ព្រះសហគមន៍ហ្វីលីពីនអំពាវនាវឱ្យមានការអធិស្ឋាននិងសច្ចភាពខណៈស្ថានភាពនយោបាយកំពុងតានតឹង
ក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជាផ្នែកនយោបាយកាន់តែខ្លាំងឡើង បន្ទាប់ពីដំណើរការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានាធិបតី សារា ឌូទែតេ (Sara Duterte) ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីន បានអំពាវនាវដល់គ្រិស្ទបរិស័ទ ឱ្យរក្សាការអធិស្ឋាន និងពិចារណាឲ្យហ្មតចត់ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅហ្វីលីពីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមលោកអភិបាលព្រះសហគមន៍ហ្វីលីពីនបាន សង្កត់ធ្ងន់លើសារៈសំខាន់នៃសច្ចភាព យុត្តិធម៌ និងភាពស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ។
ក្រុមលោកអភិបាល បានជំរុញឱ្យសមាជិកព្រឹទ្ធសភាកោះប្រជុំ ដើម្បីពិចារណាករណីនេះ ដោយកោះហៅសាក្សី និងដោះស្រាយសំណុំរឿងដោយផ្អែកលើភស្តុតាង ពាក់ព័ន្ធនឹងលោកស្រីអនុប្រធានាធិបតី ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោកអគ្គអភិបាល ជីលបឺត ហ្គាសេរ៉ា ប្រធានក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីនបានលើកឡើងថា ក្រុមលោកអភិបាលសូម ធ្វើការអំពាវនាវជាបន្ទាន់កុំឱ្យពន្យារពេលការកាត់ក្តី និងកោះប្រជុំព្រឹទ្ធសភាដើម្បីការដោះស្រាយបញ្ហាច្បាប់នេះជាបន្ទាប់ ឱ្យបានឆាប់បំផុត។
លោកបានបន្តថា ក្រុមលោកអភិបាលយល់ថា ការពន្យារពេលការកាត់ក្តីគឺជាការពន្យារពេលយុត្តិធម៌សម្រាប់ប្រជាជនហ្វីលីពីន និងអនុប្រធានាធិបតីផ្ទាល់។
លោកអគ្គអភិបាលក៏បានរំលឹកដល់សមាជិកព្រឹទ្ធសភាឱ្យបំពេញកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញដែលកំណត់់ការទទួលខុសត្រូវរបស់ពួកគេ ដោយកត់សម្គាល់ថា ដំណើរការនេះផ្តល់ឱកាសដើម្បីពង្រឹងទំនុកចិត្តសាធារណៈលើស្ថាប័នប្រជាធិបតេយ្យ និងគាំទ្រនីតិរដ្ឋក្នុងការបម្រើផលប្រយោជន៍រួម។
ក្រុមលោកអភិបាលបានលើកទឹកចិត្តបន្ថែមទៀតដល់សាធារណជនឱ្យប្រុងប្រយ័ត្នប្រឆាំងនឹងព័ត៌មានមិនពិត និងបន្តអធិស្ឋានសម្រាប់ប្រទេស និងមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលដ៏រសើបខាងនយោបាយនេះ៕