លោកបូជាចារ្យ Camillian វៀតណាម មើលថែទាំកុមាររស់នៅជាមួយមេរោគអេដស៍ និងចាត់ទុកការប្រាស្រ័យទាក់ទងជាសក្ខីភាពអំពីជីវិត

ក្នុងដំណើរជីវិត និងបេសកកម្មដ៏មានអត្ថន័យរបស់លោកបូជាចារ្យចន តូអាយ (John Toai) សញ្ជាតិវៀតណាម មកពីក្រុមបូជាចារ្យ Camillian ដែលបានឧទ្ទិសខ្លួនថែទាំកុមារដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍
លោកបូជាចារ្យ Camillian និងជាបេសកជនឌីជីថលវៀតណាម គឺលោកបូជាចារ្យ John Toai បានសង្កត់ធ្ងន់ថា ការប្រាស្រ័យទាក់ទងចាប់ផ្តើមពីការជួបប្រទាក់ជាក់ស្តែង និងការលះបង់ខ្លួនឯងជូនដល់អ្នកដទៃ ជាជាងការស្វែងរកអ្នកតាមដាន។

ក្នុង​ដំណើរជីវិត និងបេសកកម្មដ៏មានអត្ថន័យរបស់លោកបូជាចារ្យចន តូអាយ (John Toai) សញ្ជាតិវៀតណាម មកពីក្រុមបូជាចារ្យ Camillian ដែលបានឧទ្ទិសខ្លួនថែទាំកុមារដែល​រស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយ​ទស្សនៈរបស់លោកពាក់ព័ន្ធនឹងរបៀបទំនាក់ទំនង និងការផ្សព្វផ្សាយក្នុងសម័យកាលឌីជីថល។

លោកបូជាចារ្យ John បានចាប់ផ្តើមបទពិសោធន៍ថែទាំអ្នកជំងឺអេដស៍ដំបូងតាំងពីអំឡុងពេលដែលលោកបានសិក្សា និងធ្វើការនៅប្រទេសឥណ្ឌា ថៃ និងវៀតណាម។ លោកបានឃើញផ្ទាល់ភ្នែកពីការរើសអើង និងសង្គម​បោះបង់ចោលពួកគេ។ លុះដល់ឆ្នាំ ២០០៣ ក្រោយពេលត្រឡប់មកប្រទេសវៀតណាមវិញ តាមរយៈការអញ្ជើញរបស់ក្រុម​បូជាចារ្យភូមិភាគទីក្រុងហូជីមិញ លោកបានចាប់ផ្តើមបង្កើតជម្រកតូចមួយសម្រាប់កុមារកំព្រា៥ ឬ ៦ នាក់ ដែលឪពុកម្តាយបានស្លាប់ដោយសារជំងឺអេដស៍។

ទីបំផុត ជម្រកនេះបានរីកចម្រើនក្លាយជាមជ្ឈមណ្ឌល «House of Hope» ក្នុងទីក្រុងហូជីមិញ ដែលបច្ចុប្បន្នអាចផ្តល់ការថែទាំដល់កុមារប្រមាណ ១០០នាក់ (ក្នុងនោះមានកុមាររស់នៅជាមួយមេរោគអេដស៍ប្រមាណ ៨០នាក់ និងកុមារគ្មានមេរោគអេដស៍ប្រមាណ ២០នាក់ ប៉ុន្តែត្រូវបានគេបោះបង់ចោល) ដោយផ្តល់ជូននូវអាហារ ស្នាក់នៅ ការអប់រំ និងថ្នាំសង្កូវដោយឥតគិតថ្លៃ។ កុមារខ្លះដែលធំធាត់ឡើងពីទីនេះ ឥឡូវបានក្លាយជាមនុស្សពេញវ័យ សិក្សានៅសាកលវិទ្យាល័យ និងមានគ្រួសាររៀងខ្លួន។

ក្រៅពីការថែទាំផ្ទាល់ លោកបូជាចារ្យ John ក៏បានចូលរួមក្នុងការតស៊ូមតិជាមួយអង្គការអន្តរជាតិដូចជា Caritas Internationalis និងស្ថាប័នពាក់ព័ន្ធនឹងវ៉ាទីកង់ ដើម្បីធានាឱ្យកុមាររស់នៅជាមួយមេរោគអេដស៍នៅតាមប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានថ្នាំសង្កូវសមស្រប។

ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ លោកត្រូវបានអញ្ជើញឱ្យចូលរួមចែករំលែកគំនិត អធិប្បាយ និងការឆ្លើយតបនឹងសំណួរអំពីជំនឿតាមប្រព័ន្ធអនឡាញរបស់ភូមិភាគ ដែលធ្វើឱ្យវត្តមានឌីជីថលរបស់លោកត្រូវបានស្គាល់កាន់តែទូលំទូលាយ។ ទោះជាយ៉ាងណា លោកតែងតែធ្វើការងារនេះក្នុងនាមជាក្រុមរបស់ភូមិភាគ ដោយមិនផ្តោតលើការស្វែងរកអ្នកតាមដាន (Followers) ផ្ទាល់ខ្លួនឡើយ។

លោកបូជាចារ្យចន មានទស្សនៈយ៉ាងមុតមាំថា ការប្រាស្រ័យទាក់ទងពិតប្រាកដមិនមែនចាប់ផ្តើមពីការចង់បានការចាប់អារម្មណ៍ ឬអ្នកតាមដាននោះទេ ប៉ុន្តែវាត្រូវផ្តើមចេញពីការជួបប្រទាក់ជាក់ស្តែង ការលះបង់ និងការបម្រើ។ លោកបានព្រមានថា នៅក្នុងសម័យកាលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយបង្កើតមាតិកាបានយ៉ាងងាយស្រួល ពិភពលោកអាចនឹងក្លាយជាកន្លែងដែល «ទទេស្អាត» ប្រសិនបើអ្នកបង្កើតខ្លឹមសារគ្រាន់តែចម្លង និងបោះពុម្ពផ្សាយដោយគ្មានបទពិសោធន៍ជីវិតពិត។ សម្រាប់លោក សារដ៏មានតម្លៃ និងគួរឱ្យទុកចិត្តបាន គឺទាល់តែវាចេញពីបទពិសោធន៍រស់នៅផ្ទាល់ និងការជួបប្រទាក់ជាមួយការពិតរបស់អ្នកនាំសារនោះឯង៕

khmer popup image