វិស័យទេសចរណ៍កម្ពុជាប្រឈមនឹងភាពស្រពិចស្រពិល
វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើន ដោយចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៤៤,៤ភាគរយ មកនៅត្រឹម ២,២៥ លាននាក់ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ពីចំនួន ៤,០៥ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។
អ្នកជំនាញផ្នែកទេសចរណ៍បានប្រមើលមើលថា ស្ថានភាពទេសចរណ៍សម្រាប់ចុងឆ្នាំ២០២៦នេះ នៅមិនទាន់ល្អប្រសើរនៅឡើយទេ។
អ្នកជំនាញទេសចរណ៍មួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការកើនឡើងក្នុងឆមាសទី១ គឺដោយសារត្រូវចំរដូវកាលដែលមានភ្ញៀវទេសចរច្រើន (High Season) ប៉ុន្តែនៅឆមាសទី២នេះ គឺជាfieldរដូវកាលធ្លាក់ភ្ញៀវ (Low Season) ដូច្នេះស្ថានភាពពិតជាមានភាពស្រពិចស្រពិល។ ម្យ៉ាងវិញទៀត បណ្តាប្រទេសជិតខាងក៏បានខិតខំប្រឹងប្រែងដូចគ្នា ហើយគេបានដើរមុនយើងមួយជំហាន ខណៈកម្ពុជាទើបតែចាប់ផ្តើមប្រជុំពិភាក្សា។
លោកបានបញ្ជាក់ថា៖ «ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម គេបានដាក់ចេញនូវគោលនយោបាយ និងអនុវត្តយ៉ាងសកម្មរួចទៅហើយ ប៉ុន្តែយើងនៅមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ»។
ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកជំនាញទេសចរណ៍ និងជាអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះជាង ២ទសវត្សរ៍ បានឱ្យដឹងថា ក្នុងស្ថានភាពបែបនេះ កម្ពុជាចាំបាច់ត្រូវប្រឈម និងមានការងារជាច្រើនដែលត្រូវធ្វើ។
លោកថ្លែងថា «យើងឃើញហើយថាយើងមិនទាន់ធ្វើបានល្អនៅឡើយទេចំពោះការងារសព្វថ្ងៃ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទេសចរណ៍នៅក្នុងស្រុក ព្រោះយើងត្រូវបូកផ្សំច្រើន ទាំងការកែលម្អសេវាកម្ម និងផលិតផលទេសចរណ៍បន្ថែមទៀត។ ទោះជាយ៉ាងណា យើងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យទេសចរណ៍ ហើយជឿជាក់ថាថ្នាក់ដឹកនាំ និងស្ថាប័នជំនាញ នឹងយកបញ្ហាទាំងនេះទៅធ្វើការកែតម្រូវ»។
វិស័យទេសចរណ៍ដែលជា «ឧស្សាហកម្មគ្មានផ្សែង» គឺជាប្រភពចំណូលយ៉ាងសំខាន់មួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែក្រោយការថមថយនៃវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជាហាក់នៅតែដើរយឺតជាងប្រទេសមួយចំនួននៅក្នុងតំបន់ ទោះបីជាកម្ពុជាបានសាងសង់ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីរួចហើយក៏ដោយ។
របាយការណ៍បានឱ្យដឹងថា ចិន និងវៀតណាមនៅតែជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេរបស់កម្ពុជា ដោយមានភ្ញៀវមកពីចិនចំនួន ៥៨៨.០៥១ នាក់ និងពីវៀតណាមចំនួន ៥៨៥.៧១១ នាក់។
ប្រភពភ្ញៀវទេសចរសំខាន់ៗផ្សេងទៀត រួមមាន សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស ឥណ្ឌូណេស៊ី អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងអំឡុងខែមករា-សីហា ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៦៣ភាគរយនៃភ្ញៀវទេសចរបរទេសសរុប ខណៈ ៣៧ភាគរយ ទៀតបានចូលមកកម្ពុជាតាមផ្លូវទឹក និងច្រកព្រំដែនគោក។
មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញទេសចរណ៍បានលើកឡើងថា ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការបិទព្រំដែនគោកកម្ពុជា-ថៃ បានជះឥទ្ធិពលដល់សកម្មភាពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមានការដឹកជញ្ជូន បដិសណ្ឋារកិច្ច និងពាណិជ្ជកម្ម។
ទោះបីចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ មន្ត្រីរដ្ឋាភិបាលបានមើលឃើញបញ្ហាប្រឈមនាពេលបច្ចុប្បន្នជាឱកាសសម្រាប់រៀបចំវិស័យទេសចរណ៍ឡើងវិញ កាត់បន្ថយការពឹងផ្អែកលើតំបន់បេតិកភណ្ឌប្រពៃណី និងធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់កម្ពុជា។
