ការស្លាប់របស់ អ៊ីស្មាអ៊ីល ហានីយ៉េ ហានិភ័យថ្មីនៃភាពតានតឹងបន្ថែម​នៅមជ្ឈិម​បូព៌ា

ប្រមុខក្រុមហាម៉ាស លោកអ៊ីស្មាអ៊ីល ហានីយ៉េ ត្រូវបានសម្លាប់​កាលពីថ្ងៃពុធនៅទីក្រុង​តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅក្នុងការវាយប្រហារដែលនិយាយថាជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែល​ដោយចលនាអ៊ីស្លាម​ប៉ាឡេស្ទីន និងអ៊ីរ៉ង។ ប្រទេសទាំងពីរបានស្បថថា នឹងសងសឹកសម្រាប់​ការស្លាប់របស់​លោកហានីយ៉េ។ នៅខណៈដែលសង្រ្គាមនៅហ្គាហ្សា​មិនមានថមថយ ការ​ស្លាប់​របស់​មេដឹកនាំន​យោបាយ​ហាម៉ាស ធ្វើឲ្យមានការភ័យខ្លាចអំពីការរីកធំនៃជម្លោះ។

នៅខណៈដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅហ្គាហ្សា មានរយៈពេលជិត ១០​ខែមកហើយ ភាពតានតឹងបានកើនឡើងទៀត​នៅមជ្ឈិមបូព៌ា។ ​មេដឹកនាំ​នយោបាយ​ក្រុម​ហាម៉ាស លោកអ៊ីស្មាអ៊ីល ហានីយ៉េ ត្រូវបានសម្លាប់នៅថ្ងៃពុធទី៣១ កក្កដា នៅទីក្រុង​តេអេរ៉ង់ នៅក្នុងការវាយប្រហារដែលគេចោទប្រកាន់ថាជាស្នាដៃអ៊ីស្រាអែល។ នេះអាចនឹង​ពង្រឹង​ធាតុដែលធ្វើឲ្យចលនាអ៊ីស្លាមប៉ាឡេស្ទីនកាន់តែដាច់ខាត និងបង្កឲ្យមានការសង​សឹង​ប្រឆាំង​នឹ​ងអ៊ីស្រាអែល។

កាលពីថ្ងៃពុធ ក្រសួងការបរទេសកាតា ដែលមេដឹកនាំហាម៉ាសមកស្នាក់នៅម្តងម្កាល បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះអាចនឹងជ្រមុជតំបន់ទៅក្នុងចលាចល និងធ្វើឲ្យគ្រោះថ្នាក់ដល់ទស្សន​វិស័យ​នៃសន្តិភាព។ នៅខណៈច្រើនខែមកហើយ ដែលអ៊ីស្រាអែល និងក្រុមហេបូឡា បានធ្វើ​សង្រ្គា​មខ្លះៗ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងភាគខាងត្បូងប្រទេសលីបង់ ព្រឹត្តិការណ៍​ឃាតកម្ម​នេះ ធ្វើឲ្យភ័យខ្លាចការឆាបឆេះជាថ្មីថែមទៀត​នូវសង្រ្គាមនៅក្នុងតំបន់។  

នៅក្នុងសេចក្តីប្រកាសមួយរបស់កងកម្លាំង អាល់ កាសាម សាខាយោធាក្រុមហាម៉ាស​ដែល​ចោទ​​លើអ៊ីស្រាអែល បាន​ឲ្យ​ដឹងថា ឃាតកម្មលើលោកអ៊ីស្មាអ៊ីល ហានីយ៉េ នឹងធ្វើឲ្យ​សង្រ្គាម​ឆ្លងទៅកម្រិតថ្មី និងមានវិបាកជាច្រើនសម្រាប់តំបន់ទាំងមូល។

លោកដាវីដ រីហ្គូឡេ រ៉ូហ្សេ អ្នកសិក្សាស្រាវជ្រាវ​សម្រាប់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និង​យុទ្ធសាស្រ្ត និងជាអ្នកឯកទេសមជ្ឈិមបូព៌ា រំឭកថា ហានិភ័យនៃការ​ឆាបឆេះ​សង្រ្គាមនៅ​មជ្ឈិម​បូព៌ា លេចឡើងជាការពិត​ជាច្រើន​ខែមកហើយ។ អ្នកឯកទេសនិយាយសំដៅ​លើការ​បាញ់​គ្រាប់រ៉ូកែត​ចេញពី​ប្រទេស​លីបង់​ទៅលើខ្ពង់រាបហ្គោឡង់​ ដែលបានបង្កជាការ​សង​​សឹក​​របស់​អ៊ីស្រាអែល។

នៅអ៊ីរ៉ង ប្រធានាធិបតីម៉ាសូដ ប៉េហ្សេសស្គៀន បានចោទប្រកាន់អ៊ីស្រាអែលថាបានសម្លាប់ លោកអ៊ីស្មាអ៊ីល ហានីយ៉េ។ នៅពេលចូលរួមពិធីបុណ្យសព​នៅទីក្រុងតេអេរ៉ង លោកស្បថ​ថា​នឹង​ធ្វើឲ្យអ៊ីស្រាអែលសោកស្តាយនឹងទង្វើនេះ។ នៅពេលគោរពវិញ្ញាណក្ខន្ធ​មេ​ដឹក​​​នាំដ៏​ក្លាហាន ប្រធានាធិបតីអ៊ីរ៉ង បានថ្លែងថា សាធារណរដ្ឋឥស្លាម​នឹងការពារ​បូរណភាព​ដែនដី កិត្តិយស មោទនភាព និងភាពថ្លៃថ្នូររបស់ខ្លួន និងធ្វើឲ្យជន​ឈ្លានពានជា​ភេរវករ​សោកស្តាយ​ចំពោះទង្វើគ្មានសីលធម៌របស់ពួកគេ។ ចំណែកមេដឹកនាំ​កំពូលអ៊ីរ៉ង លោក​អាយ៉ាតូឡា អាលី ខាម៉ឺណេ បានស្បថដោយដាក់ទណ្ឌកម្ម និងផ្តន្ទាទោស​ឲ្យធ្ងន់ធ្ងរ​សម្រាប់​អ៊ីស្រាអែល។

លោកដាវីដ រីហ្គូឡេ រ៉ូហ្សេ វិភាគថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង បញ្ជាក់​អំពី​ការនឹងប្រឈមមុខដ៏អាក្រក់របស់អ៊ីរ៉ងចំពោះអ៊ីស្រាអែល ជាពិសេសដោយសារ ការវាយ​ប្រហារ​កើតឡើងលើទឹកដីអ៊ីរ៉ងផង។ នេះគឺជារឿងគ្រោះថ្នាក់ ដោយសារជនជាតិអ៊ីរ៉ង​នឹង​មិន​អាច​មិន​ឆ្លើយតបក្នុងរបៀបណាមួយណាស់។

ភាពតានតឹង​រវាងអ៊ីរ៉ង និងអ៊ីស្រាអែល មានភាពរស់រវើកតាំងពីយូរណាស់មកហើយ ហើយវា​ក៏​កើនឡើង​តាំងពីប៉ុន្មានខែចុងក្រោយនេះដែរ។ កាលពីខែមេសា អ៊ីរ៉ង បានធ្វើការវាយបក​ប្រឆាំង​នឹងកុងស៊ុលអ៊ីស្រាអែលនៅទីក្រុងដាម៉ាស និងបាញ់មីស៊ីលជាង ៣០០ គ្រាប់ និងដ្រូន​លើ​អ៊ីស្រាអែល។ ​នេះគឺជាការវាយប្រហារផ្ទាល់ដែលដឹកនាំដោយសាធារណរដ្ឋ​ឥស្លាម​ប្រឆាំង​​នឹងដែនដីអ៊ីស្រាអែល។

À lire au

Je m'abonne

 

Daily Program

Livesteam thumbnail