ជនចំណាកស្រុករាប់សិបនាក់បានបន្តស្លាប់នៅលើទូកនៅសមុទ្រមេឌីទែរ៉ាណេ

យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន៦០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារការស្រេកឃ្លាន ស្រេកទឹក និងរលាក នៅក្នុងឧបត្តិហេតុមួយនៅលើទូករបស់ពួកគេពេលកំពុងតែព្យាយាមធ្វើដំណើរឆ្លងពីប្រទេសលីប៊ីមកកាន់ប្រទេសអ៊ីតាលី។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជនចំណាកស្រុកបានចេញដំណើរពីកំពង់ផែ ហ្សាវិយ៉ា ( Zawiya )ប្រទេសលីប៊ី ដើម្បីឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី ហើយ បី​ថ្ងៃ​ក្នុង​ការ​ឆ្លង​កាត់​នោះ ម៉ាស៊ីន​ទូក បានមានបញ្ហា ធ្វើ​ឲ្យ​ទូក​អណ្តែត​គ្មាន​អាហារ និង​ទឹកគ្រប់គ្រាន់។

អ្នកនៅរស់រានមានជីវិតបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦០ នាក់បានស្លាប់នៅតាមផ្លូវ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ផងដែរ។

អ្នកនាំពាក្យនៃក្រុមជួយសង្គ្រោះសប្បុរសធម៌ SOS Mediterranée ដែលទទួលជនចំណាកស្រុកបាននិយាយថា អ្នកនៅរស់រានមានជីវិតបានរៀបរាប់ពីរបៀបដែលពួកគេ បានឃើញជនរងគ្រោះបានស្លាប់ ។

អ្នករស់រានមានជីវិតបាននិយាយថាសាកសពរបស់អ្នកដែលបានស្លាប់ត្រូវបានបោះចូលទៅក្នុងសមុទ្រ។ ពួកគេបាននិយាយអំពីការមើលឃើញយន្តហោះ និងឧទ្ធម្ភាគចក្រហោះហើរពីលើក្បាល ប៉ុន្តែបានអះអាងថា ការអំពាវនាវរកជំនួយរបស់ពួកគេមិនបានឆ្លើយតបរហូតដល់ ជួបកប៉ាល់ Ocean Viking របស់អង្គការ SOS Mediterranée។

 

អ្នកនៅរស់រានមានជីវិតពីរនាក់ដែលសន្លប់ត្រូវបានដឹកតាម ឧទ្ធម្ភាគចក្រទៅកាន់កោះ Sicily របស់អ៊ីតាលីដើម្បីព្យាបាលបន្ទាន់។

អង្គការសប្បុរសធម៌បាននិយាយថា នាវា Ocean Viking ក្រោយមកបានជួយសង្គ្រោះជនចំណាកស្រុកសរុបចំនួន២២៤នាក់នៅក្នុងប្រតិបត្តិការពីរផ្សេងគ្នា។

សមុទ្រមេឌីទែរ៉ាណេ គឺជាផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក ហើយយោងតាមទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ (IOM)បានឲ្យដឹងថា មនុស្សជិត ២.៥០០នាក់បានស្លាប់ខណៈពេលដែលព្យាយាមឆ្លងពីអាហ្វ្រិកមក កាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំ២០២៣កន្លងទៅ ។

Daily Program

Livesteam thumbnail