ការបញ្ចូលគតិបណ្ឌិតអាស៊ី មហាបូជនីយចរឆ្ពោះទៅក្តីសង្ឃឹម
ក្នុងនាមជា ព្រះសហគមន៍កាតូលិកនៅក្នុងទ្វីបអាស៊ីដែលកំពុងទន្ទឹងរង់ចាំ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម ដ៏អស្ចារ្យនៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ យើងត្រូវបានអញ្ជើញឲ្យ រិះគិតពិចារណា មិនត្រឹមតែលើជំនឿរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើទឹកដីដែលជំនឿនោះត្រូវបានដាំដុះទៀតផង។
លោកអភិបាល បូជាចារ្យ បព្វជិត-ជិតា ឧបដ្ឋាក និង អ្នកដឹកនាំគ្រហស្ថ ជាងមួយពាន់នាក់នឹងមកជួបជុំគ្នា ដោយរួបរួមគ្នាតាមរយៈសំណួរដ៏ស៊ីជម្រៅមួយ៖ ក្នុងនាមជា កាតូលិកនៅអាស៊ី តើយើងអាចរស់នៅក្នុងអត្តសញ្ញាណរបស់យើងដោយរបៀបណា ដើម្បីអាចឆ្លើយតបយ៉ាងសមរម្យទៅនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងប្រពៃណីចម្រុះនៃទ្វីបរបស់យើង?
ចម្លើយមិនមែនស្ថិតនៅក្នុងការទទួលយកយុទ្ធសាស្ត្រខាងក្រៅនោះទេ ប៉ុន្តែគឺស្ថិតនៅលើកិច្ចសន្ទនាដ៏ស៊ីជម្រៅរបស់ព្រះសហគមន៍កាតូលិកអាស៊ីខ្លួនឯង។
អាស៊ី៖ អំណោយទាននៃភាពសម្បូរបែប
អាស៊ីគឺជាលំនៅដ្ឋាននៃប្រពៃណីខាងវិញ្ញាណដ៏អស្ចារ្យរបស់ពិភពលោក ដូចជា ពុទ្ធសាសនា ហិណ្ឌូសាសនា អ៊ីស្លាមសាសនា និងជំនឿជនជាតិដើមភាគតិចរាប់មិនអស់។ សម្រាប់គំនិតលោកខាងលិច ភាពចម្រុះដ៏ស៊ីជម្រៅនេះ អាចលេចឡើងជាឧបសគ្គ ជាទេសភាពដែលបែកបាក់ ដែលទាមទារការប្រឈមមុខ ឬការផ្លាស់ប្រែជំនឿ។ សម្រាប់ពួកយើង ដែលជាសហគមន៍កាតូលិកនៃទ្វីបអាស៊ី បណ្តុំនៃវប្បធម៌ និងសាសនានេះ គឺជា អំណោយទាន ជាបឋមនិងសំខាន់បំផុតមួយ។
ការពិតនេះទាមទារបេសកកម្មជាក់លាក់មួយ៖ គឺបេសកកម្មដែលទទួលស្គាល់វត្តមាននៃឧបការគុណរបស់ព្រះជាម្ចាស់ និង សេចក្ដីពិតរបស់ព្រះជាម្ចាស់ ដែលបានដុះដាលរួចហើយនៅក្នុងវប្បធម៌របស់យើង។ ការធ្វើជាគ្រីស្តបរិស័ទនៅអាស៊ី មានន័យថាការរស់នៅដោយមានទំនាក់ទំនងគ្នាឥតដាច់។ វាមានន័យថា ការធ្វើសក្ខីភាពអំពីព្រះគ្រីស្ត មិនមែនតាមរយៈភាពត្រួតត្រាទេ ប៉ុន្តែតាមរយៈវត្តមានស្ងាត់ស្ងៀម ប្រកបដោយក្តីមេត្តា និងបែបមនុស្សជាតិដែលចែករំលែកគ្នា។
យើងមិនត្រូវបានអញ្ជើញឲ្យរុះរើ រចនាសម្ព័ន្ធវប្បធម៌ ដែលគាំទ្រអ្នកជិតខាងរបស់យើងនោះទេ ប៉ុន្តែត្រូវបង្ហាញធម៌មេត្តានៃការសង្គ្រោះរបស់ព្រះគ្រីស្តជាមួយពួកគេ នៅក្នុងបរិបទវប្បធម៌ដ៏ជ្រាលជ្រៅបំផុត សម្រាប់ សន្តិភាព ភាពសុខដុមរមនា និង សហគមន៍។
វិថីនៃទេវវិទ្យា៖ ការសន្ទនាជីវិត
មូលដ្ឋានគ្រឹះសម្រាប់ អត្តសញ្ញាណនៃការសន្ទនានេះ មានឫសគល់នៅក្នុងបេះដូងរបស់ព្រះគម្ពីរដំណឹងល្អ គឺអាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះយេស៊ូ។ ព្រះជាម្ចាស់បានជ្រើសរើសមិនប្រឈមមុខនឹងពិភពលោកពីចម្ងាយទេ ប៉ុន្តែចូលរួមយ៉ាងពេញលេញនៅក្នុងការពិតរបស់មនុស្ស។
វិធីដ៏មានប្រសិទ្ធភាពបំផុតដែលព្រះសហគមន៍កាតូលិកនៅអាស៊ីធ្វើ គឺជារឿយៗ ធ្វើកិច្ចសន្ទនាជីវិត ដែលជាទីបន្ទាល់ស្ងៀមស្ងាត់របស់គ្រីស្តបរិស័ទ ដែលរស់នៅក្នុងតម្លៃរបស់ពួកគេដោយស្មោះត្រង់ក្នុងជីវិតប្រចាំថ្ងៃ រួមជាមួយអ្នកដែលមានជំនឿផ្សេងទៀត។ ការសន្ទនានេះ មិនមែនជជែកវែកញែកខាងទេវវិទ្យាទេ វាគឺជាវត្តមានទៅវិញទៅមកនៅក្នុងទីផ្សារ នៅក្នុងសង្កាត់ និងក្នុងការចែករំលែកសេចក្តីរីករាយ និងទុក្ខវេទនានៃជីវិត។
រឿងនេះត្រូវបានសម្រេចនៅក្នុងជីវិតប្រចាំថ្ងៃ៖
- សកម្មភាពសង្គមរួមគ្នា៖ ការធ្វើការងារជាមួយគ្នា ជាមួយអ្នកជិតខាងដែលកាន់ពុទ្ធសាសនា ឥស្លាមសាសនា ឬហិណ្ឌូសាសនា ដើម្បីការពារបរិស្ថានក្នុងស្រុក ឬផ្តល់ជំនួយបន្ទាប់ពីទឹកជំនន់។ ខណៈពេលចែករំលែកកិច្ចការនេះ សេចក្តីស្រឡាញ់ឥតលក្ខខណ្ឌរបស់ព្រះគ្រីស្តបានលេចចេញតាមរយៈទង្វើ មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។
- មិត្តភាពអន្តរសាសនា៖ មិត្តភាពដ៏ជ្រាលជ្រៅ និងគោរពគ្នាទៅវិញទៅមកដែលត្រូវបានបង្កើតឡើងរវាងគ្រួសារកាតូលិក និងគ្រួសារនៃសាសនាដទៃ ដោយអបអរសាទរពិធីបុណ្យរបស់គ្នាទៅវិញទៅមក និងកាន់ទុក្ខចំពោះការបាត់បង់របស់គ្នាទៅវិញទៅមក។ ទំនាក់ទំនងទាំងនេះបញ្ជាក់ពី ទីកន្លែងដ៏សក្ការៈនៃការគោរពគ្នាទៅវិញទៅមក ដែលភាពខុសគ្នាត្រូវបានផ្តល់កិត្តិយស ហើយមនុស្សជាតិរួមត្រូវបានគេស្រឡាញ់។
- វត្តមានប្រសើរជាងការផ្សព្វផ្សាយជំនឿ៖ ទង្វើដ៏សាមញ្ញនៃការរស់នៅក្នុងជីវិតដែលមើលឃើញថាមាន ការអធិស្ឋានប្រកបដោយក្រមសីលធម៌ និងសប្បុរសធម៌ ក្លាយជាសក្ខីភាពដ៏គួរឱ្យជឿជាក់បំផុត។ នេះគឺជាជំនឿដែលស្វែងរក ភាពសុខដុមរមនា មិនមែនការដណ្តើមយកនោះទេ។
គតិបណ្ឌិតអាស៊ី៖ ផ្លូវឆ្ពោះទៅកាន់ដំណឹងល្អ
បេតិកភណ្ឌវប្បធម៌នៃទ្វីបអាស៊ីផ្តល់ជូននូវក្របខ័ណ្ឌសីលធម៌ និង ក្របខ័ណ្ឌសហគមន៍ដ៏ស៊ីជម្រៅ ដែលដើរតួជាផ្លូវធម្មជាតិឆ្ពោះទៅរក តម្លៃរបស់ដំណឹងល្អ។ ដើម្បីក្លាយជាជនជា និងកាតូលិកតិអាស៊ីពិតប្រាកដ យើងត្រូវតែរៀនសូត្រពីប្រពៃណីទាំងនេះ៖
- Pakikipagkapwa របស់ហ្វីលីពីន៖ គំនិតនេះសង្កត់ធ្ងន់លើ “អត្តសញ្ញាណរួម” ឬ “ការឃើញខ្លួនឯងនៅក្នុងអ្នកដទៃ”។ វាគឺជាកាតព្វកិច្ចសីលធម៌ ក្នុងការប្រព្រឹត្តចំពោះអ្នកគ្រប់គ្នាជាមនុស្សជាតិរួម។ ការបង្ហាញពី សាមគ្គីភាពដ៏ស្រស់ស្អាតនេះ ឆ្លុះបញ្ចាំងពីការអញ្ជើញគ្រីស្តបរិស័ទ ឲ្យមានសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌចំពោះអ្នកជិតខាងរបស់ខ្លួន និងការមើលឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សទាំងអស់។
- Gotong Royong របស់ឥណ្ឌូនេស៊ី៖ តំណាងឲ្យកិច្ចសហប្រតិបត្តិការទៅវិញទៅមក និង ការចែករំលែកបន្ទុកសហគមន៍។ Gotong Royong គឺជា គោលការណ៍ស្នូលនៃជីវិតសហគមន៍។ ស្មារតីនៃសកម្មភាពរួមនេះផ្តល់នូវគំរូដ៏មានឥទ្ធិពលសម្រាប់បង្រៀនសង្គមរបស់ព្រះសហគមន៍កាតូលិក ដែលជារូបកាយរបស់ព្រះគ្រីស្ត ឱ្យចូលរួមយ៉ាងសកម្ម កសាងផលប្រយោជន៍រួម ជាមួយសហគមន៍កាន់តែទូលំទូលាយ។
- Wa របស់ជប៉ុន៖ មានន័យថា ភាពសុខដុមរមនា និង ឯកភាពសន្តិភាព។ Wa ណែនាំអន្តរកម្មសង្គម ដើម្បីធានាភាពរលូន និងជៀសវាងការប្រឈមមុខដាក់គ្នា។ ចំពោះព្រះសហគមន៍កាតូលិក រឿងនេះជំរុញឲ្យយើងដោះស្រាយភាពខុសគ្នា ទោះបីជាខាងទ្រឹស្តី នយោបាយ ឬសង្គមក៏ដោយ ដោយផ្តោតលើ ការគោរព ស្វែងរក ការយល់ដឹង និង ការផ្សះផ្សា។
- Satyagraha របស់ឥណ្ឌា៖ ទោះបីជាត្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយ មហាត្មៈ គន្ធី ក៏ដោយ Satyagraha ដែលមានន័យថា “កម្លាំងនៃសេចក្តីពិត” ឬ “ការតស៊ូអហិង្សា” ដែលមានឫសគល់នៅក្នុងទីបន្ទាល់សីលធម៌ គឺជាប្រព័ន្ធសីលធម៌ដែលឆ្លើយតបនឹងការយល់ដឹងរបស់គ្រីស្តបរិស័ទ អំពី យុត្តិធម៌ សន្តិភាព និង ការយកឈ្នះអំពើអាក្រក់ដោយអំពើល្អ។
តាមរយៈការទទួលយកគុណធម៌វប្បធម៌ទាំងនេះ យើងបង្ហាញដល់សកលលោកនូវសាររបស់ព្រះគ្រីស្ត។ យើងបង្ហាញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ត្រូវបានត្បាញចូលទៅក្នុងរចនាសម្ព័ន្ធនៃជីវិតអាស៊ីរួចទៅហើយ ដោយរង់ចាំការយល់ព្រម នោះនឹងលេចចេញជារូបរាង។
ការអញ្ជើញឲ្យដើររួមគ្នាដោយក្តីសង្ឃឹម
បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ នៅទីក្រុងប៉េណាំង គឺជាការអញ្ជើញឲ្យបង្កើន ការប្តេជ្ញាចិត្ត ឲ្យកាន់តែមុតមាំ។ វាអំពាវនាវឲ្យយើងបញ្ជាក់ថា ក្នុងនាមជាព្រះសហគមន៍កាតូលិកទ្វីបតែមួយ អនាគតរបស់យើងត្រូវបានចែករំលែកជាមួយអ្នកជិតខាងរបស់យើងគ្រប់ជំនឿទាំងអស់។
ឧបសគ្គដែលយើងប្រឈមមុខ ដូចជា ភាពក្រីក្រ អស្ថិរភាពនយោបាយ វិបត្តិបរិស្ថាន និង ការប្រកាន់ខាងសាសនា មិនអាចដោះស្រាយបានដោយឯកតោនោះទេ។ វាទាមទារឲ្យយើង “ដើររួមគ្នាដោយក្តីសង្ឃឹម” ឆ្លងកាត់រាល់ខ្សែបន្ទាត់បែងចែកខាងសាសនា និងវប្បធម៌ទាំងអស់។
នេះគឺជា វិធីសាស្ត្ររបស់ព្រះសហគមន៍អាស៊ី គឺព្រះសហគមន៍កាតូលិកដែលមានភាពរាបទាប ចេះយល់ចិត្ត និង មានវត្តមាន។ ព្រះសហគមន៍កាតូលិកដែលផ្តល់ធនធាន និងបេះដូងរបស់ខ្លួនដើម្បីបម្រើទ្វីបនេះ។
នៅពេលដែលយើងត្រៀមសម្រាប់ការជួបជុំ សូមឲ្យយើងប្តេជ្ញាចិត្តធ្វើជា បេសកជនផ្សព្វផ្សាយសាសនាពិតប្រាកដ ដែលដឹងថា សក្ខីភាពដ៏មានឥទ្ធិពលបំផុតដែលយើងអាចផ្តល់ គឺ វត្តមានប្រកបដោយក្តីមេត្តាឥតលក្ខខណ្ឌ ដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ឥតព្រំដែនរបស់ព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់។
នៅក្នុងបណ្តុំបែបផែនចម្រុះនៃទ្វីបអាស៊ី ជំនឿរបស់ព្រះសហគមន៍កាតូលិក នឹងរះឡើងយ៉ាងភ្លឺស្វាងបំផុត នៅពេលដែលវាត្រូវបានរក្សាទុកនៅក្នុងភាពសុខដុមរមនាជាមួយនឹងភាពស្រស់ស្អាតចម្រុះគ្នាដែលនៅជុំវិញវា៕