ប្រធាន KWI ឲ្យព្រះសហគមន៍នៅអាស៊ីត្រូវតែផ្លាស់ប្តូរការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង

នៅក្នុងសន្និសីទសារព័ត៌មានក្រោយពេលបិទមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែកក្កដា នៅអគារគង្វាលកិច្ច Karya ក្នុងបរិវេណព្រះវិហារកាតូលិកទីក្រុងហ្សាការតា លោកអភិបាល អង់តូនីញូស ស៊ូប៊ីយ៉ាន់តូ ប៊ុនយ៉ាមីន (Antonius Subianto Bunjamin), OSC ប្រធានក្រុមប្រឹក្សាអភិបាលកាតូលិកឥណ្ឌូនេស៊ី (KWI) បានជំរុញ និងទាមទារឱ្យព្រះសហគមន៍នៅអាស៊ីផ្លាស់ប្តូរពីការគ្រាន់តែពិភាក្សា ទៅជាការចូលរួមចែករំលែកធនធាន សមត្ថភាព ពេលវេលា និងថវិកាយ៉ាងសកម្មសម្រាប់បេសកកម្មរួម។

ដោយរំលឹកឡើងវិញអំពីលទ្ធផលនៃជំនួបរយៈពេលមួយសប្តាហ៍ ដែលរួមមានការរៀបចំក្របខ័ណ្ឌ Synodality Vademecum សម្រាប់អាស៊ី និងការចេញផ្សាយសារចុងក្រោយនៃមហាសន្និបាត លោកអភិបាល អង់តូនីញូស បានសង្កត់ធ្ងន់ថា ស៊ីណូដាលទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការដើរជាមួយគ្នា ការគាំទ្រគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរការរួមរស់ខាងវិញ្ញាណឱ្យទៅជាសហភាតរភាព និងការជួយគ្នាយ៉ាងពិតប្រាកដ។

ទោះបីជាមហាសន្និបាតបានបង្កើតឯកសារសំខាន់ៗជាច្រើនក៏ដោយ លោកអភិបាល អង់តូនីញូស បានគូសរំលេចថា ផ្លែផ្កាដ៏មានតម្លៃបំផុតនៃជំនួបនេះ គឺបទពិសោធន៍នៃការចែករំលែកជីវិត និងភាពជាបងប្អូនរវាងប្រតិភូទាំងអស់។ លោកអភិបាល ក្រុមបូជាចារ្យ បព្វជិត-ជិតា និងគ្រហស្ថតំណាងមកពីទូទាំងទ្វីបអាស៊ី បានពាំនាំមកនូវបទពិសោធន៍គង្វាលកិច្ច បញ្ហាប្រឈម និងក្តីសង្ឃឹមរៀងៗខ្លួន ដែលបានធ្វើឱ្យព្រះសហគមន៍ទាំងមូលកាន់តែសម្បូរបែបតាមរយៈការជួបជុំគ្នានេះ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត FABC ជាលើកទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីមហាសន្និបាតលើកទី ៥ នៅទីក្រុងបានឌុងកាលពី ៣៦ ឆ្នាំមុន ត្រូវបានពិពណ៌នាថាជាពរជ័យដ៏រីករាយមួយ ដែលអនុញ្ញាតឱ្យព្រះសហគមន៍ក្នុងស្រុកបង្ហាញពីការរាប់អាន ការសន្ទនា និងបើកចិត្ត​ ដែលជាចំណុច​ស្នូល​​នៃទំនាក់ទំនងបែបស៊ីណូដាល។

ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីស្មារតីនេះ គឺដំណើរទស្សនកិច្ចរបស់ប្រតិភូទៅកាន់ «ផ្លូវមិត្តភាព​រូងក្រោមដី» ដែលភ្ជាប់រវាងព្រះវិហារកាតូលិកហ្សាការតា និងវិហារឥស្លាម Istiqlal។ លោកអភិបាល អង់តូនីញូស បានកត់សម្គាល់ថា ការដើរឆ្លងកាត់ផ្លូវក្រោមដីនេះ បានដើរតួជានិមិត្តរូបដ៏មានថាមពលនៃការក្លាយជា «ស្ពាន និងជាអ្នកកសាងស្ពាន» នៅអាស៊ី ដោយបញ្ជាក់ថា កិច្ចសន្ទនាអន្តរសាសនាគឺជាការពិតជាក់ស្តែងដែលត្រូវបានកសាងឡើងនៅលើទំនុកចិត្ត និងការគោរពគ្នា មិនមែនត្រឹមតែជាគំនិតនៅក្នុងការប្រជុំនោះឡើយ។

ដោយចង្អុលបង្ហាញពីមេដឹកនាំសាសនាឥស្លាមនៃវិហារ Istiqlal ជាគំរូនៃ «ស្ពានមនុស្ស» លោកបានឆ្លុះបញ្ចាំងថា ការប្តេជ្ញាចិត្តខាងសាសនាដ៏ពិតប្រាកដ តែងតែនាំមនុស្សឱ្យខិតកាន់តែជិតព្រះជាម្ចាស់ និងខិតទៅរក​អ្នកជិតខាងរបស់ខ្លួន។

ជាចុងក្រោយ លោកបានគូសបញ្ជាក់ថា សូម្បីតែកាយវិការស្វាគមន៍សាមញ្ញៗ ដូចជាការជូនកាដូក្រណាត់បាទិក (Batik) ប្រពៃណីឥណ្ឌូនេស៊ី ក៏បានស្តែងចេញពីស្មារតីមិត្តភាព និងការចែករំលែកដែរ ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដដែលនៅចំពោះមុខព្រះសហគមន៍នៅអាស៊ី គឺការផ្លាស់ប្តូរស្មារតីនៃការរួមរស់នេះឱ្យទៅជាសកម្មភាពជាក់ស្តែង និងការចែករំលែកធនធានជាក់ស្តែងនៅតាមសហគមន៍ក្នុងស្រុក៕

Daily Program

Livesteam thumbnail