បណ្តុំបញ្ជាំងផ្កាថ្មកំពុងឆ្លងកាត់ចំនុចក្រឡាប់ចក្រដោយសារអាកាសធាតុ

នៅក្នុងការសិក្សាមួយ អ្នកសិក្សាស្រាវជ្រាវបានព្រមានថា ពិភពលោកស្ថិតនៅលើព្រំដែន​នៃ​សច្ចភាពថ្មីក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ បណ្តុំផ្កាថ្មទាំងឡាយស្ទើរតែ​ឆ្លងដល់​ចំនុច​ក្រឡាប់ចក្រនៃគ្រោះមហន្តរាយ។

ក្រុមអ្នកសិក្សាស្រាវជ្រាវអន្តរជាតិមួយដែលមានអ្នកវិទ្យាសាស្រ្តប្រមាណ ១៦០នាក់ បាន​ពិនិត្យពិច័យយ៉ាងយក​ចិត្តទុកដាក់លើសភាពនៃសុខភាពរបស់ភពផែនដីដោយសង្កេត​មើល​ចំនុចក្រឡាប់ចក្រដ៏​មាន​សក្តា​នុពលដែលអាចរុញច្រាន​ប្រព័ន្ធបរិស្ថានឲ្យឈានដល់ចំ​នុច​ជិត​ដួល​រលំ។ ​ប្រសិនបើវាឆ្លងចំនុចទាំងនេះ ឥទ្ធពលដូមីណូនៃគ្រោះមហន្តរាយនឹងកើតឡើង​ជា​ចង្វាក់​បន្ត​ៗគ្នា ជួនកាលលែងអាចជួលជុលបានទៀតផង។

លោកទីម ឡេនតុន អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៃបរិស្ថាននៅសកលវិទ្យាល័យ អ៊ិចសេស្ទើ ចក្រភពអង់គ្លេស បានរៀបរាប់ថា ៖ “ជាសំណាងមិនល្អ ពីពេលនេះតទៅ យើង​ស្ទើរតែច្បាស់ថា យើងកំពុងឆ្លងចំនុចមួយនៃចំនុចក្រឡាប់ចក្រនានា សម្រាប់បណ្តុំ​ជញ្ជាំង​​កោះ​ផ្កាថ្មត្រូពិកទឹកក្តៅ”។

អ្នកវិទ្យាសាស្រ្ត បានធ្វើការសន្និដ្ឋានថា នៅសីតុណ្ហភាព 1,4 °C លើសកម្រិត​សីតុណ្ហភាព​មធ្យម​ បើប្រៀបធៀបនឹងយុគសម័យមុនឧស្សាហកម្ម បណ្តុំកោះផ្កាថ្មបានទទួលរងការ​ខូចខាត​​​ដែល​មិនធ្លាប់មានពីមុន និងជះឥទ្ធិពលលើភាវទ្រទ្រង់ជីវិតសម្រាប់មនុស្សរាប់លាន​នាក់​ដែលអាស្រ័យលើអាហារសមុទ្រ ព្រមទាំងការរស់រានមានជីវិតនៃពូជសត្វសមុទ្រ​ប្រមាណជា ១លានពូជ។

ចាប់តាំងពីការបោះពុម្ពផ្សាយចុងក្រោយនៃការងាររបស់អ្នកសិក្សាស្រាវជ្រាវនៅឆ្នាំ២០២៣ ពួកគេ​ពិនិត្យ​ឃើញ​​ផ្កាថ្មបានស្លាប់ក្នុងទំហំមិនធ្លាប់មាន។ បណ្តុំកោះផ្កាថ្មបានឡើងពណ៌ស​ដ៏​ខ្លាំងក្លាដែល​ជា​សញ្ញា​​នៃការស្លាប់ ដែលកើតមានឡើងតាំងពី ២ឆ្នាំ មុននោះ។

ផ្កាថ្ម ជញ្ជាំងប្រឆាំងនឹងសំណឹក និងជាអាងស្តុកជីវិតជីវចម្រុះ ហើយក៏អាងស្តុកកាបូនផងដែរ បានឡើងសក្រោមឥទ្ធិពលនៃកម្តៅ។ វាបានធ្វើឲ្យពួកវាកាន់តែផុយស្រួយ​។ នៅក្នុងសមុទ្រ​ដែល​ទឹកកាន់តែក្តៅ មីក្រូសរីរាង្គ​ដែលផ្តល់ឲ្យផ្កាថ្មនូវពណ៌ចម្រុះ និងអាហារ បានរសាយចេញ ដែលធ្វើឲ្យផ្កាថ្មត្រូវស្លាប់ដោយសារការអត់ឃ្លាន។ ​ផ្កាថ្មដែលស្លាប់មិនបន្សល់ទុកនូវអ្វីក្រៅ​ពី​គ្រោងឆ្អឹងដែលគ្មានជាលិការស់ ដែលនឹងត្រូវហ៊ុម​ព័ទ្ធដោយសារាយ និងគ្រប់គ្រងដោយ​សរីរាង្គ​ងាយៗ មុននឹងពួកសឹក ហើយបែកបាក់ចេញពីគ្នា។

អ្នកសិក្សាស្រាវជ្រាវបានប៉ាន់ប្រមាណថា ជាមួយនិងសីតុណ្ហភាពមធ្យមកើនឡើង 1,5 °C បើ​ប្រៀ​បធៀប​នឹងមុនយុគសម័យឧស្សាហកម្ម ភាគច្រើនដ៏សម្បើមនៃផ្កាថ្ម​នឹងត្រូវរងគ្រោះ​បន្ថែម។ ព្រំដែននេះនឹងឆ្លងនៅប៉ុន្មានឆ្នាំខាងមុខ លើកលែង​តែមានការកាត់បន្ថយដ៏​សម្បើម​នៃ​ការ​បំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះ។  

កាលពីពេលថ្មីៗ នេះ អគ្គលេខានៃអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បាន​ព្រមាន​ថា ៖ “ការកម្រិតនៃការកើនកម្តៅ ដែលជាមហិច្ចតាបំផុតនៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​ស្តី​អំពីអាកាសធាតុ ឆ្នាំ២០១៥ ស្ថិតនៅលើចំនុចនៃការដួលរលំ។”

លោកទីម ឡេនតុន បញ្ជាក់ថា ៖ “សីតុណ្ហភាពឆ្លងផុតកម្រិតកំណត់ នឹងដាក់ពិភពលោក​នៅក្នុងតំបន់គ្រោះថ្នាក់ដែលកាន់តែធំ”។

តាំងពី ២ឆ្នាំ មកហើយ សញ្ញារស់រានមានជីវិតនៃផែនដីបានធ្លាក់ថយចុះ។ ព្រំដែនបរិស្ថានខ្លះ ក៏អាចនឹងឆ្លងហួសដល់កម្រិតមហន្តរាយលែងបកក្រោយនៅពេលខាងមុខ មានដូចជាការ​រលាយ​លែងអាចជួសជុលបាននៃផ្ទាំងទឹកកកតំបន់ប៉ូលធំៗ ការបាត់បង់នៃចរន្តទឹក​សមុទ្រ​ដ៏​សំខាន់ និងការរិចរិលនៃព្រៃអាម៉ាហ្សូន។

 

Daily Program

Livesteam thumbnail