ភាសាមួយនៅឥណ្ឌាក្លាយជា ភាសាទី៥៣ ដែលផ្សព្វផ្សាយនៅលើវ៉ាទីកង់ញូវ
សារព័ត៌មាន វ៉ាទីកង់ញូវ បានសម្រេចបន្ថែមភាសា កានណាដា ( Kannada) ជាភាសាទី៥៣ ដែលស្ថាប័ននេះផ្តល់ការផ្សាយព័ត៌មានពីសម្តេចប៉ាប និងកិច្ចការទូទៅរបស់ព្រះសហគមន៍កាតូលិក។
មកដល់ពេលនេះ កានណាដា ត្រូវបានគេដឹងថា គឺជាភាសាមួយដែលកំពុងតែប្រើប្រាស់នៅក្នុងរដ្ឋកាណាតាកា (Karnataka)មួយនៅក្នុងប្រទេសឥណ្ឌា ។
ភាសានេះត្រូវបានគេដឹងថា កំពុងតែប្រើដោយពលរដ្ឋឥណ្ឌាចំនួនប្រមាណជា ៣៥ លាននាក់ ហើយត្រូវបានផ្តូចផ្តើមផ្សព្វផ្សាយរួមគ្នាក្រោមគំនិតផ្តួចផ្តើម ចេញពីកិច្ចសហការរវាងក្រសួងទំនាក់ទំនង និងអគ្គភូមិភាពបាងហ្គាឡូ នៅក្នុងរដ្ឋកាណាតាកា។
លោក ភីធ័ ម៉ាឆាដូ (Peter Machado) បូជាចារ្យមួយរូបនៅក្នុងព្រះសហគមន៍នៅទីក្រុងបាងហ្គាឡូ បានថ្លែងថា លោករីករាយជាមួយនឹងការបើកដំណើរការផ្សព្វផ្សាយជាភាសា កានណាដា។
លោកបានអះអាងថា ព័ត៌មានពីសម្តេចប៉ាប សន្តអាសនៈ និងពិភពលោកនឹងមានការចាប់អារម្មណ៍ និងសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពលរដ្ឋនៅកាណាតាកា៕