គោលបំណងនៃការអធិដ្ឋានខែមេសារបស់សម្តេចប៉ាបផ្តោតលើតួនាទីរបស់ស្ត្រី

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ​បានប្រកាសចេញនូ​វ​គោលបំណងនៃការអធិស្ឋានរបស់ទ្រង់សម្រាប់ខែ មេសា ឆ្នាំ​២០២៤ដោយផ្តោតសំខាន់នៅលើ​តួនាទីរបស់ស្រ្តី។​

ពាក់ព័ន្ធនឹងប្រធានបទនេះសម្តេច​ប៉ាប​បាន​អញ្ជើញគ្រិស្តបរិស័ទទាំងអស់ឲ្យ​អធិដ្ឋានតាមគោ​លដៅនេះសំដៅលើកកំពស់ស្ត្រី​ និងគោរព ជាពិសេសគឺអោយតម្លៃចំពោះស្រ្តី ហើយគួរនាំគ្នាបញ្ឈប់ការរើសអើងលើស្រ្តី។

តាមសារដែលការិយាល័យព័ត៌មានសន្តអាសនៈបានបង្ហោះ សម្តេចប៉ាបបាន បង្ហាញពីគម្លាតដ៏ធំដែលមានរវាងគោលការណ៍ដែលបានប្រកាស និងការអនុវត្តជាក់ស្តែង។

សម្តេចប៉ាបបានមានបន្ទូលថា តាមទ្រឹស្តី យើងទាំងអស់គ្នាយល់ស្របថា បុរស និងស្ត្រីមានសេចក្តីថ្លៃថ្នូរជាមនុស្សដូចគ្នា ប៉ុន្តែ​​ក្នុង​ការ​អនុវត្ត​ជាក់ស្តែងស្រ្តីនៅតែមានបញ្ហា។

សម្តេចប៉ាបបានផ្តល់នូវឧទាហរណ៍ជាក់ស្តែង ដោយលើកឡើងពី «ច្បាប់រើសអើង» ដែលប​ច្ចុប្បន្ននៅតែមានជាធរមាន ដូចជាការដាក់កម្រិតនៅលើសំលៀកបំពាក់នៅសង្គមខ្លះ ការរារាំងដល់ការអប់រំដែលកំពុងបន្ត ការបដិសេធជំនួយសម្រាប់ឱកាសការងារ ខណៈដែល ការកាត់ប្រ​ដាប់ភេទនៅតែត្រូវបានអនុវត្តនៅតាមប្រទេសខ្លះ ។

សម្តេចប៉ាប​បាន​មានបន្ទូល ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ប្តេជ្ញា​លុប​បំបាត់ការ​រើសអើង​នេះ និងធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​ធានា​សិទ្ធិ​មនុស្ស​របស់​ស្ត្រី។

សម្តេចប៉ាបបានស្នើឲ្យមនុស្សជាតិ ទាំងអស់គ្នាគោរពស្ត្រី ដែលជាអកុសលនៅតែបន្តត្រូវបានចាត់ទុក ដូចជាអ្វីដែលត្រូវកម្ចាត់ ហើយជារឿយៗជាជនរងគ្រោះនៃអំពើហិង្សា និងការរំ​លោភបំពាននៅក្នុងផ្នែកជាច្រើននៃពិភពលោក សូម្បីតែនៅក្នុងប្រទេសដែលអះអាងថាមានកម្រិតខ្ពស់ជាងក៏ដោយ។

សម្តេច​ប៉ាប​បាន​បន្ថែម​ថា​ ​ប្រសិនបើ​យើង​មិន​ [​គោរព​ស្ត្រី​] ទេ សង្គម​របស់​យើង​នឹង​មិន​រីកចម្រើន​ទេ​​៕

Daily Program

Livesteam thumbnail