ប្រធានគណបក្សភឿថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកស្រី​ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាកា​រងារ នៅវិមានសន្តិភាព នាថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកស្រី​ ផេថងថាន ស៊ីណាវ៉ាត់ត្រា ​បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកស្រី​​បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ៖ «ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេ​ងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី»។​

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ស្វាគមន៍ចំពោះលោកស្រី​ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបាន​មកបំពេញទស្សនកិច្ចនៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រ​ទេសទាំងពីរ និងបាន​បង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់លោ​កទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងព​ង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេ​សចរណ៍ ការងារ ជាដើម។  ​

ដោយឡែក លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី​ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtar Shinawatra) ​ផងដែរ​ ដែលបាន​មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា​ដើម្បីផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិប​ត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្ស និងអភិបាលកិច្ចស្ថាប័នរដ្ឋ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ណបក្សប្រជាជនកម្ពុជា បាន​ឱ្យដឹងថា ទស្សនកិច្ចនេះ ​ជាការចូលរួមចំណែក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា និង «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត​នៅប្រទេស​ថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

សូមបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី​ ផេថងថាន ស៊ីណាវ៉ាត្រ ក៏​បានជួបពិភា​ក្សា​ទ្វេភាគីជាមួយនឹងលោក ហ៊ុន សែន, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជាម យៀប អនុប្រធានទី១ រដ្ឋសភា។

​​គណៈប្រតិភូ នឹងទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ ដើ​ម្បី​ស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោ​បា​យ​ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលយើងបានឃើញសព្វថ្ងៃនេះ៕

 

Daily Program

Livesteam thumbnail