺជាសក្ខីកម្ម នៃព្រះសហគ​មន៍កាតូលិក និងបេសកម្មប្រកាសដំណឹងល្អ ដើម្បីមនុស្សជាតិ។

នាឱកាសនោះ ទ្រង់បានលើកយកតែពាក្យពីរម៉ាត់ទេមករំលេច គឺ ភាពមិនលាក់កំបាំង និង ភាពតូចតាច ។​

សម្តេចប៉ាបបានមានបន្ទូលថា កិច្ចការព្រះសហគមន៍គឺសំខាន់ទាំងអស់ដើម្បីមនុស្សជាតិ ដូច្នេះ នៅក្នុងពេ​លបំពេញបេសកម្មនៅក្នុងការទទួលខុសត្រូវគឺត្រូវតែខិតខំបំពេញការងារ ដោយមិនមានលាក់កំបាំងនៃបញ្ហា ហើយកុំទោមនស្សនិងរឿងតូចតាចទាំងឡាយដែលនាំ តែអោយមានភាពសៅហ្មង។

សម្តេចប៉ាបបានមានបន្ទូលបន្តថា ព្រះយេស៊ូចាប់តាំងពីទ្រង់ប្រសូត្រនិងធំដឹងក្តីគឺទ្រង់តែងតែអត់ធ្មត់គ្រប់យ៉ាង ហើយទ្រង់គឺតែងតែគោរពនិងដើរតាមលំអាននេះ ហើយនៅក្នុងការបំពេញការងារប្រសិនបើយើងអាចបំពេញការងារដោយស្មារតីបែបនេះ នោះយើងនឹងរកឃើញខ្លួនយើងពិតប្រាកដ អំណោយទានក៏ដូចជាទេពកោសល្យនៃការងាររបស់យើងដ៏ច្បាស់លាស់៕

Daily Program

Livesteam thumbnail