ចេញទៅជួសជុល បញ្ហាប្រឈមសម្រាប់អ្នកប្រកាសដំណឹងល្អតាមឌីជីថល
ថ្ងៃនេះ ពិតជាគួរឱ្យលើកទឹកចិត្តណាស់ដែលបានឃើញមនុស្សរាប់ពាន់នាក់ ទាំងគ្រហស្ថ ទាំងអ្នកបួស ទាំងក្មេងទាំងចាស់ កំពុងប្រើបណ្ដាញសង្គមចែករំលែកព្រះគម្ពីរ (ដំណឹងល្អ)។ រៀងរាល់ថ្ងៃ មានសាររាប់មិនអស់លេចឡើងលើអ៊ីនធឺណិត ដោយចែករំលែកខគម្ពីរ និងសារជំនឿ ដែលជារឿយៗត្រូវបានផ្ញើដោយមនុស្សដែលយើងមិនជួបផ្ទាល់។
កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ សម្តេចប៉ាប លេអូ ទី១៤ បានស្វាគមន៍អ្នកមានឥទ្ធិពល(influencer) និងអ្នកប្រកាសដំណឹងល្អតាមឌីជីថលទាំងនេះ (IDMs) នៅបាស៊ីលីកាសន្តសិលា (St Peter’s Basilica)។ ទ្រង់បានជំរុញឱ្យពួកគេបន្តបេសកកម្មរបស់ពួកគេជាថ្មី ជាមួយសារសំខាន់ចំនួនបី៖
• នាំមកនូវសេចក្តីសង្ឃឹមរបស់គ្រីស្តបរិស័ទដល់បណ្ដាញសង្គម។
• ទទួលស្គាល់ព្រះភក្ត្រដ៏រងទុក្ខលំបាករបស់ព្រះគ្រីស្តនៅក្នុងអ្នកដែលបានជួបតាមអ៊ីនធឺណិត។
• "ចេញទៅជួសជុលសំណាញ់" ដូចពួកសាវ័កដំបូងដែលជួសជុលសំណាញ់នេសាទរបស់ពួកគេ ដោយត្បាញបណ្ដាញនៃសេចក្ដីស្រឡាញ់ ទំនាក់ទំនង និងមិត្តភាពពិតប្រាកដ។
"ចេញទៅជួសជុលបណ្ដាញ" មានន័យថា អ្នកប្រកាសដំណឹងល្អតាមឌីជីថល ត្រូវបានត្រាស់ហៅឱ្យទៅក្នុងលោកិយ ប៉ុន្តែមិនមែនជាកម្មវត្ថុរបស់លោកិយទេ។ វត្តមានរបស់ពួកគេតាមអ៊ីនធឺណិតគួរបង្ហាញពីព្រះគម្ពីរ និងតម្លៃនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ មិនមែនដើម្បីជំរុញឱ្យមានការស្វែងរកកិត្តិនាម ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ការក្លាយជាអ្នកមានឥទ្ធិពល – តើវាពិតជាសំខាន់មែនទេ?
ភាពចម្រូងចម្រាសថ្មីៗនេះបង្ហាញពីភាពតានតឹងនេះ។ បូជាចារ្យ អាល់ប៊ែរតូ រ៉ាវ៉ាញ៉ានី (Don Alberto Ravagnani) ជាបូជាចារ្យនៅមីឡាន (Milan) អាយុ ៣២ ឆ្នាំ ដែលមានអ្នកតាមដាន ២៧០.០០០ នាក់ បានល្បីល្បាញភ្លាមៗ (viral) នៅពេលដែលវីដេអូខ្លី (Instagram Reel) មួយរបស់លោក ត្រូវបានមើលជាង ៤៥០.០០០ ដង បានបង្ហាញពីការផ្សព្វផ្សាយផលិតផលជំនួយសុខភាព ដែលជាការផ្សាយពាណិជ្ជកម្មបង់ប្រាក់។ មានប្រតិកម្មភ្លាមៗ ពីមហាជន អ្នកខ្លះគាំទ្រ អ្នកខ្លះទៀតបដិសេធ។ មនុស្សជាច្រើនបានរិះគន់លោកថា៖ “លោកបានដើរហួសព្រំដែនហើយ។ បូជាចារ្យត្រូវតែធ្វើរឿងផ្សេងទៀត។” “លោកកំពុងក្លាយដូច Fedez(សារព័ត៌មាន) ហើយ; យើងមិនត្រូវការរឿងនេះទេ។” “ជំហានបន្ទាប់ជាអី? ផ្សាយពាណិជ្ជកម្មពេលទេសនានៅក្នុងពិធីបុណ្យឬ?” អ្នកផ្សេងទៀតបានការពារលោកយ៉ាងក្លៀវក្លាថា៖ “ប្រសិនបើបូជាចារ្យទាំងអស់ដូចលោក ខ្ញុំនឹងក្លាយជាសន្តបុគ្គលហើយ។” “ពិតណាស់ ព្រះសហគមន៍ គឺសម្រាប់តែយុវជន”
ដុន អាល់ប៊ែរតូ បានឆ្លើយតបថា៖ “ការថែទាំខ្លួនឯងគឺជាមធ្យោបាយមួយដើម្បីគោរពសុខភាពដែលព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំ។ លុយរបស់អ្នកឧបត្ថម្ភ គឺគាំទ្រដល់គម្រោងផ្សាយដំណឹងល្អ។ និយាយដោយស្មោះត្រង់ទៅ ការអធិស្ឋានតែឯងមិនគ្រប់គ្រាន់ទេ”។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរភូមិភាគ (Diocesan authorities) បានអន្តរាគមន៍ ដោយរំឭកលោកអំពីច្បាប់ព្រះសហគមន៍ (Canon Law) ដែលហាមឃាត់បូជាចារ្យមិនឱ្យចូលរួមក្នុងសកម្មភាពអាជីវកម្ម ឬពាណិជ្ជកម្ម។ ពួកគេបាននិយាយថា៖ “បូជាចារ្យត្រូវតែជាវត្តមានរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្ស មិនមែនជាតួអង្គទីផ្សារនោះទេ”។
ករណីនេះបង្កជាសំណួរដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទទាំងអស់ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងការផ្សាយដំណឹងល្អតាមបែបឌីជីថល៖ តើអ្នកផ្សព្វផ្សាយសាសនាឌីជីថលគួរប្រព្រឹត្តបែបណា? អ្នកផ្សព្វផ្សាយសាសនាឌីជីថលពិតប្រាកដប្រើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាស្រ័យទាក់ទងដំណឹងល្អ ដើម្បីបណ្ដុះទំនាក់ទំនងពិតប្រាកដ និងដើម្បីធ្វើជាសាក្សីតាមរយៈជីវិត មិនមែនតាមរយៈផលិតផលនោះទេ។ ប្រជាប្រិយភាពគួរតែបញ្ចេញនូវសាររបស់ព្រះគ្រីស្ត មិនមែនបាំងបិទសារនោះឡើយ។
សក្ខីភាពជាក់ស្ដែង និងសម្ពាធនៃដំណោះស្រាយ (Algorithmic Pressure)
នេះគឺជាភាពតានតឹងដែលសាសនទូតឌីជីថលគ្រប់រូបប្រឈមមុខ។ បណ្ដាញសង្គមផ្ដល់រង្វាន់ដល់ភាពលេចធ្លោ និងភាពច្នៃប្រឌិត។ ដើម្បីលេចធ្លោ មនុស្សម្នាក់ត្រូវតែបង្ហោះអ្វីដែលថ្មីជានិច្ច មិនត្រឹមតែដោយការបង្កើតខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមានស្ទីលច្នៃប្រឌិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ការប្រណាំងប្រជែងដើម្បីទាក់ទាញចំណាប់អារម្មណ៍នេះ អាចបង្វែរការយកចិត្តទុកដាក់ពីសក្ខីភាពពិតប្រាកដទៅជាការសម្ដែងសុទ្ធសាធ។ អ្នកមានឥទ្ធិពលកាតូលិកគ្រប់រូប គួរសួរខ្លួនឯងនូវសំណួរសមរម្យពីរមុនពេលបង្ហោះ៖ តើខ្ញុំបារម្ភខ្លាំងពេកអំពីចំនួនអ្នកតាមដានឬទេ? តើខ្ញុំផ្ដល់កន្លែងច្រើនដល់អ្នកដទៃជាងខ្លួនខ្ញុំឬទេ?
ប្រហែលជាមានតែអ្នកដែលមានទស្សនិកជនតិចតួចប៉ុណ្ណោះ ដែលជារឿយៗជាសាសនទូតឌីជីថលដែលឧស្សាហ៍ព្យាយាម ទើបអាចមានសេរីភាពបែបនេះ។ ចំពោះមនុស្សភាគច្រើន បណ្ដាញសង្គមដំណើរការក្រោមតក្កវិជ្ជាដ៏ឃោរឃៅដូចគ្នាទៅនឹងពិភពលោក។ ដើម្បីរក្សាភាពលេចធ្លោ មនុស្សម្នាក់ត្រូវតែផ្សព្វផ្សាយខ្លួនឯង។ ហើយសូម្បីតែភាពរាបសារដែលមើលទៅដូចពិតៗក៏អាចក្លាយជាទម្រង់នៃការសម្ដែងដែរ។ អ្នកដែលទប់ទល់នឹងវដ្តនេះប្រឈមនឹងការបាត់បង់ភាពល្បីល្បាញ។ សម្ពាធនេះបង្កឱ្យមានអ្វីដែលអ្នកទ្រឹស្តីសីលធម៌ហៅថា ការថ្វាយបង្គំខ្លួនឯង (idolatry of the self) ដែលបំភាន់នៃអត្តសញ្ញាណឌីជីថល។ វាគឺជាទម្រង់សម័យទំនើបនៃ FOMO (ការភ័យខ្លាចនៃការខកខាន) ដែលជាសញ្ញានៃការបំភ្លេចថា តម្លៃរបស់យើងមិនមែនមកពីចំនួនលេខនោះទេ ប៉ុន្តែមកពីព្រះជាម្ចាស់ស្រឡាញ់យើង។
ចេញទៅជួសជុលសំណាញ់
ដូច្នេះហើយ ការអញ្ជើញឱ្យ "ចេញទៅជួសជុលបណ្ដាញ" ឆ្លុះបញ្ចាំងពីព្រះបន្ទូលដែលព្រះគ្រីស្ត បានបញ្ជាក្នុងព្រះគម្ពីរថា៖ «ដូច្នេះ ចូរចេញទៅហើយបង្រៀនជាតិសាសន៍ទាំងអស់ឲ្យបានទៅជាសាវ័ករបស់ខ្ញុំ» (ម៉ាថាយ ២៨:១៩)។ ដូចគ្នានឹងពួកសាវ័កដំបូងត្រូវបានបញ្ជូនទៅក្នុងពិភពលោកដើម្បីប្រកាសដំណឹងល្អដែរ។ សាវ័ករបស់ព្រះគ្រីស្តនាពេលបច្ចុប្បន្ននេះ ត្រូវបានបញ្ជូនទៅក្នុងពិភពឌីជីថល ដែលជា «ឆ្នេរ» ថ្មីមួយ ដែលចៀមរាប់មិនអស់គ្មានអ្នកគង្វាល រស់នៅ ស្វែងរក និងស្រេកឃ្លានអត្ថន័យ។ ដូចលោកសិលា ដែលព្រះយេស៊ូបានត្រាស់ហៅឱ្យ «មើលថែចៀមរបស់ខ្ញុំ» (យ៉ូហាន ២១:១៧) ដែរ។ សាសនទូតឌីជីថលត្រូវបានប្រគល់ឱ្យនូវការថែទាំព្រលឹងដែលវង្វេងតាមអ៊ីនធឺណិត ដែលជារឿយៗវង្វេងក្នុងភាពអ៊ូអរ ភាពឯកកោ និងភាពមិនស៊ីជម្រៅ។
ការជួសជុលបណ្ដាញ គឺដើម្បីព្យាបាលទំនាក់ទំនងដែលបែកបាក់ និងរូបភាពដែលបង្ខូចទ្រង់ទ្រាយដែលគ្របដណ្ដប់លើអាណាចក្រឌីជីថល។ វាមានន័យថា ការស្តារភាពពិតប្រាកដដល់វត្តមានអនឡាញរបស់យើង ដោយធ្វើឱ្យលំហឌីជីថលក្លាយជាកន្លែងសម្រាប់បេសកកម្ម មិនមែនជាការប្រកួតប្រជែងនោះទេ។ វាមានន័យថា ការប្រើបច្ចេកវិទ្យាដើម្បីបម្រើការពិត ភាពស្រស់ស្អាត និងការរួបរួម មិនមែនដើម្បីកសាងអាណាចក្រផ្ទាល់ខ្លួននោះទេ។ សាសនទូតឌីជីថលត្រូវបានត្រាស់ហៅឱ្យធ្វើជាសញ្ញានៃវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងពិភពលោកដែលមានការកកស្ទះ។ បេសកកម្មរបស់ពួកគេមិនមែនដើម្បី ល្បីល្បាញភ្លាមៗ ទេ ប៉ុន្តែដើម្បីបង្ហាញព្រះគ្រីស្តតាមរយៈភាពរាបសាដោយច្នៃប្រឌិត និងសេចក្តីស្រឡាញ់។
ចុងក្រោយ បេសកកម្មឌីជីថលដ៏ល្អបំផុតមិនត្រូវបានវាស់វែងដោយចំនួនចុចចូលមើល ចំនួនចូលចិត្ត អ្នកតាមដាន ឬអ្នកជាវនោះទេ ប៉ុន្តែដោយបេះដូងដែលបានប៉ះពាល់ជីវិត ដែលបានផ្លាស់ប្តូរ និងសហគមន៍ដែលបានកែទម្រង់៕