វេទិកាកាតូលិកឥណ្ឌូនេស៊ីអំពាវនាវឱ្យមានកិច្ចសន្ទនាអន្តរជំនឿដើម្បីដោះស្រាយវិបត្តិសីលធម៌ជាតិ
វេទិកាព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ១០០នាក់ នៅទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ ក្នុងកិច្ចពិភាក្សាកម្រិតជាតិមួយ ដែលអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនាអន្តរជំនឿដើម្បីដោះស្រាយបញ្ហាសីលធម៌ និងសាមគ្គីភាពនៅក្នុងសង្គម នៅចំពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានាផ្នែកនយោបាយ សេដ្ឋកិច្ច និងបរិស្ថាន។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទរបស់ស្ថាប័នអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា។ លោកកាឌីណាល់ អ៊ីញ៉ាទ្យូសូហាយ៉ូ (Ignatius Suharyo) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគហ្សាការតា បានថ្លែងសុន្ទរកថាគន្លឹះ ដោយរំលឹកឡើងវិញអំពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំកាតូលិកជំនាន់មុនៗ ក្នុងបុព្វហេតុឯករាជ្យភាព និងជីវិតជាតិរបស់ឥណ្ឌូនេស៊ី។
លោកកាឌីណាល់បានមានប្រសាសន៍ថា៖ «ក្តីស្រឡាញ់ដែលបានបង្ហាញដោយថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកជំនាន់មុនៗ បានក្លាយជាកេរដំណែលដ៏មានតម្លៃសម្រាប់គ្រិស្តបរិស័ទនៅឥណ្ឌូនេស៊ី ដែលត្រូវបន្តថែរក្សាដោយមនុស្សជំនាន់បច្ចុប្បន្ន»។
ដោយឡែក លោកបូជាចារ្យ យូហាណេស គួរនៀនតូ ជេហារូត (Yohanes Kurnianto Jeharut) លេខាធិការប្រតិបត្តិនៃគណៈកម្មការសម្រាប់សកម្មភាពគ្រិស្តបរិស័ទនៃសហភាពអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី បានបង្ហាញពីឯកសារណែនាំផ្នែកអប់រំជំនឿសម្រាប់ឆ្នាំ២០២៦ ដែលអំពាវនាវឱ្យព្រះសហគមន៍ពង្រឹងសាមគ្គីភាពមនុស្សជាតិ និងលើកកម្ពស់សីលធម៌សង្គមនៅក្នុងជីវិតសាធារណៈ។
លោកបានរៀបរាប់ពីបញ្ហាប្រឈមនានាដែលប្រទេសនេះកំពុងជួបប្រទះ រួមមាន វិបត្តិភាពជាអ្នកដឹកនាំ និងលទ្ធិប្រជាធិបតេយ្យ វិសមភាពសេដ្ឋកិច្ច ការធ្លាក់ចុះនៃគុណភាពបរិស្ថាន ការបែកបាក់ក្នុងសង្គម និងសម្ពាធនៃយុគសម័យឌីជីថល។ល។
