កិច្ចការស្វែងយល់អំពីពិភពលោករបស់ លោកអ៊ីបិន បាទូតតា ជាអ្នកធ្វើដំណើរផ្សងព្រេងដ៏ល្បីល្បាញជនជាតិម៉ារ៉ុក
ក្នុងចំណោមបណ្តាអ្នករុករកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ លោក អ៊ីបិន បាទូតតា (Ibn Battûta) បានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន។ ចេញដំណើរពីបំណងប្រាថ្នា តូចមួយក្នុងវ័យ ២១ឆ្នាំ លោកបានប្រែក្លាយវាទៅជាបេសកកម្មដ៏មហាសាល ដោយបានជាន់ ដីរាប់ម៉ឺនគីឡូម៉ែត្រឆ្លងកាត់ទ្វីបជាច្រើន និងក្លាយជានិមិត្តរូបនៃការចង់ចេះចង់ដឹងដ៏រស់រវើក ក្នុងពិភពមជ្ឈិមសម័យ។
កំណើត និងការបណ្តុះស្មារតីបញ្ញវន្ត
លោកអ៊ីបិន បាទូតតា កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៣០៤ នៅទីក្រុងតង់ហ្ស៉េ ប្រទេសម៉ារ៉ុក ក្នុងគ្រួសារបញ្ញវន្តឥស្លាមដែលមានដើមកំណើតពីកុលសម្ព័ន្ធប៊ែរប៊ែរឡាហ្គង់តាន។ តាំងពីវ័យកុមារភាពមក លោកទទួលបានការអប់រំយ៉ាងម៉ត់ចត់ ជាពិសេសលើផ្នែកនីតិសាស្ត្រ ឥស្លាម (Fiqh) តាមមាគ៌ាម៉ាលីគីតេ (Malikite) ដែលបានបំពាក់បំប៉នរូបលោកនូវ ចំណេះដឹង យ៉ាងជ្រាលជ្រៅទាំងផ្នែកសាសនា និងច្បាប់។
ការចាប់ផ្តើមបេសកកម្មដែលផ្លាស់ប្តូរជីវិត
នៅអាយុ២១ឆ្នាំ ជំរុញដោយជំនឿដ៏មុតមាំ និងក្តីប្រាថ្នាចង់ឃើញពិភពខាងក្រៅ លោកបាន សម្រេចចិត្តចេញដំណើរទៅបំពេញកិច្ចបូជនីយេសក៍នៅទីក្រុងឡាម៉ិក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៣២៥។ ដំបូងឡើយ លោកគិតថាដំណើរនេះគ្រាន់តែចំណាយពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែវាបានអូសបន្លាយពេលរហូតដល់ ២៥ឆ្នាំ ដែលស្មើនឹង ១/៤ នៃសតវត្សរ៍។
ការធ្វើដំណើរដ៏មហាសាល ១២០ ០០០ គីឡូម៉ែត្រ
ក្នុងអំឡុងពេលនោះ លោកបានធ្វើដំណើរលើចម្ងាយផ្លូវរហូតដល់ ១២០ ០០០ គីឡូម៉ែត្រ។ នេះគឺជាចម្ងាយឆ្ងាយដ៏គួរឲ្យកត់សម្គាល់នៅសម័យកាលរបស់លោក។ លោកអ៊ីបិន បាទូតតា ផ្សងព្រេងឆ្លងកាត់ទ្វីបអាហ្វ្រិកខាងជើង មជ្ឈិមបូព៌ា អាស៊ីកណ្តាល ប៊ុលហ្គារីនៃទន្លេវ៉ុលហ្គា ទីក្រុងទុំប៊ូទូក្នុងប្រទេសម៉ាលី រហូតដល់ទីក្រុងឈួនចូវ ប្រទេសចិន នៅចុងបូព៌ា។ លក្ខណៈពិសេសដ៏លេចធ្លោមួយនៃការធ្វើដំណើរផ្សងព្រេងរបស់លោក គឺសមត្ថភាពក្នុងការសង្កេតលើសង្គមនានាដែលលោកបានជួបប្រទះ។ ដោយសារការចង់ដឹងចង់ឃើញ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះព័ត៌មានលម្អិត លោកបានប្រមូលចងក្រងនូវព័ត៌មានដ៏មានតម្លៃស្តីអំពីទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ស្ថាប័នរដ្ឋ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាច្រើន។ សំណេររៀបរាប់អំពីការធ្វើដំណើររបស់លោក បានក្លាយជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ការយល់ដឹងអំពីពិភពលោកក្នុងសតវត្សរ៍ទី១៤ រហូតមកដល់បច្ចុប្បន្ន។
មរតក និងកេរ្តិ៍ឈ្មោះដ៏អមតៈ
ក្រោយពីបានវិលត្រឡប់មកកាន់ប្រទេសម៉ារ៉ុកជាអចិន្ត្រៃយ៍វិញ នៅឆ្នាំ១៣៤៩ ព្រះមហាក្សត្រនៃរាជវង្សម៉េរ៉េនីត (Merenide) ព្រះនាម អាប៊ូ អ៊ីណាន (Abu 'Inan) បានចេញបញ្ជាឱ្យលោករៀបរាប់អំពីអនុស្សាវរីយ៍ និងបទពិសោធន៍នៃការធ្វើដំណើររបស់ខ្លួន។ អនុស្សាវរីយ៍ទាំងនេះត្រូវបានចងក្រងជាស្នាដៃអក្សរសិល្ប៍មួយដ៏ល្បីល្បាញ មានឈ្មោះថា «រីហ្លា» (Rihla)។ហើយដោយមានជំនួយពីអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រ អ៊ីបិន ជូហ្សៃអ៊ី អាល់កាល់ពី លោកក៏បានសរសេរស្នាដៃមួយទៀត ដែលមានចំណងជើងថា «ដំណើរផ្សងព្រេង»។ ស្នាដៃនេះបានក្លាយជាឯកសារកំណត់ត្រាដ៏ល្បីល្បាញមួយក្នុងចំណោមស្នាដៃអក្សរសិល្ប៍និងជាការកត់ត្រាដំណើរផ្សងព្រេងជាភាសាអារ៉ាប់។
លោកអ៊ីបិន បាទូតតា បានទទួលមរណភាពនៅទីក្រុងហ្វេសចន្លោះឆ្នាំ១៣៦៨ និង ១៣៧៧។ សព្វថ្ងៃនេះ លោកអ៊ីបិន បាទូតតា ត្រូវបានទទួលស្គាល់ថា ជានិមិត្តរូបនៃការតស៊ូព្យាយាម ស្វែងរកចំណេះដឹង និងការលើកកម្ពស់ការយោគយល់គ្នារវាងវប្បធម៌នានា។ ដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់លោកនៅតែបន្តបំផុសគំនិតដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហើយវាបានធ្វើឱ្យលោកក្លាយជាបុគ្គលដ៏ល្បីល្បាញបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រប្រទេសម៉ារ៉ុក និងពិភពលោក។
