លោកមូហាម៉េដ យូនូស ម្ចាស់ពានរង្វាន់ណូប៊ែល សេដ្ឋកិច្ច និងសន្តិភាព ក្លាយជាប្រមុខរដ្ឋាភិបាលបង់ក្លាដេស បណ្តោះអាសន្ន
លោកមូហាម៉េដ យូនូស គឺជាសេដ្ឋកិច្ចវិទូ សហគ្រិន និងជារដ្ឋបុរសបង់ក្លាដេស។
លោកត្រូវស្គាល់សម្រាប់ការស្ថាបនានូវគ្រឹះស្ថានមីក្រូក្រេឌីតដំបូង នៅឆ្នាំ១៩៧៦ ហៅថា ហ្គ្រ៉ាមីន ប៊ែង ឬគេហៅថា ធនាគារសម្រាប់ប្រជាជនក្រីក្រ។
មានប្រភពពីក្រុមគ្រួសារក្រីក្រ និងជាកូនទី៣នៃគ្រួសារដែលមានបងប្អូន ១៤នាក់ លោក មូហាម៉េដ យូនូស កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៤០ នៅក្នុងភូមិ បាធូអា ហាថាហ្សារី នៅក្នុងទីក្រុងកំពង់ផែន ជីតាហ្គុង ប្រទេសបង់ក្លាដេស។
នៅឆ្នាំ១៩៥៧ លោកមូហាម៉េដ យូនូស បានចុះឈ្មោះចូលរៀនសេដ្ឋកិច្ចនៅសកលវិទ្យាល័យ ដាកកា និងទទួលបានសញ្ញាបត្រនៅឆ្នាំ១៩៦០ និងអនុបណ្ឌិតនៅឆ្នាំបន្ទាប់។ បន្ទាប់ពីបានទទួលសញ្ញាបត្រ លោកមូហាម៉េដ យូនូស ក្លាយជាគ្រូបង្រៀនសេដ្ឋកិច្ចនៅសកលវិទ្យាល័យ ជីតាហ្កុង។
នៅឆ្នាំ១៩៧១ សង្រ្គាមរំដោះជាតិបង់ក្លាដេស ផ្ទុះឡើង លោកយូនូស សម្រេចចិត្តគាំទ្រអ្នកនិយមឯករាជ្យ។ លោកចូលរួមជាមួយក្រុមក្នុងតំបន់ជាច្រើនដើម្បីជួយសម្រួលដល់ឯករាជ្យភាពដោយប្រមូលផ្តុំមូលនិធិ និងដឹកនាំយុទ្ធនាការតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
ចុងក្រោយ នៅពេលឯករាជ្យភាពបង់ក្លាដេស ត្រូវបានប្រកាស នៅខែធ្នូ ឆ្នាំ១៩៧១ លោកយូនូស សម្រេចត្រឡប់មកពីបរទេសដើម្បីប្រើប្រាស់សមត្ថភាពរបស់លោកបម្រើការសម្រាប់បង់ក្លាដេសថ្មី។
បន្ទាប់ពីបានព្យាយាមធ្វើការនៅក្នុងធនាគារពាណិជ្ចកម្មមួយនៅក្នុងការបង្កើតកម្មវិធីមីក្រូក្រេឌីត លោកយូនូស ក៏សម្រេចចិត្តបង្កើតកម្មវិធីផ្ទាល់របស់ខ្លួន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់លោកបានចាប់ដំណើរការនៅឆ្នាំ១៩៧៧ នៅក្រោមឈ្មោះថា ហ្គ្រ៉ាមីន ដែលមានន័យថា ភូមិ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់លោកបានទទួលជោគជ័យយ៉ាងលឿន និងបានក្លាយជាធនាគារនៅឆ្នាំ១៩៨៣ បន្ទាប់មកប្រទេសផ្សេងៗ ក៏យកតាមម៉ូដែលនេះចាប់តាំងពីឆ្នាំ១៩៨៩។ នៅឆ្នាំ២០០៩ មនុស្សជិត ១៣០លាននាក់ នៅក្នុងពិភពលោកទទួលប្រយោជន៍ផ្ទាល់ ឬមិនផ្ទាល់ពីក្រុមមីក្រូក្រេឌីតនេះ។
ធនាគារហ្គ្រ៉ាមីន បានធ្វើខ្លួនឲ្យមានភាពចម្រុះលើសកម្មភាពជាច្រើន ចាប់តាំងពីឧស្សាហកម្មវាយនភណ្ឌ ទូរសព្ទ និងផលិតកម្មអគ្គីសនីតាមរយៈថាមពលពន្លឺព្រះអាទិត្យ -ល-។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងបរិបទបាតុកម្មនៅក្នុងប្រទេសបង់ក្លាដេស នាយករដ្ឋមន្រ្តី ស្ហ៉េខ ហាស៊ីណា បានគេចខ្លួនទៅនៅប្រទេសឥណ្ឌាតាមឧទ្ធម្ភាចក្រយោធា និងបានលាលែងពីតំណែង។ ប្រមុខយោធាបង់ក្លាដេស លោកឧត្តមសេនីយ៍ វ៉ាឃើ អ៊ុហ្ស ហ្សាម៉ាន បានប្រកាសអំពីការបង្កើតរដ្ឋាភិបាល។ ក្រុមអ្នកតំណាងបាតុករ អំពាវនាវឲ្យតែងតាំងម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកមូហាម៉េដ យូនូស ជានាយករដ្ឋមន្រ្តី។
នៅថ្ងៃទី៦ ខែសីហា ប្រធានាធិបតីសាធារណរដ្ឋបង់ក្លាដេស លោកម៉ូហាម៉េដ ស្ហ៉ាហាប៊ូឌីន រំលាយសភា និងតែងតាំងលោកមូហាម៉េដ យូនូស ជាប្រមុខក្រុមប្រឹក្សាសំខាន់នៃបង់ក្លាដេស ដើម្បីដឹកនាំរដ្ឋាភិបាល បន្ទាប់ពីបានពិភាក្សាជាមួយយោធា និងចលនាបាតុកម្ម។ ហើយលោកមូហាម៉េដ យូនូស ប្រកាសថា នឹងរៀបចំការបោះឆ្នោតនៅ ៣ខែ ខាងមុខ។
លោកមូហាម៉េដ យូនូស ជាជាតិបង់ក្លាដេស ដែលបានទទួលពានរង្វាន់ពិភពលោកជាច្រើន។ លោកយូនូស គឺជាបុគ្គលមួយរូបដ៏កម្រដែលបានទទួលពានរង្វាន់ណូប៊ែលសេដ្ឋកិច្ច និងពានរង្វាន់ណូប៊ែល សន្តិភាព នៅឆ្នាំ២០០៥ និង២០០៦ សម្រាប់កិចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចេញពីស្រទាប់ប្រជាជនជាន់ក្រោម។