គ្រីស្តបរិស័ទវៀតណាមប្រើប្រាស់ភាពច្នៃប្រឌិតបែបឌីជីថល ដើម្បីគាំទ្រដល់ការងារទំនាក់ទំនងរបស់ព្រះសហគមន៍
ក្រុមអ្នកបង្កើតស្នាដៃច្នៃប្រឌិតកាតូលិកមួយក្រុម ដែលបង្កើតឡើងដោយយុវជនកាតូលិកវៀតណាម បានចំណាយពេលជាងមួយទសវត្សរ៍មកហើយ ក្នុងការប្រើប្រាស់ការរចនាក្រាហ្វិក ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការងារទំនាក់ទំនងរបស់ព្រះសហគមន៍ និងទាក់ទាញយុវជនតាមរយៈបណ្ដាញឌីជីថល។
ក្រុមការងារនេះមានឈ្មោះថា «Catholic Design» ដោយក្រុមការងារនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ ក្នុងទីក្រុងហូជីមិញ ភាគខាងត្បូងប្រទេសវៀតណាម នៅពេលដែលអ្នករចនាក្រាហ្វិកវ័យក្មេងម្នាក់ចង់ប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីបម្រើព្រះសហគមន៍។ ដោយទទួលបានការបំផុសគំនិតពីពាក្យសម្ដីរបស់លោកសន្តប៉ូល (St. Paul) ដែលថា «សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទជំរុញចិត្តយើង» គំនិតផ្ដួចផ្ដើមនេះបានរីកចម្រើនទៅជាក្រុមការងារចម្រុះជំនាញ ដែលមានសមាជិកជិត ៥០ នាក់។
ក្រុមនេះធ្វើការលើវិស័យសំខាន់ៗចំនួន ៤ គឺ៖ ខ្លឹមសារ ការរចនា ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ សមាជិករបស់ក្រុមបានផលិតអត្ថបទ និងឯកសារអប់រំ បង្កើតអត្តសញ្ញាណរូបភាព និងឯកសារបោះពុម្ព ថតរូប និងវីដេអូ ព្រមទាំងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់គម្រោងឌីជីថលនានា។
ការងារភាគច្រើនរបស់ក្រុមនេះ ពាក់ព័ន្ធនឹងការគាំទ្រជាក់ស្ដែងដល់សហគមន៍កាតូលិក។ Catholic Design បានផលិតស្លាយបង្ហាញសម្រាប់ពិធីអភិបូជា រូបភាពក្រាហ្វិកអំពីព្រះគម្ពីរ ឡូហ្គោ (Logo) និងឯកសារផ្សព្វផ្សាយសម្រាប់សកម្មភាពយុវជន និងគ្រួសារ គំនិតផ្ដួចផ្ដើមផ្នែកទំនាក់ទំនងសង្គម ព្រមទាំងព្រឹត្តិការណ៍នានារបស់ក្រុមប្រឹក្សាអភិបាលកាតូលិកវៀតណាម។
គម្រោងរបស់ក្រុមការងារនេះ ក៏រួមបញ្ចូលផងដែរនូវធនធានដែលបង្កើតឡើង ដើម្បីធ្វើឱ្យការបង្រៀនរបស់ព្រះសហគមន៍កាតូលិកងាយស្រួលយល់សម្រាប់ទស្សនិកជនវ័យក្មេង។ ក្រុមនេះបានបង្កើតរូបភាពព័ត៌មាន (Infographics) អំពីជំនឿ និងជីវិតរបស់ពួកបរិសុទ្ធ ប្រតិទិនកាតូលិក និងឯកសារបោះពុម្ពដែលគ្របដណ្ដប់លើប្រធានបទមួយចំនួន ដូចជា ព្រះវិហារកាតូលិកនៅវៀតណាម ទីកន្លែងធម្មយាត្រាឧទ្ទិសដល់ព្រះនាងម៉ារី និងឯកសារស្ដីពី «អំណរនៃសេចក្ដីស្រឡាញ់» ជាដើម។
