តើអ្វីជាការរីករាលដាលនៃវាលលំហ? អ្នកជំនាញសង្ឃឹមថា និន្នាការមហន្តរាយ នេះ​អាចនឹងបកក្រោយវិញ

កាលពីថ្ងៃទី២ ខែធ្នូ ប្រទេសនានានៅលើពិភពលោកទាំងមូល បានជួបប្រជុំនៅទីក្រុងរីយ៉ាដ ក្រោម​ការគាំទ្រពីកិច្ចព្រមព្រៀងនៃអង្កការសហប្រជាជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីក​រាលដាលនៃវាលលំហ (CNULCD) និងដើម្បីពិភាក្សាអំពីមធ្យោបាយដើម្បីប្រែក្លាយដីពីធ្លាក់​អន់ថយទៅជាដីមានជីជាតិឡើងវិញ។

វាប្រហែលជាគ្មានការសង្ស័យ បើមិនមានដីល្អ វាក៏មិនអាចមានជីវិតដែរ។ ដីផ្តល់ការចិញ្ចឹម ជំនាញ និងជាជម្រកសម្រាប់មនុស្សជាតិ។ ដីផ្តល់ការងារ គាំទ្រដល់មធ្យោបាយទ្រទ្រង់ជីវិត និង​បង្កើត​ជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសង្គម ប្រទេសជាតិ និងពិភពលោក។ ដីចូលរួមសម្រប​សម្រួល​អា​កាសធាតុ និងមានសារសំខាន់ណាស់សម្រាប់ស្ថានជីវចម្រុះ។

ទោះបីជាវាមានសារសំខាន់សម្រាប់ជីវិតដូចដែលយើងដឹង ដីរហូតដល់ ៤០% នៃផ្ទៃដី​ពិភពលោក​ទាំងមូលកំពុងធ្លាក់អន់ថយគុណភាព។ នេះនឹងផ្តល់ផលប៉ះពាល់ដល់​ប្រជាជន​ប្រមាណ​ជា ៣,២ ពាន់លាននាក់ ឬប្រហែលជិតពាក់កណ្តាលនៃប្រជាជន​ពិភពលោក។

ភ្នំដែលត្រូវបានកាប់ឈើឡើងត្រងោលនៅប្រទេសហៃទី រហូតដល់ការបាត់បង់ជាបន្តបន្ទាប់​នៃបឹងឆាតនៅតំបន់សាហែល ទ្វីបអាហ្រ្វិក និងការឡើងរីងខ្សោះនៃដីដែលដាំដុះបាននៅ​ប្រទេស​​ហ្ស៉កហ្ស៊ី ការធ្លាក់ថយគុណភាពរបស់ដីបានប៉ះពាល់គ្រប់តំបន់​នៅលើពិភពលោក។

វាមិនមែនជាការពន្លើសទេដែលនិយាយថា អនាគតរបស់យើងផ្ទាល់ គឺស្ថិតនៅមាត់ជ្រោះ ប្រសិន​បើដីរបស់យើងមិនមានសុខភាពល្អទេនោះ។

ការរីកសាយភាយនៃវាលលំហគឺជាដំណើរការនៃដីដែលធ្លាក់ថយគុណភាព​នៅក្នុង​តំបន់​នានា​ដែលជួបគ្រោះរាំងស្ងួតជាទូទៅ។ នេះគឺជាលទ្ធផលនៃកត្តាជាច្រើន មានជាអាទិ៍ ការប្រែ​ប្រួល​អាកាសធាតុ និងសកម្មភាពរបស់មនុស្ស មានការធ្វើកសិកម្មហួស​ហេតុ និងការកាប់​បំផ្លាញ​ព្រៃឈើ​ជាដើម។

ផ្ទៃដីប្រមាណ ១០០លាន ហិចតា ឬប្រមាណ ១លាន គម២ ឬទំហំស្មើនឹងប្រទេសអេហ្ស៊ីប ដែល​ជាដីមានគុណភាព និងផលិតកសិផលបាន បានខូចខាតជារៀងរាល់ឆ្នាំ។ដីនៅលើ​ផ្ទៃដី​ទាំង​នេះ ដែលការដុះដាលរបស់វាអាចចំណាយពេលរាប់រយឆ្នាំ កំពុងត្រូវធ្លាក់ថយគុណភាព ជា​រឿយៗ ដែលបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុខ្លាំងក្លាហួសហេតុ។

សីតុណ្ហភាពកើនឡើងដោយហេតុផលនៃការប្រែប្រួលអាកាសធាតុ។ នេះបង្កបានជាបាតុភូត​ឧតុនិយមហួសហេតុ មានជាអាទិ៍គ្រោះរាំងស្ងួត និងទឹកជំនន់។ ហើយទាំងនេះក៏ធ្វើឲ្យរឹតតែ​ស្មុគ​​ស្មាញ​​ដល់ការងារដើម្បីរក្សាផលិតភាពរបស់ដី។

វាបានបង្ហាញយ៉ាងច្បាស់ថា ការថយចុះគុណភាពដី គឺពាក់ព័ន្ធនឹងការប្រឈមខាងបរិស្ថាន​ដែល​កាន់តែទូលំទូលាយដូចជា ការប្រែប្រួលខាងអាកាសធាតុដែរ។

ប្រព័ន្ធបរិស្ថានដីស្រូបយក ១/៣ នៃការបំភាយឧស្ម័នកាបូនិចរបស់មនុស្ស ដែលជាឧស្ម័ន​ទទួល​ខុសត្រូវបង្កឲ្យមានការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ ការគ្រប់គ្រងមិនល្អនៃដីគំរាម​ដល់​សមត្ថភាព​ស្រូបយកដ៏មានសារសំខាន់នេះ ដែលកាន់តែបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បី​សំដៅ​​ពន្យឺតការសាយភាយនៃឧស្ម័នចង្រៃនេះ។

ការកាប់បំផ្លាញព្រៃឈើ ដែលចូលរួមចំណែកដល់ការរីករាលដាលនៃវាលលំហ មានកំណើន​ឡើង ជាមួយនឹងមានតែ ៦០% នៃព្រៃឈើពិភពលោកដែលមិនទាន់រងការប៉ះពាល់។ នេះគឺ​ស្ថិត​​​នៅ​ក្រោមអ្វីដែលអង្គការសហប្រជាជាតិហៅថា គោលដៅសុវត្ថិភាពគឺរក្សាព្រៃឈើ​ឲ្យនៅ ៧៥%។

ដំណឹងល្អ គឺថា មនុស្សអាចមានចំណេះដឹង និងអំណាចដើម្បីផ្តល់ជីវិតសាជាថ្មីដល់ដី ដោយ​ប្រែ​ក្លាយវាពីការចុះអន់ថយគុណភាពទៅជាដីស្តារឡើងវិញ។

 

Daily Program

Livesteam thumbnail