ព្រះសហគមន៍អន្តរាគមន៍ជួយកសិករជនជាតិភាគតិចនៅតំបន់ភ្នំប្រទេសបង់ក្លាដែស ក្រោយពេលត្រូវកណ្តុររាតត្បាត

ការកើនឡើងនូវការរាតត្បាត និងការបំផ្លិចបំផ្លាញដោយហ្វូងសត្វកណ្ដុរលើផលដំណាំ ដែលគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍កសិកម្មជនជាតិដើមភាគតិចនៅក្នុងស្រុកភ្នំរ៉ាងហ្គាម៉ាទី (Rangamati) ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បានទទួលការចូលរួមអន្តរាគមន៍ពីព្រះសហគមន៍កាតូលិក។

ការរាតត្បាតនេះត្រូវបានអ្នកស្រុកហៅថាជា «ទឹកជំនន់សត្វកណ្ដុរ» ដែលធ្វើឱ្យស្រូវ និងដំណាំផ្សេងទៀតនៅក្នុងសហគមន៍ភ្នំដាច់ស្រយាលរងគ្រោះ។ វិបត្តិនេះកើតឡើងបន្ទាប់ពីភ្លៀងធ្លាក់មិនគ្រប់គ្រាន់អស់រយៈពេលជាច្រើនខែ ដែលធ្វើឱ្យកសិករប្រឈមមុខនឹងការរំពឹងទុកនៃការប្រមូលផលមិនល្អ និងកង្វះខាតស្បៀងអាហារនៅឆ្នាំខាងមុខ។

កសិករម្នាក់បាននិយាយថា៖ «យើងមានការព្រួយបារម្ភមែនទែនអំពីជីវភាពនៅពេលអនាគត។ ប្រសិនបើព្រះម្ចាស់មិនជួយយើងទេ មនុស្សជាច្រើននៅលើភ្នំនឹងរងទុក្ខ។ ពួកយើងពិតជាកំពុងតែប្រឈមមុខនឹងបញ្ហាខ្វះខាតមែន»។

កសិករបាននិយាយបន្តថា ដំណាំរបស់ពួកគេលូតលាស់មិនបានល្អរួចទៅហើយ ដោយសារភ្លៀងធ្លាក់ក្រោមមធ្យមភាគប្រចាំឆ្នាំ ប៉ុន្តែនៅពេលនេះពួកគេក៏ត្រូវរងគ្រោះមួយជាន់ទៀត ដោយសារតែការកើនឡើងនូវហ្វូងសត្វកណ្ដុរ។ ពួកគេនិយាយថា កណ្តុរទាំងនោះបានចាប់ផ្តើមឈ្លានពានវាលស្រែចម្ការ និងស៊ីដំណាំមុនពេលពួកវាទុំ។ ស្រូវ ពោត ល្ង និងដំណាំអាហារផ្សេងទៀតត្រូវបានគេរាយការណ៍ថារងផលប៉ះពាល់។

បាតុភូតនេះបង្កគ្រោះថ្នាក់ជាពិសេសដល់គ្រួសារដែលអនុវត្តការដាំដុះបែបប្រពៃណី ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយសហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់ភ្នំឈីតាហ្គុង ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។

ជាការឆ្លើយតបនឹងការគំរាមកំហែងនេះ អង្គការការីតាស បង់ក្លាដែស បានចាប់ផ្តើមផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការដៃគូដូចជា CAFOD និង ការីតាស ហុងកុង ដោយសហការជាមួយអង្គការក្នុងស្រុក Zabarang Kalyan Samity។ ក្រុមការងារនេះកំពុងតែអនុវត្តកម្មវិធីចែកចាយជំនួយស្បៀងអាហារ និងថវិកាជូនដល់កសិករចំនួន ១៨៦ នាក់ ដែលរងផលប៉ះពាល់ដោយការរាតត្បាតនៃសត្វកណ្តុរនៅក្នុងតំបន់នោះ។

Daily Program

Livesteam thumbnail
khmer popup image