កម្តៅឡើងដល់កំពូលកំពុងបំបែកកំណត់ត្រានៅអឺរ៉ុបកាលពីទសវត្សឆ្នាំ១៩៧០
យោងតាមរបាយការណ៍ចុងក្រោយនៃសេវាកម្មអាកាសធាតុ អឺរ៉ុប កូពែនីគូស លើការប្រែប្រួលអាកាសធាតុ កាលពីសប្តាហ៍មុន បានឲ្យដឹងថា ខែមិថុនា ឆ្នាំ២០២៦ គឺជាខែដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រានៅទ្វីបអឺរ៉ុបខាងលិច ដែលរលកកម្តៅពិសេសបានឆ្លងហួសកម្រិតកម្តៅ ជាប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានក្នុងអំឡុងកន្លះសតវត្សកន្លងទៅ។
លោកចន ខេណឺឌី ដែលជាមន្ត្រីទទួលខុសត្រូវព័ត៌មានអាកាសធាតុនៃអង្គការឧតុនិយមពិភពលោក (OMM) បានថ្លែងថា នេះគឺជាប្រភេទនៃកម្តៅដែលស្របទៅនឹងអ្វីដែលគេរំពឹងថាវានឹងកើតមានសម្រាប់អាកាសធាតុដែលកំពុងប្រែប្រួល”។
យោងតាមសេវាកម្មអាកាសធាតុអឺរ៉ុប កូពែនីគូស បានឲ្យដឹងថា រលកកម្តៅពិសេសដាច់ដោយឡែកនេះត្រូវបានជំរុញបន្ថែមដោយដោយសីតុណ្ហភាពឡើងខ្ពស់នៅលើផ្ទៃលើនៃសមុទ្រដែលមិនដែលធ្លាប់មានផងដែរ។ រលកកម្តៅនេះបានហុចផលវិបាកដល់សុខភាពដ៏ធ្ងន់ធ្ងរ ដោយមានការស្លាប់ដែលពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងហួសហេតុ នៅខណៈដែលគ្រោះរាំងស្ងួតក៏កើនឡើងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន។
ដោយរួមផ្សំជាមួយនឹងដីដែលស្ងួតស្រាប់ កម្តៅដ៏ខ្លាំងក្លាបានអនុគ្រោះឲ្យកើតមានភ្លើងឆេះព្រៃ និងការកើនឡើងនូវគ្រោះរាំងស្ងួតបន្ថែម មានជាអាទិ៍នៅអឺរ៉ុបខាងកើត។ យោងតាមអង្គការឧតុនិយមពិភពលោក (OMM) កម្តៅក៏នៅបន្តដើមខែកក្កដានេះ នៅក្នុងផ្នែកមួយចំនួននៅអឺរ៉ុបខាងលិច ដែលវានាំមកជាមួយនូវខ្យល់ព្យុះដ៏ហិង្សា និងដែលបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរនៃគ្រោះអគ្គីភ័យផង ជាពិសេសនៅប្រទេសបារាំង និងនៅជ្រោយអេស្ប៉ាញ។
កម្តៅក្តៅហួសហេតុជារឿយៗ ត្រូវបានវាយតម្លៃថា ជាឃាតករស្ងៀមស្ងាត់ ដោយសារតែការស្លាប់ដែលវាបង្កឡើងជារឿយៗ ត្រូវបានគេមើលរំលង។
យោងតាមអង្គការសុខភាពពិភពលោក (OMS) បានឲ្យដឹង មានការស្លាប់ច្រើនជាង ២០០០០០នាក់ ពាក់ព័ន្ធនឹងកម្តៅនៅអំឡុងពេល ៤ឆ្នាំ ចុងក្រោយនេះ។ នៅកម្រិតពិភពលោក អង្គការឧតុនិយមពិភពលោកវាយតម្លៃថា មានមនុស្ស ៤៨៩០០០នាក់ បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារហេតុផលពាក់ព័ន្ធនឹងកម្តៅនៅរវាងឆ្នាំ២០០០ និង ឆ្នាំ២០១៩។
លោកឡាចឡង់ ម៉ាកក្លេវើ ដែលជាទីប្រឹក្សាសុខភាពនៃការិយាល័យរួមសម្រាប់អាកាសធាតុ និងសុខភាព នៃអង្គការសហប្រជាជាតិ បានថ្លែងថា ៖ “មនុស្សចាស់ កុមារវ័យក្មេងៗ មនុស្សស្រីមានគភ៌ ពលករធ្វើការខាងក្រៅ មនុស្សគ្មានទីលំនៅ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ គឺជាអ្នកដែលងាយរងគ្រោះ។ លើសពីនេះ នៅពេលដែលសីតុណ្ហភាពស្ថិតនៅតែខ្ពស់ខ្លាំងក្នុងអំឡុងពេលជាច្រើនថ្ងៃ មនុស្សគ្រប់គ្នាក៏អាចប៉ះទង្គិចនៃស្រ្តេសពីកម្តៅផងដែរ”។
នៅប្រទេសដាណឺម៉ាក សីតុណ្ហភាពបានឈានដល់ ៣៧ °C ដែលឡើងហួសកម្រិតឯកតកម្មមុនកាលពីឆ្នាំ១៩៧៥។ នៅប្រទេសហូឡង់ ទែម៉ូម៉ែត្រ វាស់ឃើញឡើងដល់ ៣៩,៤ °C នៅខណៈដែលប្រទេសស្វីស នៅទីក្រុងបាសែល បានកត់ត្រាសីតុណ្ហភាព ៣៩ °C ។
នៅប្រទេសអេស្ប៉ាញ ទីក្រុងជាច្រើន សីតុណ្ហភាពបានឡើងលើស ៤០°C ។ ទីក្រុងប៊ីលបាវ សីតុណ្ហភាពបានឡើងដល់ ៤២,៧ °C ។ នេះគឺជាសីតុណ្ហភាពឡើងខ្ពស់បំផុតដែលមិនដែលធ្លាប់បានធ្វើសម្រង់នៅក្នុងទីក្រុងនេះ។
នៅប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែមិថុនា ក៏មានកត់ត្រាកម្រិតឯកតកម្មជាតិថ្មីនៃកម្តៅសម្រាប់ខែមិថុនា ជាមួយសីតុណ្ហភាពមធ្យម ៣០°C ។ ទីក្រុងមួយចំនួន សីតុណ្ហភាពភាពបានហក់ឡើងជិតដល់ ៤៤°C ហើយសីតុណ្ហភាពនៅពេលយប់ក៏ជាឡើងឈានដល់កម្រិតមិនធ្លាប់មាន លើសពីកម្រិតមធ្យមជាតិ ២២°C ផងដែរ។