ព្រមានអាសន្នពីអង្គការឧតុនិយមពិភពលោក ៖ បាតុភូត «អេល នីណូ» ដ៏មាន ឥទ្ធិពលបំផុត​ក្នុង​ប្រវត្តិសាស្ត្រវាយលុកពិភពលោករហូតដល់ដើមឆ្នាំ ២០២៧

អង្គការឧតុនិយមពិភពលោក (OMM) បានចេញការព្រមានជាបន្ទាន់ថា បាតុភូត អេល នីណូ (El Niño) នាពេលនេះ នឹងពង្រីកវិសាលភាព និងកម្លាំងបំផ្លាញដល់កម្រិតពិដាន មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៥០ មក។ ជាមួយសម្ពាធកម្ដៅសមុទ្រជាប្រវត្តិសាស្ត្រ បាតុភូតនេះនឹងបង្ក ឱ្យមានវិបត្តិអាកាសធាតុ ទាំងគ្រោះរាំងស្ងួតក្តៅហួតហែង និងទឹកជំនន់បំផ្លិចបំផ្លាញ ដែល អាចអូសបន្លាយរហូតដល់ដើមឆ្នាំ២០២៧ និងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខស្បៀង អាហារពិភពលោក។

កើនឡើងនៃកម្ដៅដែលមិនធ្លាប់មាន ៖ ការព្យាករស្ទើរតែ ១០០% ពីមជ្ឈមណ្ឌលអន្តរជាតិ

ពិភពលោកកំពុងប្រឈមមុខនឹងចំណុចរបត់អាកាសធាតុដ៏គ្រោះថ្នាក់មួយ។ យោងតាម ទិន្នន័យចុងក្រោយបង្អស់ដែលប្រមូលបានពីមជ្ឈមណ្ឌលឧតុនិយមចំនួន ១៣ នៅជុំវិញ​ពិភពលោក អ្នកជំនាញបានចង្អុលបង្ហាញរួមគ្នាយ៉ាងច្បាស់ថា បាតុភូត អេល នីណូ លើកនេះ កំពុង​បង្កើន​ល្បឿន និងថាមពលរបស់ខ្លួនយ៉ាងគំហុក។

លោកស្រី សេឡេស សូឡូ (Celeste Saulo) ប្រមុខនៃអង្គការឧតុនិយមពិភពលោក (OMM) បានថ្លែងបញ្ជាក់ដោយក្តីកង្វល់ថា ៖ «អត្រាប្រូបាប៊ីលីតេ ដែលបាតុភូតនេះនឹងបន្តអូស បន្លាយ​រ​ហូ​ត​ដល់ខែកុម្ភៈ ឆ្នាំ២០២៧ គឺស្ថិតនៅកម្រិតជិត ១០០%។ ភាពស្ទើរតែច្បាស់លាស់នេះ ធ្វើឱ្យបាតុភូតអេល នីណូ លើកនេះ ក្លាយជាបាតុភូតមួយដែលមានវិសាលភាព និងថាមពល​ខ្លាំង​ក្លា​​បំផុតក្នុងប្រវត្តិសាស្ត្រនៃការកត់ត្រា»។

រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦ អង្គការឧតុនិយមពិភពលោក (OMM) ព្យាករ​ថា សីតុណ្ហភាពមិនប្រក្រតីមធ្យមនឹងកើនឡើងរហូតដល់ ៣,៧ °C។

តួលេខ ៣,៧ °C នេះ គឺជាកម្រិតសីតុណ្ហភាពដែលខ្ពស់​ជាងឆ្ងាយ​ខ្លាំង​ធៀប​នឹង​ឯកតកម្ម​ចាស់ ២,៦ °C ដែលធ្លាប់បានកត់ត្រាក្នុងអំឡុងពេលបាតុភូតអេល នីណូ ដ៏ខ្លាំងក្លាពីឆ្នាំ​២០១៥-២០១៦។

មហាសមុទ្រជាប្រភពស្តុកកម្ដៅ ៖ ការពិតនៅពីក្រោយបាតុភូត និងការប្រែប្រួល​អាកាស​ធាតុ។

ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីគ្រោះថ្នាក់នេះ អ្នកជំនាញបានគូសបញ្ជាក់ពីយន្តការ​ធម្មជាតិ​នៃ​បាតុភូតនេះ។ ជាមូលដ្ឋាន អេល នីណូ គឺជាបាតុភូតធម្មជាតិដែលកើតឡើងជាបន្តបន្ទាប់ ដោយសារ​ការឡើងកម្ដៅមិនធម្មតានៃទឹកសមុទ្រនៅផ្ទៃលើក្នុងតំបន់ប៉ាស៊ីហ្វិកអេក្វាទ័រ ដែល​ធ្វើ​ឱ្យប៉ះ​ពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរកម្ដៅរវាងសមុទ្រ និងបរិយាកាស។ ឥទ្ធិពលនេះ​ នឹង​រីករាលដាលតាមរយៈចរន្តខ្យល់បរិយាកាស ធ្វើឱ្យសីតុណ្ហភាព និងរបប​ទឹកភ្លៀងប្រែប្រួល​ខុស​ប្រក្រតីនៅតាមតំបន់នានាដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

ប៉ុន្តែលើកនេះ អេល នីណូ បានលេចឡើងក្នុង «បរិបទអាកាសធាតុពិសេសដាច់ដោយឡែក និងគ្រោះថ្នាក់បំផុត»។ យោងតាមទិន្នន័យអង្គការឧតុនិយមពិភពលោក ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ត្រូវគេកត់ត្រាថា​ជាខែសីហាដែលក្តៅបំផុតនៅលើភពផែនដី​មិនធ្លាប់មាន ហើយ​សីតុណ្ហភាពមធ្យមលើផ្ទៃសមុទ្រក៏បានឈានដល់កំពូលជាប្រវត្តិសាស្ត្រផងដែរ។

សន្តិសុខស្បៀង និងប្រជាជន៖ ផលប៉ះពាល់លើសពីទិន្នន័យឧតុនិយម

អ្នកជំនាញបរិស្ថានបានព្រមានថា ការប្រែប្រួលរលកធាតុអាកាសទាំងនេះ ជា​វិបត្តិ​តថភាព​ដែល​ប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព និងការរស់នៅរបស់មនុស្សរាប់លាន​នាក់។

នៅក្នុងតំបន់កសិកម្មជាច្រើនដែលពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងតាមរដូវ ការថយចុះ​នៃរបប​ទឹក​ភ្លៀង​ដែលបន្លាយពេលយូរ នឹងធ្វើឱ្យដីស្រែចម្ការស្ងួតហួតហែង បង្កហានិភ័យធ្ងន់ធ្ងរដល់​ទិន្នផល​ដំណាំអាហារ និងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកកាន់​តែមានភាព​ផុយ​ស្រួយ។

ផ្ទុយទៅវិញ នៅក្នុងតំបន់ដែលជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងហួសហេតុ ទឹក​ជំនន់​ភ្លាមៗនឹង​បំផ្លាញ​ដំណាំកសិកម្ម ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងផ្ទះ​សម្បែង ព្រមទាំងបង្កឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជន និងការ​ផ្ទុះ​ឡើងនៃជំងឺ​ឆ្លងតាម​ទឹក​ផ្សេងៗ ផងដែរ។

 

 

Daily Program

Livesteam thumbnail
khmer popup image