បន្ទាត់ក្រហមនៃភពផែនដី ៖ នៅពេលដែលក្តីសង្ឃឹម + ១,៥ °C ត្រូវបាក់បែក ពិភពលោកត្រូវភ្ញាក់រលឹកដើម្បីទទួលយកការពិតដ៏ក្តៅគគុក
ពិភពលោកលែងមានពេលសម្រាប់ភាពស្ទាក់ស្ទើរទៀតហើយ! នៅក្នុងរបាយការណ៍ដ៏ តក់ស្លុតមួយដែលត្រូវបានផ្សព្វផ្សាយដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) កាលពីដើមខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាត់ក្រហមដ៏មានតម្លៃបំផុតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីអាកាសធាតុ គឺការទប់ស្កាត់ការឡើងកម្តៅផែនដីមិនឱ្យឡើងហួសកម្រិត +១,៥°C គឺត្រូវបានប្រកាសថា «ស្ថិតនៅពីក្រៅការសម្រេចបាន» ជាផ្លូវការ ហើយ។
ការសន្និដ្ឋាននេះមិនត្រឹមតែជាការបាត់បង់នូវគោលដៅនិមិត្តរូបដ៏ពិសិដ្ឋមួយប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាសញ្ញាអាសន្នដ៏ខ្ពស់បំផុត ដែលទាមទារឱ្យមនុស្សជាតិទាំងមូលភ្ញាក់រលឹក និងប្តូរវិធី សាស្ត្ររស់នៅជាបន្ទាន់ ព្រោះថាពីពេលនេះទៅ គេត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងពិភពលោកដែលកាន់តែក្តៅខ្លាំង។
នៅឆ្នាំ២០១៥ ប្រទេសជិត ២០០បានសន្យាគ្នាយ៉ាងម៉ឺងម៉ាត់នៅទីក្រុងប៉ារីស ថានឹងព្យាយាមគ្រប់គ្រងសីតុណ្ហភាពពិភពលោកមិនឱ្យកើនឡើងហួសពី +១,៥°C ធៀបនឹងយុគសម័យមុនឧស្សាហកម្ម។ ប៉ុន្តែពេលនេះ ការពិតដ៏ឈឺចាប់បានបង្ហាញថា ផែនដីបានឡើងកម្តៅប្រហែល +១,៤ °C រួចទៅហើយ ដោយសារតែការដុតថាមពលឥន្ធនៈហ្វូស៊ីលដ៏សន្ធោសន្ធៅ នៅខណៈដែលការបំភាយឧស្ម័នកាបូនិក និងមេតាន បន្តកើនឡើងជាលំដាប់។
បីឆ្នាំកន្លងទៅនេះ គឺជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រនៃការកត់ត្រា។ អ្នកវិទ្យាសាស្ត្របានឯកភាពគ្នាថា ការឆ្លងហួសកម្រិត +១,៥°C គឺលែងអាចជៀសរួចទៀតហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ បញ្ហាប្រឈមដ៏ធំបំផុតនាពេលបច្ចុប្បន្ន គឺមិនមែនគេចវេសពីការឡើងលើសកម្រិតសីតុណ្ហភាពនោះទេ ប៉ុន្តែគឺ «ការគ្រប់គ្រង និងបន្ធូរបន្ថយជាអតិបរមានូវវិសាលភាព និងរយៈពេលនៃការឆ្លងហួសនេះ»។
លោករីឆាត បេត (Richard Betts) សាស្ត្រាចារ្យ និងជាអ្នកសហការតាក់តែងរបាយការណ៍ បានថ្លែងយ៉ាងចំៗថា ៖ «នេះគឺជាការវិលត្រឡប់មករកសច្ចភាព។ យើងត្រូវតែរស់ជាមួយពិភពលោកដែលកាន់តែក្តៅ ប៉ុន្តែវានៅសេសសល់រឿងច្រើនណាស់ដែលត្រូវធ្វើ ដើម្បីកម្រិតការកើនកម្តៅបន្ថែម។»
ស្រដៀងគ្នានេះដែរ លោកស្រី ដឺប្រា រ៉ូប៊ែរ (Debra Roberts) អ្នកអាកាសធាតុវិទូ បានសង្កត់ធ្ងន់ថា អ្នកសម្រេចគោលនយោបាយនានាត្រូវដឹងថា «ច្បាប់នៃល្បែងកំពុងតែផ្លាស់ប្តូរ»។ វិធីសាស្ត្រចាស់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ គឺលែងសមស្របទៀតហើយ។ ពិភពលោកត្រូវតែគិតគូរឡើងវិញជាបន្ទាន់អំពីអភិបាលកិច្ច និងការរៀបចំខ្លួនឱ្យបានត្រឹមត្រូវ ដែលកន្លងមកមិនធ្លាប់មានផែនការណាមួយត្រៀមទុកសម្រាប់រឿងនេះឡើយ។
ក៏មានសំឡេងរិះគន់ជាច្រើនផងដែរ អ្នកវិទ្យាសាស្ត្រខ្លះបារម្ភថា របាយការណ៍នេះអាចក្លាយជាការអំពាវនាវបែបអតីតកាល និងការព្រងើយកន្តើយ ជាជាងការជំរុញឱ្យមានសកម្មភាពពិតប្រាកដ។
ការឆ្លងហួសកម្រិត +១,៥°C មិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសនោះទេ ប៉ុន្តែវាគឺជាគ្រោះមហន្តរាយដែលនឹងបង្កឱ្យមានបាតុភូតឧតុនិយមដ៏ហួសហេតុ និងបង្ខិតភពផែនដីទៅរក «ចំណុចក្រឡាប់ចាក់» (Tipping Point) ដែលមិនអាចត្រឡប់ក្រោយវិញបាន ដែលរួមមាន ការបាក់ស្រុតនៃផ្ទាំងទឹកកកយក្ស និងការរលំរលាយនៃប្រជុំកោះផ្កាថ្មប៉ប្រះទឹកនៅតំបន់ត្រូពិចជាដើម។
