យុវជនកាតូលិកភូមិភាគភ្នំពេញ​ធ្វើ​ធម្មយាត្រារិះគិតអំពី​ជំនឿ

យុវប្រមាណជិត២៤០ នាក់មកពីព្រះសហគមន៍កាតូលិកនានា​ទាំង៧​ខេត្តក្រុងក្នុងភូមិភាគភ្នំពេញ បានជួបជុំគ្នា ក្នុងធម្មយាត្រា​រយៈពេលបីថ្ងៃ​ ដែល​ដំណើរនេះ​​ចាប់​ផ្តើម​នៅព្រះសហគមន៍កាតូលិកត្រែងត្រយឹង ហើយបន្តធ្វើដំណើរធម្មយាត្រាទៅឧទ្យានជាតិ​ព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីថ្ងៃទី១-៣ ខែមីនាឆ្នាំ២០២៤។

លោក ស៊ាន់ សារឿនប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះ មានប្រធានបទ «សូមអញ្ជើញមក អ្នកនឹងឃើញ» ដើម្បី​ជួយ​យុវជន​​រួមដំណើរជាមួយព្រះយេស៊ូ ក៏ដូចជាទទួលបទពិសោធ​ថ្មី តាមរយៈដំណើរ​ជួបជាមួយមិត្តថ្មី និងស្តាប់ការអប់រំរបស់លោកអភិបាលអូលីវីយ៉េ ដើម្បីទទួលកំលាំងថ្មី បន្តជីវិត​ប្រចាំ​ថ្ងៃ​រស់នៅក្នុង​​ជំនឿរបស់ខ្លួន។

លោកក៏បានលើកទឹកចិត្តយុវជនដែលបានចូលរួម ឲ្យបន្ត​បេសកកម្ម​បម្រើ​បងប្អូន បម្រើព្រះសហគមន៍តាមកន្លែងរបស់ខ្លួនរស់នៅ បន្តធ្វើគំរូ​ដោយសក្ខីភាព​អំពីជំនឿ​នៅ​កន្លែង​ធ្វើការ និងរស់នៅដោយចេះចែករំលែកជាមួយបងប្អូនឯទៀតៗ ជាពិសេសអ្នកដែលសង្គមបោះបង់ចោល។

ក្នុងដំណើរធម្មយាត្រា​នេះ យុវជន​រួមជាមួយលោកអភិបាល លោកបូជាចារ្យ បព្វជិតបព្វជិតា បានធ្វើដំណើរ​ថ្មើរ​ជើង ចម្ងាយ​ប្រមាណ​១២ គីឡូម៉ែត្រ ឡើងទៅលើភ្នំគីរីរម្យ។ អ្នកចូលរួមទាំងអស់បានទទួលការណែនាំ​អប់រំ​ពី លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានពីរដំណាក់កាល។

ក្នុងដំណាក់ទី១ មុនចេញដំណើរដោយថ្មើរជើង លោកអភិបាលបានណែនាំឲ្យយុវជន ដែលបានទទួលជំហានទី១រួចហើយ ក៏ដូចជា គ្រីស្តបរិស័ទ ឲ្យនឹកឃើញឡើងវិញនៅថ្ងៃដំបូង ដែលម្នាក់ៗបានធ្វើដំណើរ​ជាមួយ​​ព្រះយេស៊ូ។ លោកអភិបាលក៏បានបន្តថា ដោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅ និងធ្វើដំណើរជាមួយយើង យើងជាប្រជារាស្ត្រនៃសេចក្តីសង្ឃឹម។

ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០២៤លោកអភិបាលក៏បានរំលឹកយុវជន ឲ្យខិតខំយកចិត្តទុកដាក់ អធិដ្ឋាន ដូចព្រះយេស៊ូ។ ស្ងៀមស្តាត់ដូចព្រះនាងម៉ារី ដោយចងចាំព្រឹត្តិការណ៍នានាទុកក្នុងដួងចិត្ត។ មួយទៀត​គឺ ថ្វាយបង្គំដូចក្រុមហោរ៉ាចារ្យ ដែលមកថ្វាយបង្គំព្រះយេស៊ូ។ ក្នុងពេលចាប់ផ្តើម លោកអភិបាលអូលីវីយ៉េ បញ្ជាក់ឲ្យយុវជនថា យើងដើរនាពេលនេះរួមជាមួយព្រះយេស៊ូ ជាមិត្តសម្លាញ់របស់យើង ដែលមានព្រះវិញ្ញាណជាអ្នកផ្តល់កំលាំងឲ្យយើង។

ដំណើរថ្មើជើងឡើងភ្នំបានចាប់ផ្តើមដោយមានអ្នកកាន់ឈើឆ្កាងនាំមុខ រួមជាមួយលោកអភិបាលអូលីវីយ៉េ នាពេលនោះ ខ្លះឈឺជើង អស់កំលាំង ក្រោមកំដៅថ្ងៃផង តែអ្នកចូលរួមទាំងអស់បានអធិដ្ឋានក្នុងចិត្តតាមជំហានរបស់ខ្លួន និងសូត្រផ្គាំរួមគ្នា។ ក្រោយបានដើរចំងាយប្រមាណ៦ គីឡូម៉ែត្រ ទាំងអស់គ្នាបានឈប់សម្រាក និង ស្តាប់ការអប់រំលើកទី២។

ការអប់រំលើកទីពីរនេះ លោកអភិបាល បាននាំឲ្យអ្នកចូលរួមរិះគិតអំពីជីវិតរបស់ម្នាក់ៗដែលចម្រើនឡើងជាមួយព្រះជាម្ចាស់។ ព្រះជាម្ចាស់ បង្កើតមនុស្សឲ្យមានទំនាក់ជាមួយព្រះអង្គ។ ឲ្យមានទំនាក់ទំនងជាមួយមនុស្សឯទៀតៗ ដើម្បីឲ្យមានសេចក្តីសុខ។ លោកថា អ្វីៗទាំងអស់សូមឲ្យម្នាក់ៗជឿថា «ព្រះយេស៊ូគង់នៅជាមួយខ្ញុំ។ ព្រះអង្គនៅក្បែរខ្ញុំ»។ ជំនឿមានន័យ «ខ្ញុំផ្ញើជីវិតទាំងស្រុងទៅព្រះជាម្ចាស់»។

លោកអភិបាលអូលីវីយ៉េបញ្ជាក់ដល់អ្នកចូលរួមឲ្យយកចិត្តទុកដាក់ពី​មាគ៌ា ដើម្បីធ្វើដំណើរជាមួយព្រះយេស៊ូក្នុងជីវិតរបស់ខ្លួន​ គឺ៖ ១) ជឿ ហើយស្រមៃថា ព្រះយេស៊ូគង់ជាមួយខ្ញុំ។ ២) មើលដោយភ្នែកនៃជំនឿ គឺថា​អ្វីៗទាំងអស់ព្រះជាម្ចាស់បានបង្កើតមក។ តាមរយៈអ្វីៗទាំងអស់ យើងមើលឃើញវត្តមានរបស់ព្រះជាម្ចាស់។ ៣) ពិចារណា ពិនិត្យមើលជីវិតប្រចាំថ្ងៃរបស់ខ្លួន  ព្រឹក -ល្ងាច អ្វីៗដែលបរាជ័យទុកជាមេរៀននៃជីវិត។ អ្វីៗដែលជោគជ័យ និងងាយស្រួល ត្រូវអរព្រះគុណព្រះជាម្ចាស់ ដែលនាំឲ្យខ្លួនចម្រើនឡើង។ ៤) ប្រើពាក្យអធិដ្ឋាន​ខ្លីៗ ឱព្រះអង្គអើយសូមជួយផង។ ឱព្រះអង្គអើយ មេត្តាទូលបង្គំផង។ ម្យ៉ាងទៀត សូមអរព្រះគុណព្រះអង្គ។ ៥) យកពេលនមស្ការ​ព្រះកាយព្រះគ្រីស្ត និងសម្មាធិ។ ៦) ទាំងព្រឹកទាំងល្ងាច សូមអធិដ្ឋាន។ ៧)ការតុបតែងលំអរ​ពេល​អធិដ្ឋាន​ដោយមានដុតទៀន ហើយ​ត្រូវ​មានផ្គាំឬឈើឆ្កាងក្នុងកាបូបជាប់នឹងខ្លួន​។ ៨) យកពេលមើលមនុស្ស និង ពិភពលោកដែលព្រះជាម្ចាស់បង្កើត។ ជាចុងក្រោយលោករំលឹកថា សូមមានចិត្តមេត្តា និងចិត្តករុណាចំពោះបងប្អូនឯទៀតៗ ជាពិសេស អ្នកតូចតាច។               

បន្ទាប់​មក​ ក្រុមធម្មយាត្រា​នេះ​ក៏បានបន្តដើរ​ចំនួនប្រមាណ៦ គីឡូម៉ែត្រ។ នៅទី​ដៅនោះ​ ពួកគេបោះតង់សម្រាក។ ក្នុងពេលយប់ក៏មាន អធិដ្ឋានជុំវិញ​ភ្នក់ភ្លើង ហើយ​ព្រឹកថ្ងៃបន្ទាប់ក៏មានពិធីអរព្រះគុណព្រះជាម្ចាស់ និងមានពិធីជំរះចិត្តគំនិតក្រោមអធិបតីរបស់លោកអភិបាល អូលីវីយ៉េ សម្រាប់បងប្អូនយុវជនដែលបានទទួលជំហានទី២​ដែល​ត្រៀមទទួលអគ្គជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។

កាលពី​ដើម​សប្តាហ៍ទី​១​នៃ​រដូវ​អប់រំ​ពិសេស​ ឬ​រដូវ​៤០ថ្ងៃ ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា​មាន​អ្នក​ត្រៀម​ខ្លួន​ដើម្បីទទួល​អគ្គសញ្ញា​ជ្រមុជទឹក​ចំនួន​ ៣៤៣នាក់ ដែលក្នុងនោះ​មាន​ភូមិភាគ​ភ្នំពេញ​ចំនួន​១៨៥នាក់ ភូមិភាគ​បាត់ដំបង​មាន​ចំនួន​៦១នាក់ និង​ភូមិភាគ​កំពង់ចាម​ចំនួន​៩៧នាក់។

សូមជំរាបថា នេះជាបូជនីយចរយុវជន លើកទី១៣  ដែលរៀបចំដោយការិយាល័យយុវជន ជំទង់ និងកុមារ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ៕

ដោយ​លី សុវណ្ណា

      

Daily Program

Livesteam thumbnail