លោកវ្លាឌីមៀ ពូទីន ស្តេចត្យារសង្រ្គាមកំពុងស្វែងរកភាពល្បីល្បាញជាលក្ខណៈអន្តរជាតិ
ការឈ្លានពានអ៊ុយក្រែន ការបង្រ្កាបនៅរុស្ស៊ី ប្រឈមមុខនឹងលោកខាងលិច ៖ នេះគឺជាប្រមុខសង្រ្គាមផ្តាច់ការ គឺលោកពូទីនដែលបានកាន់អំណាចតាំងពី២៥ឆ្នាំ មកហើយ ហើយកំពុងនឹងបន្តកាន់អំណាច ៦ឆ្នាំ បន្ថែមទៀតនៅវិមានក្រឹមឡាំង។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រុស្ស៊ី រីយ៉ា ណូវ៉ូស្គី បានឲ្យដឹងថា មេដឹកនាំរុស្ស៊ីបាននាំមុខយ៉ាងខ្លាំងក្លាក្នុងការបោះឆ្នោត ដោយទទួលបានសម្លេងឆ្នោតរហូតដល់៨៧% បន្ទាប់ពីការរាប់សន្លឹកឆ្នោតបានប្រមាណ ៩៩% នៃការិយាល័យបោះឆ្នោត។ នេះគឺជាការបោះឆ្នោត កៀបសង្កត់លើបក្សប្រឆាំង។
លោកវ្ល៉ាឌីមៀ ពូទីន ដែលបានកែសម្រួលកាលពីឆ្នាំ២០២០ នូវរដ្ឋធម្មនុញ្ញដើម្បីអាចស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០៣៦ បានគ្រប់គ្រងរុស្ស៊ី ៤ អណត្តិមកហើយ (ពីរអណត្តិ គឺអណត្តិ ៤ឆ្នាំ និង ២អណត្តិទៀត គឺអណត្តិ ៦ឆ្នាំ។
លោកវ្ល៉ាឌីមៀ ពូទីន បានមកកាន់អំណាចនៅវិមានក្រឹមឡាំង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩។ ជាច្រើនឆ្នាំមកហើយ ការកាន់អំណាចរបស់លោកពូទីន ដែលមានប្រភពពីភ្នាក់ងារចារកម្មសូវៀត បង្ហាញលក្ខណៈពីរនៅក្នុងរបបរបស់លោក។ ទីមួយ ការរឹតបន្តឹងជាទៀងទាត់ និងតាមដានគ្រប់ជំហានរបស់មហាសេដ្ឋី និងទីពីរ គឺការធ្វើសង្រ្គាមជាមួយឆេឆិនី ការសង្កត់សង្កិនលើសេរីភាពសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ និងបក្សប្រឆាំង។
អ្នកប្រឆាំងដ៏ល្បីល្បាញបំផុតរបស់លោកពូទីន គឺលោក អាឡិចស៊ីអ៊ី ណាវ៉ាល់នី បានស្លាប់កាលពីពាក់កណ្តាលខែកុម្ភៈនៅក្នុងកាលៈទេសៈវិបត្តិនៅក្នុងគុកនៅតំបន់អាកទិចរបស់រុស្ស៊ី ដែលលោកបានទទួលរងទារណកម្មក្នុងរយៈពេលដ៏យូរ។
នៅអាយុ ៧១ឆ្នាំ លោកវ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាកាន់អំណាចបានរឹងម៉ាំដែលមិនធ្លាប់មាន។ ប្រមុខវិមានក្រឹមឡាំង បានចូលប្រឡូកនៅក្នុងសង្រ្គាមអ៊ុយក្រែន និងទាហានរបស់លោកបានទទួលរងការបរាជ័យយ៉ាងអាម៉ាស តែលោកនៅតស៊ូ ដោយរំពឹងស្តារជ័យជម្នះដោយធ្វើឲ្យនឿយហត់ដល់អ្នកគាំទ្រអ៊ុយក្រែន គឺលោកខាងលិច និងប្រជាជនអ៊ុយក្រែនដែលនឿយណាយនឹងសង្រ្គាម។
២ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមការវាយប្រហារ លោកវ្លាឌីមៀ ពូទីន មើលឃើញអំពីហេតុផលជឿលើរឿងនេះ។ កងទ័ពរបស់លោកបានវាយប្រហារ ហើយពួកគេដណ្តើមបានទីក្រុងបន្ទាយ អាវឌីអ៊ីកា និងរុញច្រានការប្រឈមមុខរបស់កងទ័ពអ៊ុយក្រែនដែលកំពុងខ្វះគ្រាប់រំសេវ និងមនុស្ស។ នៅដំណាច់ខែកុម្ភៈ នៅអំឡុងសេចក្តីថ្លែងសន្ទរកថា ប្រចាំឆ្នាំសម្រាប់ប្រជាជាតិ ប្រធានាធិបតីរុស្ស៊ី បានវាយតម្លៃថា កងទ័ពរបស់លោកនឹងមិនដកថយពីអ៊ុយក្រែនទេ។
សម្រាប់រុស្ស៊ី នេះគឺជាបញ្ហាស្លាប់ ឬរស់។ ហើយនៅសប្តាហ៍នេះ លោកបានវាយតម្លៃថា វាមានសារសំខាន់ណាស់ ដែលអ្នកបោះឆ្នោតរុស្ស៊ីបោះឆ្នោតរួបរួមគ្នាដើម្បីស្ថិតនៅលើផ្លូវដែលគូសវាសរួចហើយ។
ចាប់តាំងពីលោកបានធ្វើការវាយប្រហារ លោកបានចោទប្រកាន់អ៊ុយក្រែនថា ជារបបណាហ្ស៊ី ទាមទារដីអ៊ុយក្រែន ហើយបង្ហាញថា ជម្លោះនេះគឺដូចជាសង្រ្គាមដែលផ្តល់សិទ្ធឃុបខិតពីអាម៉េរិក។
រាល់ការប្រឆាំងនឹងការឈ្លានពានត្រូវចាប់ដាក់គុក។ ជនជាតិរុស្ស៊ីរាប់ពាន់នាក់ បានទទួលរងការធ្វើទុកបុកម្និញ តាមដាន ចាប់ដាក់គុក និងនិរទេសទៅបរទេស។
មិនថា មានទណ្ឌកម្មពីលោកខាងលិចប៉ុណ្ណា មិនថា តុលាការព្រហ្មទណ្ឌអន្តរជាតិតាមចាប់លោកវ្លាឌីមៀ ពូទីន សម្រាប់រឿងជម្លៀសដោយបង្ខំនូវកុមារអ៊ុយក្រែន និងមិនថា កងទ័ពខូចខាតប៉ុណ្ណា? ប្រធានាធិបតីរុស្ស៊ីត្រូវបានទទួលបេសកកម្មមួយ គឺបញ្ចប់អនុត្តរភាពរបស់លោកខាងលិច។ កាលពីខែតុលា ឆ្នាំមុន លោកបានប្រកាសថា លោកមានការងារដើម្បីស្ថាបនាពិភពលោកថ្មី។