គិលានុបដ្ឋាយិកាកាតូលិកជនជាតិម៉ាឡេស៊ីម្នាក់កំពុងត្រូវបានជំរុញឱ្យក្លាយជាបុណ្យ

ក្នុងនាមជាសាក្សីសម័យសង្គ្រាម លោកស្រី ស៊ីប៊ិល កាធីហ្គាសូ (Sybil Kathigasu) ដែលជាគិលានុបដ្ឋាយិកាកាតូលិកបានស៊ូទ្រាំនឹងការធ្វើទារុណកម្ម ជាជាងក្បត់អ្នកតស៊ូក្នុងអំឡុងពេលនៃការកាន់កាប់របស់ជប៉ុននៅម៉ាឡេស៊ី កំពុងត្រូវបានរំលេចឱ្យលោកស្រីក្លាយជាបុណ្យមួយរូប។

សក្ខីកម្មនៃការលះបង់ និងភាពស្មោះត្រង់របស់លោកស្រី ត្រូវបានផ្តល់ដោយអ្នកដែលធ្លាប់បានទទួលការការពារពីលោកស្រី នៅព្រះវិហារមួយក្នុងតំបន់ ផេថាលីន ហ្សាយ៉ា (Petaling Jaya) ក្នុងអគ្គភូមិភាគកូឡាឡាំពួរ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។

នៅក្នុងអំឡុងពេលនោះ សាក្សីបានសង្កត់ធ្ងន់លើរបៀបដែលជំនឿរបស់លោកស្រីលើព្រះគ្រីស្ទ និងការលះបង់របស់លោកស្រី ដែលបានស៊ូទ្រាំនឹងការជាប់ពន្ធនាគារ ការធ្វើទារុណកម្ម និងការគំរាមកំហែងប្រឆាំងនឹងក្រុមគ្រួសាររបស់លោកស្រី។

នាឱកាសនោះ លោកអគ្គអភិបាល ជូលៀន លូវ (Julian Leow) បានប្រគល់ភារកិច្ចឱ្យព្រះសហគមន៍នៅទីនោះរៀបចំកម្មវិធីផ្សព្វផ្សាយតាមដងផ្លូវ និងបានស្នើសុំឱ្យក្រុមការងារប្រមូលព័ត៌មានបន្ថែម រួមទាំងសក្ខីកម្ម និងអព្ភូតហេតុដែលអាចកើតមាន ដើម្បីបើកផ្លូវស្នើសុំតែងតាំងលោកស្រីឱ្យទៅជាបុណ្យ។

ដោយឡែក លោកកាឌីណាល់ សេបាស្យៀន ហ្រ្វង់ស៊ី (Sebastian Francis) នៃព្រះសហគមន៍កាតូលិកនៅទីក្រុងប៉េណាំង បានលើកទឹកចិត្តដល់ គ្រីស្តបរិស័ទ ឱ្យឆ្លុះបញ្ចាំងពីសក្ខីភាពរបស់លោកស្រី អំពីជំនឿ ភាពក្លាហាន ភាពមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងអធិស្ឋានសុំឱ្យលោកស្រីទទួលស្គាល់ថាជាអ្នកបម្រើរបស់ព្រះជាម្ចាស់។

លោកស្រី និងស្វាមីដែលជាវេជ្ជបណ្ឌិត បានបើកគ្លីនិកមួយក្នុងអំឡុងពេលកាន់កាប់របស់ជប៉ុន។ ពួកគេបានព្យាបាល និងផ្តល់ជម្រកដល់សមាជិកនៃកងទ័ពប្រឆាំងជប៉ុនរបស់ប្រជាជនម៉ាឡេ ខណៈពេលនោះពួកគេក៏យកចិត្តទុកដាក់ចំពោះជនស៊ីវិលផងដែរ។

នៅពេលដែលកងកម្លាំងជប៉ុនបានបង្កើនការស្វែងរកអ្នកដែលជួយដល់ការតស៊ូ លោកស្រីបានបដិសេធម្តងហើយម្តងទៀតនូវឱកាសដើម្បីរត់គេចខ្លួន ប្រសិនបើការធ្វើដូច្នេះនឹងធ្វើឱ្យអ្នកដទៃរងគ្រោះ។ បន្ទាប់ពីការចាប់ខ្លួននៅឆ្នាំ១៩៤៣ លោកស្រីក៏បានបដិសេធការប៉ុនប៉ងរបស់អ្នកប្រយុទ្ធតស៊ូដើម្បីជួយសង្គ្រោះលោកស្រី ដោយខ្លាចថាវានឹងលាតត្រដាង និងធ្វើឱ្យអ្នកដទៃគ្រោះថ្នាក់។

លោកស្រីត្រូវជាប់ពន្ធនាគារ និងរងទណ្ឌកម្មជាច្រើនរហូតដល់ជប៉ុនចុះចាញ់សង្គ្រាមនៅខែសីហា ឆ្នាំ១៩៤៥។ ក្នុងអំឡុងពេលនោះ លោកស្រីត្រូវបានទទួលរងនូវការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។

Daily Program

Livesteam thumbnail
khmer popup image