សង្គ្រាមក្រោមទឹកឈានដល់យុគថ្មី ៖ គ្រាប់តូពីដូអាម៉េរិក-អូស្ត្រាលី បាញ់ចេញពីនាវាមុជទឹកស្វ័យប្រវត្តិ អង់គ្លេស
សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បានបើកទំព័រថ្មីមួយក្នុងបច្ចេកវិទ្យា សង្គ្រាម ក្រោមទឹក បន្ទាប់ពីបានសាកល្បងបាញ់គ្រាប់តូពីដូធុនធ្ងន់ចេញពីនាវាមុជទឹកគ្មាននាវិកជាលើកដំបូង។
រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃទី២១ ខែកញ្ញា ថា ការបាញ់សាកល្បងនេះបានធ្វើ ឡើងកាលពីសប្តាហ៍មុន នៅក្នុងដែនទឹកអង់គ្លេស ក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពការពារជាតិ អូគូស (AUKUS) ដែលរួមមានប្រទេស អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាម៉េរិកជាសមាជិក។
នេះជាលើកដំបូងដែលតូពីដូត្រូវបានបាញ់ចេញពីយានជំនិះក្រោមទឹកដែលគ្មាននាវិក ជំនួសឱ្យនាវាមុជទឹកដែលមានមនុស្សបើក។ ទីក្រុងឡុងដ៍ចាត់ទុកការសាកល្បងនេះថា ជា «ជំហានដ៏សំខាន់» សម្រាប់អនាគតបច្ចេកវិទ្យានាវាមុជទឹករបស់ប្រទេសទាំងបី និងជាការរីកចម្រើនដ៏សំខាន់សម្រាប់សន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក ព្រមទាំងសមត្ថភាពរបស់អង្គការណាតូនៅក្រោមផ្ទៃសមុទ្រផង។
តូពីដូធុនធ្ងន់ ចេញពីយានក្រោមទឹកគ្មាននាវិក អ៊ិកកាលីបៀ (Excalibur)
អាវុធដែលត្រូវបានប្រើក្នុងការសាកល្បងនេះ គឺជាតូពីដូធុនធ្ងន់ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយអូស្ត្រាលី និងសហរដ្ឋអាម៉េរិក ហើយត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារនាវាចម្បាំង ឬនាវាមុជទឹកសត្រូវ នៅក្នុងជម្រៅទឹកជ្រៅ។
តូពីដូនេះត្រូវបានបាញ់ចេញពីយានជំនិះក្រោមទឹកគ្មានមនុស្សបើកបរ ដែលមានឈ្មោះអ៊ិកកាលីបៀ (Excalibur)។ យាននេះមានប្រវែងប្រមាណ ១២ម៉ែត្រ និងត្រូវបានផលិតនៅចក្រភពអង់គ្លេស។
កងទ័ពជើងទឹកអង់គ្លេសបានបង្ហាញ អ៊ិកកាលីបៀ (Excalibur) ថាជានាវាមុជទឹកពិសោធន៍គ្មាននាវិកដំបូងរបស់ខ្លួនកាលពីឆ្នាំ២០២៥។ វាមានទម្ងន់ផ្លាស់ទីប្រមាណ ១៩តោន និងជាយានក្រោមទឹកគ្មានមនុស្សបើកដ៏ធំបំផុតដែលកងទ័ពជើងទឹកអង់គ្លេសធ្លាប់សាកល្បង។
ពីការឃ្លាំមើល ទៅដល់ការប្រើអាវុធពិឃាត
អ្នកជំនាញមើលឃើញថា អ្វីដែលធ្វើឱ្យការសាកល្បងលើកនេះមានសារៈសំខាន់ មិនមែនគ្រាន់តែជាការប្រើយានគ្មាននាវិកនៅក្រោមទឹកនោះទេ ប៉ុន្តែវាជាការបង្ហាញថា ប្រព័ន្ធស្វ័យប្រវត្តិអាចចូលរួមក្នុងបេសកកម្មយោធាដែលមានការប្រើប្រាស់អាវុធពិឃាតពិតប្រាកដ។
លោកស៊ីដហាក កូស្ហ៉ល អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវរូស៊ី (RUSI) នៃចក្រភពអង់គ្លេស ដែលមានឯកទេសខាងការពារជាតិ បានចាត់ទុកការសាកល្បងនេះថា ជារឿងគួរឱ្យកត់សម្គាល់។ លោកបានលើកឡើងថា ការប្រើប្រាស់បន្ទុកអាវុធដែលអាចកម្ទេចសម្លាប់បាន បង្ហាញថា ប្រព័ន្ធគ្មាននាវិកអាចធ្វើតួនាទីឡើងលើសពីការដោយគ្រាន់តែឃ្លាំមើល ឬការប្រើការដើម្បីស៊ើបយកការណ៍ នោះ។
ទាំងនេះគឺការវិវត្តឡើង ខណៈប្រទេសលោកខាងលិចកំពុងខិតខំពន្លឿនការធ្វើទំនើបកម្មសមត្ថភាពយោធា និងបង្កើនការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខពីសំណាក់ប្រទេសដែលពាក់ព័ន្ធ មានរុស្ស៊ី និងអ៊ីរ៉ង់ ជាដើម។
អង់គ្លេសពង្រឹងកិច្ចសហប្រតិបត្តិការបញ្ញាញាណសប្បនិមិត្ត អេអាយ (AI)
ការប្រកាសអំពីការសាកល្បងតូពីដូនេះ កើតឡើងស្របពេលនាយករដ្ឋមន្ត្រីអង់គ្លេស លោកអេនឌី ប៊ឺនហាម កំពុងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែជិតស្និទ្ធលើបច្ចេកវិជ្ជា អេអាយ (AI)។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសព្រមទាំងអំពាវនាវឱ្យមានសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែងនៅអ៊ុយក្រែន និងធ្វើកិច្ចខិតខំប្រឹងប្រែងថ្មីៗ ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។
