កោះប៉ប្រះទឹកផ្កាថ្មនៃសមុទ្រការ៉ាអ៊ីបថយចុះពាក់កណ្តាលបើគិតចាប់តាំងពីឆ្នាំ ១៩៨០
បើយោងតាមរបាយការណ៍នៃបណ្តាញសមុទ្រនៃការតាមដានកោះប៉ប្រះទឹកផ្កាថ្ម នៃដែនដីហ្គាដឺលូប របស់បារាំង បានឲ្យដឹងថា គម្របផ្កាថ្មរឹងនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបបានថយចុះ ៤៨% នៅរវាងឆ្នាំ១៩៨០ និងឆ្នាំ២០២៤។
យោងតាមរដ្ឋបាលដែនដីនេះ បានឲ្យដឹងថា មានអ្នកវិទ្យាសាស្រ្តជាង ២០០ នាក់ មកពី ប្រទេស និងតំបន់ ៤៤ បានចងក្រងទិន្នន័យអំពីទីតាំង ១៤០០០ ទីតាំង នៅរវាងឆ្នាំ១៩៧០ និង២០២៤ ដើម្បីបានរបាយការណ៍មួយដែលបណ្តាញចាត់ចែងកោះផ្កាថ្មសកលយកមក ផ្សព្វផ្សាយ (Global Coral Reef Monitoring Network) នៅខែធ្នូ ឆ្នាំ ២០២៥នេះ។
របាយការណ៍បានចងក្រងនូវតុល្យការមួយដែលមានការប្រកាសអាសន្នសម្រាប់សុខភាពនៃកោះផ្កាថ្មប៉ប្រះទឹកនៃតំបន់ការ៉ាអ៊ីប ដែលតំណាងឲ្យ ៩,៧% នៃកោះផ្កាថ្មប៉ប្រះទឹក នៅលើ ពិភពលោក។
ផ្កាថ្មគឺមានភាពងាយរងគ្រោះណាស់ចំពោះការកើនឡើងនូវសីតុណ្ហភាពនៅក្នុងទឹក។ ហើយ ការកើនឡើងនៃសីតុណ្ហភាពទឹកសមុទ្រនានានៅក្នុងពិភពលោកចាប់តាំងពីឆ្នាំ២០២៣ គឺ មានកម្រិតមិនធ្លាប់មានពីមុន ក្រោមឥទ្ធិពលនៃការកើនកម្តៅអាកាសធាតុ។
មានវិបាកនៃការកើនកម្តៅ និងការឡើងអាស៊ីតនៃសមុទ្រ ដែលបង្កឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្សជាតិ ហើយផ្កាថ្មក៏បានទទួលរងនូវស្រ្តេសពីកម្តៅ។ ដោយសារព្រឹត្តិការណ៍នេះ ផ្កាថ្មក៏បាត់បង់ ហ្ស៉ូអូសង់ថេល ដែលជាសារាយដែលរស់នៅពឹងពាក់គ្នាជាមួយផ្កាថ្ម និងផ្តល់ចំណីដល់ផ្កាថ្មដែលពួកវាត្រូវការដែរ។
ដោយសារការបាត់បង់សារាយអស់ទាំងនេះ ផ្កាថ្មក៏ចាប់ផ្តើមបាត់បង់ពណ៌ និងចំណីអាហារ និងប្រែក្លាយជាទន់ខ្សោយ ងាយរងគ្រោះទៅនឹងជំងឺ និងសេចក្តីស្លាប់។
របាយការណ៍ បញ្ជាក់ថា ភាគជាច្រើននៃសេចក្តីស្លាប់ដែលមានជាបន្តបន្ទាប់សម្រាប់ផ្កាថ្មបាននាំទៅដល់ការធ្លាក់ចុះជាសកលនៃកោះផ្កាថ្មប៉ប្រះទឹក។ នៅឆ្នាំ១៩៩៨ ពួកវាថយចុះអស់ ៩%។ នៅឆ្នាំ២០០៥ ថយចុះ ១៧,៥% និងនៅឆ្នាំ២០២៣ ថយចុះ ១៦,៩% ដោយសារតែហេតុផលនៃភាគជាបន្តបន្ទាប់នៃការឡើងសរបស់ផ្កាថ្មដែលមិនធ្លាប់មានពីមុនដោយសារការស្រ្តេសពីកម្តៅ ព្រមទាំងជំងឺផ្កាថ្មផង។
ប្រភពដដែលរៀបរាប់ថា ៖ “សីតុណ្ហភាពមធ្យមនៅផ្ទៃលើសមុទ្រនៅក្នុងតំបន់ផ្កាថ្មនៃកោះការ៉ាអ៊ីប បានកើនឡើង ១,០៧ °C នៅរវាងឆ្នាំ១៩៨៥ និង ២០២៤ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ នេះគឺពាក់ព័ន្ធនឹងចង្វាក់នៃការកើនកម្តៅ ០,២៧°C ក្នុងមួយទសវត្ស។”
នៅឆ្នាំ២០២៣ សីតុណ្ហភាពនៃសមុទ្រនៅក្នុងតំបន់បានឡើងហួស ៣០ °C រយៈពេលជាច្រើនសប្តាហ៍។
យោងតាមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា បន្ថែមពីលើការកើនកម្តៅ ក៏មានការធ្លាក់ថយចុះនៃពូជសត្វស៊ីរុក្ខជាតិសមុទ្រដូចជាពួកត្រីសេក ឬម្កុជសមុទ្រ ព្រមទាំងការកើនឡើងនូវការតាំងទីលំនៅរបស់ប្រជាជននៅលើច្រាំងសមុទ្រដោយមានមនុស្ស ១៣លាននាក់បន្ថែម ដែលស្ថិតនៅមិនដល់ ២០ គម ផង ពីកោះប៉ប្រះទឹកផ្កាថ្មនៅរវាងឆ្នាំ២០០០ និង ២០២០។
នៅក្នុងតំបន់ត្រូពិក កោះប៉ប្រះទឹកផ្កាថ្មផ្តល់គុណប្រយោជន៍ក្នុងកម្រិតជាច្រើន ៖ ពួកវាធានានូវធនធានសម្រាប់ការនេសាទតាមឆ្នេរ និងសិប្បកម្ម ផ្តល់លក្ខណៈអនុគ្រោះដល់ទេសចរណ៍ ហើយជាពិសេស គឺតួនាទីរបស់កោះប៉ប្រះទឹកផ្កាថ្មក្នុងការការពារឆ្នេរប្រឆាំងនឹងបាតុភូតរលកមួយចំនួន។