បុគ្គលិកអង្គការមនុស្សធម៌៧នាក់ស្លាប់នៅហ្គាហ្សា
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់មជ្ឈមណ្ឌលផ្ទះបាយពិភពលោក( World Central Kitchen) ដែលជាអង្គការជំនួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា សមាជិកចំនួន ៧នាក់ របស់ខ្លួន ត្រូវបានសម្លាប់នៅក្នុង «ការវាយប្រហារតាមគោលដៅ» ដោយយោធាអ៊ីស្រាអែល។
ជាងនេះទៅទៀត អង្គការសប្បុរសធម៌នេះបាននិយាយថា ខ្លួនកំពុងផ្អាកប្រតិបត្តិការរបស់ខ្លួននៅហ្គាហ្សា។ បុគ្គលិកទាំង៧នាក់នោះមកពីអូស្ត្រាលី អង់គ្លេស ប៉ូឡូញ អាមេរិក-កាណាដា និងប៉ាឡេស្ទីន។
ពាក់ព័ន្ធនឹងហេតុការណ៍នេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu ) បានសារភាពថា ការវាយប្រហាររបស់អ៊ីស្រាអែលជាសកម្មភាព «អចេតនា» ដោយបន្ថែមថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យរឿងនេះកើតឡើងម្តងទៀត»។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វិន ដ័ ឡេយេន (Ursula von der Leyen) បានគោរពវិញ្ញាណក្ខន្ធដល់បុគ្គលិកជំនួយដែលបានបាត់បង់ជីវិត និងបានផ្ញើ «ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ និងមិត្តភក្តិរបស់ពួកគេ»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក ( Rishi Sunak )បាននិយាយថា លោក «តក់ស្លុត និងសោកសៅ» ដោយបន្ថែមថា «ច្បាស់ណាស់ មានសំណួរដែលត្រូវឆ្លើយ»។
ក្រុមបុគ្គលិកមនុស្សធម៌ទាំង៧នាក់នេះ គឺកំពុងតែស្ថិតនៅក្នុងក្បួនដឹកជញ្ជូនជំនួយមនុស្សធម៌ ដែលដឹកចេញពីកោះស៊ីបមកកាន់ហ្គាហ្សាតាមសមុទ្រ៕