លោកដូណាល់ ត្រាំ ព្រមានថា អ៊ីរ៉ង់នឹងមិនសល់អ្វីទាំងអស់ ប្រសិនបើទីក្រុង តេអេរ៉ង់ មិនទទួលយកកិច្ចព្រមព្រៀង
កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា លោកដូណាល់ ត្រាំ បានព្រមានដោយសរសេរនៅលើបណ្តាញសង្គម ទ្រូត្ហ៍ សូស្យល (Truth Social) របស់លោកថា អ៊ីរ៉ង់នឹងមិនសល់អ្វីឡើយ ប្រសិនបើទីក្រុងតេអេរ៉ង់មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក នៅ ខណៈដែលកិច្ចចរចារវាងប្រទេសទាំងពីរជួបឧបសគ្គ ទៅមិនរលូន។
ប្រធានាធិបតីអាម៉េរិក បានព្រមានថា ៖ “សម្រាប់អ៊ីរ៉ង់ ពេលវេលាមិនរង់ចាំទេ។ ពួកគេយកល្អត្រូវតែប្រតិកម្មឲ្យបានរហ័ស ប្រសិនបើមិនដូច្នេះទេ ពួកគេនឹងមិនមាននៅសល់អ្វីទេ។
កាលពីថ្ងៃអាទិត្យដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានផ្តល់នូវការធ្វើសម្បទានណាមួយជាក់ស្តែងទេ នៅក្នុងការឆ្លើយតបរបស់ពួកគេ ចំពោះសំណើអ៊ីរ៉ង់ មានជាអាទិ៍លើសំណុំរឿងនុយក្លេអ៊ែរ ដែលជាប្រធានបទខ្វែងគំនិតគ្នាដ៏ធំរវាងប្រទេសទាំង ពីរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាជ្ញាធរអ៊ីរ៉ង់ (Fars) បានរៀបរាប់ឲ្យដឹងថា សហរដ្ឋអាម៉េរិក បានបង្ហាញនូវបញ្ជីនៃការទាមទារ ៥ចំនុច មានជាអាទិ៍ អ៊ីរ៉ង់មិនត្រូវមានមជ្ឈមណ្ឌល នុយក្លេអ៊ែរណាមួយដែលធ្វើសកម្មភាព និងត្រូវផ្ទេរស្តុកអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់កម្រិត ខ្ពស់របស់ខ្លួនមកឲ្យទីក្រុងវ៉ាស៊ីនតុន។
វិលមកកាន់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអាទិត្យ ការិយាល័យនៃប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលតំបន់ អាប៊ូ ដាប៊ី បានប្រកាសថា អគ្គីភ័យមួយបានឆាបឆេះបន្ទាប់ពីមានការវាយ ប្រហារដោយដ្រូននៅជិតរោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅប្រទេសអារ៉ាបរួម អេមីរ៉េត ប៉ុន្តែមិនមានបង្កឲ្យមានរបួស ឬការកើនឡើងនូវជាតិវិទ្យុសកម្មទេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះ បានបញ្ជាក់ថា អាជ្ញាធរ អាប៊ូ ដាប៊ី បានធ្វើអន្តរាគមន៍ពន្លត់អគ្គីភ័យដែលកើតមានឡើងនៅក្នុងម៉ាស៊ីនភ្លើងមួយដែលស្ថិតនៅខាងក្រៅពីតំបន់ខាងក្នុងនៃរោងចក្រនុយក្លេអ៊ែរ បារ៉ាកា បន្ទាប់ពីមានការវាយប្រហារដោយដ្រូនមួយ។
បើយោងតាមប្រភពដដែល បានឲ្យដឹងថា មិនមានអ្នករបួសណាមួយត្រូវបានរាយការណ៍ទេ ហើយក៏គ្មានការប៉ះទង្គិចលើកម្រិតនៃសុវត្ថិភាពសារជាតិវិទ្យុសកម្មត្រូវបានសន្និដ្ឋានរកឃើញដែរ។
ប្រទេសអារ៉ាបរួម អេមីរ៉េត បានបរិហារលើការវាយប្រហារដោយដ្រូនដែលបានបង្កឲ្យមានអគ្គីភ័យជិតតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅភាគខាងលិចនៃប្រទេស ដោយមិន បានបញ្ជាក់ថា នរណាជាអ្នកវាយប្រហារនោះទេ។
ក្រសួងការបរទេសនៃប្រទេសអារ៉ាបរួម អេមីរ៉េត បានវាយតម្លៃថា រឿងនេះបង្កជាការផ្ទុះឡើង នូវភាពតានតឹងដ៏គ្រោះថ្នាក់ ជាទង្វើរំលោភបំពានមិនអាចទទួលយកបាន និងជាការគំរាមកំហែង ផ្ទាល់សម្រាប់សន្តិសុខរបស់ប្រទេស។ ក្រសួងបញ្ជាក់ដែរថា មិនមានការគំរាមកំហែងលើសន្តិសុខ និងអធិបតេយ្យភាពណាមួយ នឹងត្រូវអត់ឱនឡើយ មិនថានៅកាលៈទេសៈណាក៏ដោយ។
នៅក្នុងសារមួយដែលដាក់លើបណ្តាញសង្គមអ៊ិក X អគ្គនាយកនៃទីភ្នាក់ងារអន្តរជាតិសម្រាប់ ថាមពលអាតូមិក លោករ៉ាហ្វ៉ាអែល ហ្គ្រូស៊ី បានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ បន្ទាប់ពីមានការវាយប្រហារដោយដ្រូននៅជិតរោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅប្រទេសអារ៉ាបរួម អេមីរ៉េត។
ប្រធាននៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់សន្តិសុខនុយក្លេអ៊ែរ បានបន្ថែមថា ៖ “រាល់សកម្មភាពយោធាដែលគំរាមដល់សុវត្ថិភាពនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទេ”។ លោកបាននិយាយថា បានទទួលព័ត៌មានពីប្រទេសអារ៉ាបរួម ថា កម្រិតនៃជាតិវិទ្យុសកម្មនៅរោងចក្រនុយក្លេអ៊ែរបារ៉ាកា ស្ថិតនៅធម្មតាទេ។