លោកអភិបាលម្នាក់ថា មានតែព្រះយេស៊ូប៉ុណ្ណោះដែលអាចរំដោះយើងឱ្យមានសេរីភាពខាងវិញ្ញាណបាន

នៅថ្ងៃទី២៦ ខែតុលា ក្នុងឱកាសដឹកនាំពិធីថ្វាយអភិបូជា នៅឯព្រះវិហារមួយដែលមានទីតាំងក្នុងទីស្នាក់ការកណ្តាលនៃវិទ្យុវ៉ារីតាសអាស៊ី លោកអភិបាល រីឆាត ង (Richard Ng) នៃព្រះសហគមន៍កាតូលិកភូមិភាគមីរី (Miri) ប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា មានតែព្រះយេស៊ូប៉ុណ្ណោះ ដែលអាចរំដោះមនុស្សចេញពីបន្ទុកនៃអំពើបាប ការអាក់អន់ចិត្ត ការភ័យខ្លាច និងការស្អប់ខ្ពើមបាន។

នៅក្នុងធម្មទេសនានោះ លោកអភិបាលបានលើកយកអត្ថបទដំណឹងល្អមកពិចារណា ដោយពន្យល់ថា ព្រះយេស៊ូប្រទានទាំងសេរីភាពខាងវិញ្ញាណ និងការប្រោសឱ្យជា ដល់អស់អ្នកដែលកំពុងរងទុក្ខលំបាកក្នុងជីវិត។

លោកអភិបាលបានមានប្រសាសន៍ថា នៅពេលដែលព្រះយេស៊ូរំដោះវិញ្ញាណឱ្យមានសេរីភាព ទ្រង់ក៏បានរំដោះរូបកាយរបស់យើងឱ្យមានសេរីភាពផងដែរ។ លោកបានលើកឡើងចំណុចនេះ ដោយយោងទៅលើហេតុការណ៍នៅក្នុងដំណឹងល្អ ដែលនិយាយអំពីកិច្ចការរបស់ព្រះយេស៊ូក្នុងការប្រោសអ្នកជំងឺឱ្យជា។

លោកបានពន្យល់ថា នៅក្នុងគំនិតរបស់ជនជាតិយូដា ជំងឺតែងតែត្រូវបានផ្សារភ្ជាប់ទៅនឹងអំពើបាប ដូច្នេះការអត់ទោសចំពោះអំពើបាប ត្រូវបានគេយល់ថាជាការនាំមកនូវការប្រោសឱ្យជាដល់មនុស្សទាំងមូល។

លោកអភិបាលបានមានប្រសាសន៍ថា សព្វថ្ងៃនេះ ព្រះយេស៊ូនៅតែបន្តប្រទានសេរីភាពដល់មនុស្សគ្រប់គ្នា មិនត្រឹមតែរំដោះចេញពីបន្ទុកខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំដោះចេញពីការតស៊ូផ្លូវចិត្ត ដែលអាចរារាំងមនុស្សមិនឱ្យរីកចម្រើនទៅមុខបាន។

លោកបានមានប្រសាសន៍ថា ព្រះយេស៊ូចង់រំដោះយើងឱ្យរួចផុតពីបន្ទុកទាំងអស់ រួចផុតពីសម្ពាធក្នុងជីវិត រួចផុតពីការមិនអត់ទោស ឬការអាក់អន់ចិត្តដែលយើងបានរក្សាទុកក្នុងចិត្ត រួមទាំងការចងគំនុំដែលអាចធ្វើឱ្យយើងខ្វិនដោយសារការភ័យខ្លាច។

លោកក៏បានផ្សារភ្ជាប់សារនេះ ទៅនឹងអត្តសញ្ញាណគ្រិស្តបរិស័ទក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ ដោយសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ប្រាថ្នាចង់ឱ្យមនុស្សគ្រប់គ្នាទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះយេស៊ូ។ លោកបានមានប្រសាសន៍ថា «ព្រះជាម្ចាស់យាងមកដើម្បីសង្គ្រោះមនុស្សគ្រប់គ្នា តាមរយៈព្រះយេស៊ូ»។

Daily Program

Livesteam thumbnail
khmer popup image