ពេលអេអាយ AI ឃ្លាំមើលពិភពលោក និងបឺតជញ្ជក់ថាមពលផែនដី ៖ សម្តេចប៉ាប ឡេអូ ទី១៤ ប្រកាសអាសន្នពី «គ្រោះមហន្តរាយទ្វេធ្ងន់»
នៅក្នុងសម័យកាលដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាញាណសិប្បនិមិត្ត (AI) កំពុងរីកដុះដាលដូចផ្សិត វាមិនត្រឹមតែជាកម្លាំងជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំពុងក្លាយជា «បន្ទុកដ៏ធ្ងន់ធ្ងរ» លើធនធានធម្មជាតិនៅលើពិភពលោកទាំងមូលផងដែរ។
មុនពេលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ទៅកាន់ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ប្រមុខនៃព្រះសហគមន៍កាតូលិក សម្តេចប៉ាប ឡេអូ ទី១៤ បានចេញព្រះរាជប្រកាសអាសន្នដ៏ខ្លាំងក្លាបំផុតមួយ ដោយទម្លាយឱ្យឃើញពីសម្ពាធដ៏សម្បើមរបស់អេអាយ AI ទៅលើថាមពល និងទឹក ដែលជាកាតាលីករជម្រុញឱ្យវិបត្តិអាកាសធាតុកាន់តែអាក្រក់ឡើង។
ពីការឆ្លើយតបពេលមានអាសន្ន ទៅកាន់ «យុត្តិធម៌សង្គម និងការបង្ការ»
នៅក្នុងសាវនាការជាមួយសមាជិកនៃរាជបណ្ឌិតសភាវិទ្យាសាស្រ្តនៃសន្តអាសនៈ សម្តេចប៉ាប ឡេអូ ទី១៤ បានសង្កត់ធ្ងន់ថា ការកើនកម្តៅអាកាសធាតុមិនមែនត្រឹមតែជាបញ្ហាលំបាកខាងបរិស្ថានសុទ្ធសាធនោះឡើយ ប៉ុន្តែវាគឺជា «វិបត្តិនៃយុត្តិធម៌សង្គម ភាពថ្លៃថ្នូររបស់មនុស្សជាតិ និងការរួបរួម និងសាមគ្គីគ្នារវាងប្រជាជន និងជំនាន់មនុស្ស» ដែលនេះទាមទារឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតជាបន្ទាន់ ដោយចេញពីការរង់ចាំដោះស្រាយពេលមានគ្រោះមហន្តរាយ ទៅជាការទប់ស្កាត់ និងការរៀបចំខ្លួនជាស្រេច និងពីវិធានការក្នុងរយៈពេលខ្លីទៅកាន់ចក្ខុវិស័យដែលប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណរបស់មនុស្សជាតិ។។
សម្តេចប៉ាប ក៏បានមានព្រះបន្ទូលព្រមានយ៉ាងមុតស្រួចថា ៖ «រលកកម្តៅ និងមហន្តរាយធម្មជាតិ គឺជាការវាយប្រហារយ៉ាងអយុត្តិធម៌ ជាពិសេសទៅលើអ្នកក្រីក្រ សហគមន៍ដែលមានធនធានមានកម្រិតខ្លាំងសម្រាប់សម្របខ្លួន និងអ្នកដែលមានជីវិតពឹងផ្អែកទាំងស្រុងលើដី ព្រៃឈើ និងមហាសមុទ្រ។ យើងមិនអាចឆ្លើយតបនឹងស្ថានភាពលំបាកទាំងនេះ ត្រឹមពេលដែលមហន្តរាយកើតមានឡើងរួចហើយនោះឡើយ!»
ស្រមោលខ្មៅនៃអេអាយ AI ៖ ការបឺតជញ្ជក់ថាមពល និងហានិភ័យសន្តិភាពពិភពលោក
ក្រៅពីបញ្ហាវិបត្តិអាកាសធាតុ សម្តេចប៉ាបក៏បានទម្លាយឱ្យដឹងពី «ចំណុចអវិជ្ជមាន» នៃការអភិវឌ្ឍបច្ចេកវិទ្យាអេអាយ (AI) នាពេលបច្ចុប្បន្ន ដែលកំពុងស្រូបយកថាមពល និងទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលជាឧស្ម័នផ្ទះកញ្ចក់បង្កើនសម្ពាធលើភពផែនដីទ្វេដង។
នៅក្នុងសារណាប្រវត្តិសាស្រ្តរបស់ព្រះអង្គដែលបានចេញផ្សាយកាលពីខែឧសភា សម្តេចប៉ាបបានអំពាវនាវឱ្យមានការ «ដកអាវុធពីបញ្ញាសិប្បនិម្មិត» ដោយព្រមានថា ប្រព័ន្ធឌីជីថលស្មុគស្មាញ និងអាវុធស្វ័យប្រវត្តិនេះ ប្រសិនបើគ្មានការគ្រប់គ្រង និងការធានាផ្នែកសីលធម៌ពីមនុស្សទេ គឺវា «អាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងគោលបំណងឃ្លាំមើល បោកបញ្ឆោត បង្កើតការរើសអើង និងបង្កគ្រោះថ្នាក់ថ្មីៗដ៏គួរឱ្យភ័យខ្លាចដល់សុវត្ថិភាព និងសន្តិភាពអន្តរជាតិ។»
សំឡេងរោទ៍សម្រាប់មនុស្សជាតិទាំងអស់គ្នា
ក្នុងនាមជាប្រមុខនៃគ្រីស្តបរិស័ទកាតូលិកប្រមាណ ១,៤ ពាន់លាននាក់ទូទាំងពិភពលោក សម្តេចប៉ាប ឡេអូ ទី១៤ តែងតែរំលឹកជាប្រចាំអំពីកាតព្វកិច្ចសីលធម៌ក្នុងការការពារធម្មជាតិ។
ការលើកឡើងសារជាថ្មីនូវក្ដីកង្វល់ដ៏ស៊ីជម្រៅនេះ គឺជា «សាររំឭកដ៏មានឥទ្ធិពល» ដល់បណ្តារដ្ឋាភិបាលនានា និងមហាយក្សបច្ចេកវិទ្យាពិភពលោកថា ការអភិវឌ្ឍអេអាយ AI មិនអាចឈរលើខ្នងប្រជាជនក្រីក្រ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងអនាគតភពផែនដីនោះឡើយ។
