អាសន្នសុខភាពពិភពលោក ៖ មនុស្សជាង ១/៣ រងគ្រោះថ្នាក់ខ្លាំងពីការបំពុល អូហ្ស៉ូននៅឆ្នាំ២០២៦
របាយការណ៍ថ្មីបំផុតពីសេវាកម្មតាមដានបរិយាកាសកូពែនីគូស (CAMS) នៃសហភាពអឺរ៉ុប បានទម្លាយការពិតដ៏គួរឱ្យព្រួយបារម្ភថា ប្រជាជនពិភពលោកជាង ៣៤% កំពុងដកដង្ហើម យកខ្យល់ពុលកម្រិតគ្រោះថ្នាក់បំផុតនៅឆ្នាំ២០២៦នេះ ដោយសារការរួមផ្សំគ្នារវាងរលកកម្តៅ ភ្លើងឆេះព្រៃ និងសកម្មភាពមនុស្ស។ អាស៊ីគឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈអ្នក ជំនាញ ព្រមានថា ជាតិពុលនេះគ្មានព្រំដែនកំណត់នោះឡើយ។
យោងតាមការវិភាគដ៏រសើបមួយ ដែលត្រូវបានផ្សព្វផ្សាយដោយសេវាកម្មតាមដាន បរិយាកាស កូពែនីគូស (CAMS) នៃសហភាពអឺរ៉ុប កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ស្ថានភាពគុណភាពខ្យល់សកលបានធ្លាក់ចុះដល់កម្រិតព្រមានជាអាសន្ន។ មនុស្សជាង ១/៣ ឬ ៣៤% នៃប្រជាជនសរុបនៅលើពិភពលោក កំពុងប្រឈមមុខនឹងកម្រិតការបំពុលដោយអូហ្ស៉ូនជាន់ទាប ក្នុងកម្រិតខ្ពស់ និងគ្រោះថ្នាក់បំផុតក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំ២០២៦នេះ។
ទិន្នន័យពីផ្កាយរណប និងការអង្កេតលើផ្ទៃដីបានបង្ហាញរូបភាពដ៏ស្រពិចស្រពិលនៃបរិយាកាសពិភពលោក ៖
ទ្វីបអាស៊ីគឺជាតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយមានប្រជាជនរហូតដល់ ៥៣% ជាប់ពាក់ព័ន្ធនឹងកម្រិតបំពុលខ្ពស់បំផុត។
នៅទ្វីបអាម៉េរិកខាងជើង មានប្រជាជន ២/៣ ទទួលរងគុណភាពខ្យល់អាក្រក់ ឬអាក្រក់ខ្លាំង។
នៅទ្វីបអឺរ៉ុប ប្រជាជន ៤៥% ក៏កំពុងប្រឈមមុខនឹងបញ្ហានេះផងដែរ។
បើគិតជាទូទាំងសកលលោក មានប្រជាជនត្រឹមតែ ៥% ប៉ុណ្ណោះ ដែលបានស្ថិតនៅក្រោមខ្យល់បរិសុទ្ធល្អ ខណៈ ១៥% មានលក្ខខណ្ឌអាចទទួលយកបាន ដែលនេះមានន័យថា មនុស្សភាគច្រើនលើសលប់កំពុងដកដង្ហើមយកខ្យល់អាក្រក់ ឬអាក្រក់ខ្លាំង។
អូហ្ស៉ូនជាន់ទាប គឺជាធាតុពុលបន្ទាប់បន្សំដែលកើតចេញពីប្រតិកម្មគីមីរវាងអុកស៊ីតអាស៉ូត ចេញពីចរាចរណ៍ និងឧស្សាហកម្ម ជាមួយសមាសធាតុសរីរាង្គងាយហួត (COV) ក្រោមពន្លឺកាំរស្មីអ៊ុយត្រាវីយ៉ូឡេ (UV) របស់ព្រះអាទិត្យ។ នៅឆ្នាំ២០២៦នេះ កម្រិតអូហ្ស៉ូនដ៏គ្រោះថ្នាក់នេះត្រូវបានរុញច្រានឱ្យកាន់តែខ្ពស់ខ្លាំងឡើង ដោយសារតែរលកកម្តៅកម្រិតឯកតកម្ម និងភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ដែលបានបំផ្លិចបំផ្លាញតំបន់អឺរ៉ុប និងអាម៉េរិកខាងជើង ហើយរីកសាយភាយឆ្លងកាត់ដែនដីយ៉ាងឆ្ងាយ។ បាតុភូតនេះគឺជាភស្តុតាងដ៏ច្បាស់លាស់ថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យវិបត្តិការបំពុលខ្យល់កាន់តែអាក្រក់ឡើងទ្វេដង។
ឧស្ម័នអូហ្ស៉ូនអាចជ្រាបចូលយ៉ាងជ្រៅទៅក្នុងប្រព័ន្ធដកដង្ហើម បង្កឱ្យមានការក្រហាយភ្នែក ក្អក ពិបាកដកដង្ហើម និងធ្វើឱ្យមានអាការៈជំងឺហឺត ឬជំងឺផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរឡើងៗ។
លោកអ៊ីយ៉ង់ ម៉ាកណាន មកពីទីភ្នាក់ងារអឺរ៉ុបសម្រាប់បរិស្ថាន បានបញ្ជាក់យ៉ាងមុតមាំថា ៖«ការបំពុលខ្យល់ គឺជាហានិភ័យបរិស្ថានដ៏សំខាន់បំផុតសម្រាប់សុខភាពមនុស្ស។ នៅអឺរ៉ុប វាបណ្តាលឱ្យមានការស្លាប់មុនអាយុប្រមាណ ១៨០០០០នាក់ ជារៀងរាល់ឆ្នាំ ដែលក្នុងនោះ ៦០០០០នាក់ គឺបណ្តាលមកពីការធ្លាក់ចុះទាបនៃអូហ្ស៉ូននេះឯង។»
ចំណែកលោកស្រី ឡូរ៉ង់ រូអ៊ីល នាយិកាសេវាកម្មតាមដានបរិយាកាសកូពែនីគូស (CAMS) បានព្រមានបន្ថែមថា បាតុភូតនេះពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ព្រោះថា «ការបំពុលខ្យល់មិនឈប់ត្រឹមព្រំដែនប្រទេសណាមួយឡើយ វាអាចធ្វើដំណើរឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូម៉ែត្រ ឆ្លងកាត់ទ្វីប និងមហាសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពខ្យល់នៅតំបន់ឆ្ងាយដាច់ស្រយាលពីប្រភពដើមនៃការបំពុល»។
