កម្ពុជា-អាមេរិក ឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសម និងជម្រាបលា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោក ស សុខា បានថ្លែងកោតសរសើរចំពោះអាណត្តិបេសកកម្ម និងកត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកកាទូតរបស់ ឯកឧត្តមPatrick Murphy។
លោកបានថ្លែងថា ៖ «ឯកឧត្តមPatrick Murphy បានដើរតួនាទីយ៉ាងសកម្ម ក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូតដ៏យូរលង់ជាង៧ទសវត្សរ៍ រវាងកម្ពុជា និងអាមេរិក។ ឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងនាមជាអ្នកការទូតដ៏គួរជាទីគោរពប្រកបដោយចំណេះដឹង និងបទពិសោធន៍ជ្រៅជ្រះអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាជនកម្ពុជា លោករដ្ឋមន្រ្តីមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។
ជាមួយគ្នានោះដែរ លោក Patrick Murphy ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់លោក ស សុខា ក៏ដូចជាការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិក។
លោក Patrick Murphy ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងនីតិកាល ទី៧ នៃរដ្ឋសា ដែលបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព។
ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថាកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់ នាពេលខាងមុខទៀត។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូត ហើយភាគីទាំងពីរបានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕