រុស្ស៊ីប្រកាសអំពីការធ្វើសមយុទ្ធនុយក្លេអ៊ែរជិតអ៊ុយក្រែន និងគំរាមដាក់គោលដៅវាយប្រហារអង់គ្លេស
ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី៦ ខែឧសភា អំពីការរៀបចំសមយុទ្ធនុយក្លេអ៊ែរនៅជិតអ៊ុយក្រែន និងបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនអាចនឹងវាយប្រហារគោលដៅយោធាអង់គ្លេស នៅអ៊ុយក្រែន និងឆ្ងាយពីនេះ និងនិយាយថា នេះជាប្រតិកម្មតបនឹងសេចក្តីប្រកាសសង្រ្គាមរបស់មេដឹកនាំលោកខាងលិច។
ការគំរាមកំហែងទាំងនេះរបស់ទីក្រុងមូស្គូ កើតមានឡើងមុនមួយថ្ងៃនៃកម្មវិធីតែងតាំងលោកវ្លាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង ដែលនឹងចាប់ផ្តើមជាផ្លូវការនូវអណត្តិទី៥ របស់លោក និង ៣ថ្ងៃ មុនការប្រារព្វពិធីបុណ្យ ៩ឧសភា នៅលើជ័យជម្នះរបស់សហភាពសូវៀត ប្រឆាំងនឹងអាឡឺម៉ងណាហ្ស៊ី ដែលជាកម្មវិធីរំឭកស្មារតីជាតិនិយមរបស់វិមានក្រឹមឡាំង។
ចាប់តាំងពីការវាយប្រហារក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានគំរាមក្តៅផងត្រជាក់ផងអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ដំណើរការបានឆ្លើយតបនឹងការគំរាមកំហែងដែល ថ្លែងដោយមេដឹកនាំលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា នេះគឺជាការឆ្លើយតបនឹងបំណងបញ្ជូនទាហានចូលមកទឹកដីអ៊ុយក្រែន ដែលមានន័យថា ដាក់ទាហានណាតូប្រឈមមុខនឹងទាហានរុស្ស៊ី។ លោកបានចង្អុលទៅកាន់លោកអេម៉ានូអែល ម៉ាក្រុង ដែលត្រូវបានរិះគន់ថា បានប្រើវោហាសព្ទប្រកបដោយគ្រោះថ្នាក់ ព្រមជាមួយអ្នកតំណាងរបស់អង់គ្លេស និងអាម៉េរិកផងដែរ។
ប្រធានាធិបតីបារាំងថ្មីៗ នេះ ក៏បានរំឭកអំពីលទ្ធភាពបញ្ជូនកងកម្លាំងលោកខាងលិច មកដែនដីអ៊ុយក្រែន ប្រសិនបើទីក្រុងមូស្គូវាយបែកខ្សែការពារអ៊ុយក្រែន និងប្រសិនបើទីក្រុងគៀវស្នើសុំ។ លោកបានបង្ហាញគំនិតនេះ កាលពីខែកុម្ភៈ ដែលបង្កបានជាការគិតអវិជ្ជមាននៅក្នុងចំណោម សម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងគៀវ។
ចំណែកមន្ទីរប៉ង់តាហ្គោន បានបរិហារលើអាកប្បកិរិយារបស់ទីក្រុងមូស្គូ។ លោកប៉ាត រីឌើ អ្នកនាំពាក្យមន្ទីរប៉ងតាហ្គូន បានថ្លែងថា ៖ “នេះគឺជាឧទាហរណ៍សំនួនវោហាសព្ទបំភ្លៃការពិត គ្មានការទទួលខុសត្រូវ ដែលយើងបានឃើញពីខាងរុស្ស៊ី តាំងពីដើម។ នេះគឺមិនសមរម្យទាល់តែសោះបើគិតទៅដល់ស្ថានភាពសន្តិសុខសព្វថ្ងៃ”។ ប៉ុន្តែ លោកបានបន្ថែមថា ៖ “សហរដ្ឋអាម៉េរិកពេលនេះ មិនបានពិនិត្យឃើញការផ្លាស់ប្តូរណាមួយនៅក្នុងការតាំងទីនៃកងកម្លាំងយុទ្ធសាស្រ្តរបស់រុស្ស៊ីទេ ប៉ុន្តែនឹងបន្តតាមដាន”។
យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា សមយុទ្ធយោធារុស្ស៊ីដែលបញ្ជាដោយលោកវ្លាឌីមៀ ពូទីន រួមបញ្ចូលកងទ័ពអាកាស កងទាហានជើងទឹក និងកងកម្លាំងយុទ្ធភូមិភាគខាងត្បូង ដែលមានមូលដ្ឋាននៅជិតអ៊ុយក្រែន និងតំបន់ទឹកដីអ៊ុយក្រែនដែលទីក្រុងមូស្គូអះអាងថា ជាឧបសម្ព័ន្ធរបស់ខ្លួន។
កាលបរិច្ឆេទ និងទីកន្លែងមិនទាន់ត្រូវបានបញ្ជាក់នោះទេ ក៏ដូចជាចំនួនទាហាន និងយុទ្ធោបករណ៍ ដែលត្រូវចល័ត។ លទ្ធិនុយក្លេអ៊ែររុស្ស៊ីគ្រោងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងការការពារខ្លួនដាច់ខាត ក្នុងករណីដែលមានការវាយប្រហារលើរុស្ស៊ីជាមួយនឹងអាវុធបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬក្នុងការឈ្លានពានដោយការប្រើប្រាស់អាវុធធម្មតា និងដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់រដ្ឋផង។
ទន្ទឹមពេលគ្នានេះ ដែរ ទីក្រុងមូស្គូ បានគំរាមកំហែងដាក់គោលដៅវាយប្រហារលើអង់គ្លេស នៅអ៊ុយក្រែន ឬលើសពីនេះ ប្រសិនបើទីក្រុងគៀវហ៊ានប្រើប្រាស់អាវុធដែលផ្តល់ដោយទីក្រុងឡុងដើម្បីវាយប្រហារដែនដីរុស្ស៊ី។