លោកម៉ា យីងជេវ ប្រធានាធិបតីតៃវ៉ាន់ខិតជិតចិនដីគោក
លោកម៉ា យីងជេវ គឺជារដ្ឋបុរសតៃវ៉ាន់។ លោកកើតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥០ នៅទីក្រុងហុងកុង។ លោកគឺជាប្រធានាធិបតីនៃសាធារណរដ្ឋចិនតៃវ៉ាន់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
នៅខែឧសភា ឆ្នាំ២០០៨ គេហទំព័រថាម៍ បានចាត់ថ្នាក់លោកម៉ា យីងជេវ ស្ថិតនៅលេខរៀងទី១៩ នៅក្នុងបញ្ជីនៃបុគ្គលដ៏មានឥទ្ធិពលបំផុត ១០០នាក់ នៅលើពិភពលោក ដោយសារហេតុផលនៃឆន្ទៈរបស់លោកដើម្បីខិតជិតគ្នារវាងតៃវ៉ាន់ និងចិនដីគោក។
នៅឆ្នាំ១៩៧២ លោកម៉ា យីងជេវ បានទទួលបរិញ្ញាបត្រច្បាប់នៅសកលវិទ្យាល័យជាតិតៃវ៉ាន់។ បន្ទាប់មក លោកទៅបំពេញការសិក្សានៅសហរដ្ឋអាម៉ែរិក។ លោកបានទទួលសញ្ញាបត្របណ្ឌិតច្បាប់នៅសកលវិទ្យាល័យហាវើដ។ នៅឆ្នាំ១៩៨១ លោកប្រឡប់មកតៃវ៉ាន់ ហើយធ្វើជាសាស្រ្តាចារ្យបង្រៀនច្បាប់។ លោកម៉ា យីងជេវ អាចនិយាយភាសាកុងងឺ ហុកកៀនតៃវ៉ាន់ ហាកកា បារាំង និងអង់គ្លេស។
លោកម៉ា យីងជេវ បានចូលប្រឡូក្នុងពិភពលោកនយោបាយដោយធ្វើការជាអ្នកបកប្រែសម្រាប់ប្រធានាធិបតីជៀង ជីងគួ។ បន្ទាប់មក នៅអាយុ ៣៨ឆ្នាំ លោកក្លាយជាសមាជិកដែលមានវ័យក្មេងបំផុតនៃរដ្ឋាភិបាលនៅសម័យនោះ ហើយត្រូវបានតែងតាំងជាប្រធានគណកម្មការសម្រាប់ការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងវាយតម្លៃ។
លោកម៉ា យីងជេវ ក៏ធ្វើការជាមនុស្សទី២ នៅក្នុងក្រុមប្រឹក្សាសម្រាប់កិច្ចការនៃដែនកោះ ដែលទទួលបន្ទុកនៃទំនាក់ទំនងជាមួយប្រទេសចិនដីគោក។ នៅឆ្នាំ១៩៩៣ លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដោយប្រធានាធិបតីលី តេងហ៊ុយ។
លោកម៉ា យីងជេវ គឺជាប្រធាននៃគណបក្សគួមីងតាងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លោកម៉ា យីងជេវ ពិព៌នាសាធារណរដ្ឋចិនតៃវ៉ាន់ដូចជារដ្ឋដែលមានអធិបតេយ្យភាពហើយ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៨ លោកម៉ា យីងជេវ បានឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ជាមួយសម្លេង ៥៨,៤៥% ទល់នឹងគូបដិបក្ខលោក ហ្វ្រេន ហ្ស៊េ មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន មីនជីនដាង។
បន្ទាប់ពីការបោះឆ្នោត លោកម៉ា យីងជេវ បញ្ជាក់ថា លោកយកចិត្តទុកដាក់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិនដីគោក មានជាអាទិ៍ការអនុញ្ញាតឲ្យមានជើងហោះហើរផ្ទាល់ និងអនុញ្ញាតឲ្យមានភ្ញៀវទេសចរណ៍ពីចិនដីគោកដ៏ច្រើនសម្បើមបំផុតមកលេងតៃវ៉ាន់ និងក៏ជួយឧស្សាហកម្មតៃវ៉ាន់ទៅបោះទីតាំងនៅចិនដីគោកផងដែរ។ លោកបានថ្លែងអំពីលក្ខន្តិកៈមិនប្រែប្រួលនៅលើផែនការនយោបាយតៃវ៉ាន់ គឺ មិនមានឯករាជ្យភាពតៃវ៉ាន និងក៏មិនមានការបង្រួបបង្រួម។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ លោកម៉ា យីងជេវ បានធ្វើដំណើរទៅកាន់កោះ ប៉េងជៀ ដែលស្ថិតនៅចម្ងាយតែ ១២២គម ពីក្រុមកោះ ដៀវយូតៃ។ នៅអំឡុងដំណើរទស្សនកិច្ចនេះ លោកម៉ា បញ្ជាក់សាជាថ្មីអំពីអធិបតេយ្យភាពនៃសាធារណរដ្ឋចិនតៃវ៉ាន់លើក្រុមកោះ ដៀវយូតៃ។
នៅខែកញ្ញា ឆ្នាំ២០១២ លោកម៉ា យីងជេវ បានចូលអន្តរាគមន៍នៅក្នុងវិបត្តិកោះដៀវយូតៃ ដែលទាំងជប៉ុន ចិនដីគោក និងតៃវ៉ាន់ សុទ្ធតែទាមទារជាកម្មសិទ្ធ។ លោកស្នើឲ្យមានដំណោះស្រាយសន្តិភាពដោយការទាញធ្វើអាជីវកម្មរួមគ្នាលើធនធានធម្មជាតិរបស់កោះទាំងនេះដោយរដ្ឋទាំងបី។ ប៉ុន្តែលោកម៉ា យីងជេវ បានបញ្ជាក់ឡើងវិញនៅខែកុម្ភៈ ឆ្នាំ២០១៣ អំពីការទាមទាររបស់តៃវ៉ាន់លើកោះទាំងនេះ និងបដិសេធការចូលរួមជំហផ្លូវការជាមួយទីក្រុងប៉េកាំងប្រឆាំងជប៉ុន។ ម្យ៉ាងទៀត លោកអំពាវនាវឲ្យមានការអភិវឌ្ឍដោយសន្តិភាព និងសហប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងផងដែរ។