នៅប្រទេសហៃទី ខ្យល់ព្យុះម៉េលីសា បង្កើតវិបត្តិគ្មានឈប់ឈរ

លោកស្រីឡូឡា កាស្រ្ត៉ូនាយិកាតំបន់នៃកម្មវិធីចំណីអាហារពិភពលោក (PAM) នៅអំឡុង សន្និសីទព័ត៌មាននៅអង្គការសហប្រជាជាតិកាលពីពេលថ្មីៗ បានរៀបរាប់ថា ៖ “ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌តាមផ្លូវអាកាសគឺមានសារសំខាន់ណាស់។ វាជួយ​ឲ្យប្រទេសរងគ្រោះ​​មាន​ជីវិត ហើយនេះគឺជារបៀបតែមួយដែលជំនួយមនុស្សធម៌អាចទៅ​ដល់បានងាយ”។

មួយខែកន្លះ បន្ទាប់ពីការបោកបក់ឆ្លងកាត់របស់ខ្យល់ព្យុះអ៊ូរ៉ាហ្គ៉ង់ មេលីសា ដែលបានបំផ្លិច​បំផ្លាញ​ប្រទេសចាម៉ៃកា គុយបា ហៃទី និងសាធារណរដ្ឋដូមីនីក អង្គការមនុស្សធម៌​ប្រកាស​អាសន្ន​នូវផលវិបាកជាបន្តពីព្យុះកម្រិត ៥ នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប។

លោកស្រីនាយិកាតំបន់នៃកម្មវិធីចំណីអាហារពិភពលោក រំឭកថា ៖ “មនុស្ស ៦លាននាក់ បាន​​រងគ្រោះ ហើយដែលអ្វីហាក់ដូចជាគេចង់បំភ្លេចនាពេលសព្វថ្ងៃ។ យើងមិនអាចភ្លេច​ប្រទេស​ហៃទីបានទេ។”

ប្រទេសហៃទីត្រូវបានចាត់ថ្នាក់ក្នុងចំណោម ៥ប្រទេសនៃពិភពលោក ដែលគ្រោះអត់ឃ្លាន​បាន​​វាយប្រហារយ៉ាងយូរបំផុតជាងគេ។ លោកស្រីឡូឡា កាស្រ្ត៉ូ បញ្ជាក់ថា ៖ “ច្រើនជាង ពាក់​កណ្តាល​នៃប្រជាជនចំនួន ៥,៧លាននាក់ មិនបានបរិភោគឆ្អែតទេ ជារៀងរាល់ថ្ងៃ”។ បន្ថែមពី​លើ​នេះក៏មានជនភៀសខ្លួនចំនួន ១,៤លាននាក់ទៀត និងផ្តល់វិបាកផ្ទាល់​ឲ្យមានអំពើ​ហិង្សា​ជន​អន្ធពាល និងការដួលរលំនូវសេវាសាធារណៈ។ នៅក្នុងបរិបទបែបនេះ ខ្យល់ព្យុះ​ម៉េលីសា មានតែពង្រីកស្ថានភាពរងរបួសរបស់ប្រទេសឲ្យកាន់តែធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរ​ប៉ុណ្ណោះ។

នៅភាគអាគ្នេយ៍​នៃកោះ​ហ៊ីស្បាននីញ៉ូឡា ដែលមានទាំងប្រទេសហៃទី និងសាធារណៈរដ្ឋ​ដូមីនីក​ស្ថិតនៅ ប្រជាជន​ចំនួន ១,២លាននាក់ ត្រូវរងផលប៉ះពាល់ដោយភ្លៀងព្យុះ។ នៅ​ទីក្រុង​ប៉ឺទី ហ៊្គូអាវ ស្ថិតនៅភាគ​ខាងលិចប្រទេសហៃទី ទឹកស្ទឹងបានឡើងជន់លិចឆ្នេរ និងនាំ​យក​​ទៅ​ជា​មួយនូវផ្ទះសម្បែង សត្វពាហនៈ និងមធ្យោបាយទ្រទ្រង់ជីវិតផ្សេងៗ។  លោកស្រី​ឡូឡា កាស្រ្ត៉ូ បញ្ជាក់ថា ៖ “មនុស្ស ២៥នាក់ បានស្លាប់នៅទីនេះ”។ នៅទីកន្លែងផ្ទាល់ លោកស្រី​បាន​ជួប​ប្រទះ​ប្រជាជនដែលខ្សោះអស់កម្លាំង និងត្រូវបានបង្ខិត​បង្ខំឲ្យចាកចេញ​ទាំង​យប់ ឆ្លង​កាត់​តាមស្ទឹងភក់ ជាមួយនិងអារម្មណ៍សោកសៅជាអចិន្ត្រៃយ៍។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងត្រៀមខ្លួនដ៏មានសារ​សំខាន់ ដូចជាសារផ្តល់ភេរវសញ្ញា​អាច​បញ្ជូន​ដល់មនុស្ស ៣,៥ លាននាក់ និងការផ្តល់ជំនួយជាប្រាក់មុនដល់គ្រួសារចំនួន ៥០០០០​គ្រួសារ ក៏ប្រជាជននៅតែរងការប៉ះទង្គិចបន្ថែមទៀត។ លោកស្រីឡូឡា កាស្រ្ត៉ូ រៀបរាប់ថា អ្វី​ដែល​លោកស្រីឮនៅទីនោះ គឺជាស្រ្តី និងកុមារ ដែល​បានបាត់បង់គ្រួសាររបស់ពួកគេ មធ្យោបាយ​​ទ្រទ្រង់ជីវិត និងលំនៅដ្ឋាន។

ការទៅដល់តំបន់រងគ្រោះគឺជាការប្រឈមមួយដែលមិនប្រាកដទាល់តែសោះជារៀងរាល់ថ្ងៃ។ យោងតាមមន្រ្តីទទួលខុសត្រូវខាងជំនួយបានឲ្យដឹងថា ៩០% នៃតំបន់នៅទីក្រុងព័រអូប្រាំងហ៍ សព្វថ្ងៃនេះ គឺ​ត្រូវ​បានគ្រប់គ្រងដោយជនអន្ធពាល។ នៅខាងក្រៅរដ្ឋធានី ខេត្តខ្លះ ដូចជាតំបន់ អាកទីបូនីត វាត្រូវ​បានពុះជ្រែកចែកគ្នាគ្រប់គ្រងដោយក្រុមយោធា។

ការផ្គត់ផ្គង់ជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក ស្ថិតនៅលើតុល្យភាពមិនមាំមួន ត្រូវការ​ចចារ​ជាអចិន្ត្រៃយ៍ ក្បួនដឹកជញ្ជូនបានឆ្ពោះទៅមុខ ឬថយក្រោយ​ដែលប្រព័ន្ធដឹកជញ្ជូន និងផ្លូវ​ធ្វើ​ដំណើរប្រែប្រួលជានិច្ច។ លោកស្រីឡូឡា កាស្រ្ត៉ូ សង្ខេបថា ផ្លូវដែលអាចឆ្លងកាត់បាន ប្រែ​ក្លាយ​​ជាលែងទៅបាន ផ្លាស់ប្តូរតែប៉ុន្មានម៉ោង វាប្រៀបដូច​ជាផែនទីរបស់ប្រទេសហៃទី​ប្រែប្រួល​​​ជារៀងរាល់ថ្ងៃ។  ពេលខ្លះផ្លូវក៏ត្រូវដាច់ ហើយនៅសល់តែមធ្យោបាយធ្វើដំណើរ​តាម​ទូក កំពង់ផែ ឬឧទ្ធម្ភាគចក្រ របស់អង្គការសហប្រជាជាតិ ដែលនៅតែជាមធ្យោបាយ​ដែល​អាច​​ជឿជាក់ថាទៅដល់តំបន់ដែលពិបាកចូលទៅដល់។

 

 

 

Daily Program

Livesteam thumbnail