សម្តេចប៉ាបយាងទទួលជួបជាមួយប្រធានាធិបតីកោះស៊ីសែល
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងទទួល លោក វ៉ាវែល រ៉ាំកាឡាវ៉ាន់ ( Wavel Ramkalawan) ប្រធានា ធិបតីកោះស៊ីសែលនៅនៅបុរីវ៉ាទីកង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ការិយាល័យព័ត៌មានសន្តអាសនៈបានរាយការណ៍ថា ជំនួបនេះបានរៀបចំឡើងនៅវិសាលវិហារផ្លូវការនៅវ៉ាទីកង់ ហើយក្រោយពេលដែលលោក វ៉ាវែល រ៉ាំកាឡាវ៉ាន់ បានចូលគាត់សម្តេចប៉ាប និងពិភាក្សារួចមក លោកក៏បានបន្តជួបជាមួយនឹង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ និងលោក អគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋ និងអង្គការអន្តរជាតិ។
ក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាល ដែលបានធ្វើឡើងនៅវ៉ាទីកង់ភាគីទាំងពីរបានសំដែងនូវ ការកោតសរសើរយ៉ាងកក់ក្តៅចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងសន្តអសនៈនិងសាធារណៈរដ្ឋ ស៊ីសែល ក៏ដូចជាការរួមចំណែករបស់ព្រះសហគមន៍កាតូលិកក្នុងកិច្ចការបម្រើសង្គម ជាពិសេស នៅក្នុងវិស័យសុខុមាលភាព និងការអប់រំ។
នៅក្នុងជំនួបនោះ ភាគីតាំងពីរក៏បានធ្វើ ការផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសង្គម-នយោបាយរបស់ប្រទេស ដោយផ្តោតជាពិសេសលើប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងការការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាស្ថានភាពអន្តរជាតិផងដែរ៕