យុវជនមិនចង់ឃើញការប្រើប្រាស់ភាសាអសីលធម៌នៅក្នុងសង្គម

បច្ចុប្បន្ននេះ ក្នុងវេទិកានានាមិនថាកម្មវិធីចែកសញ្ញាប័ត្រ ឬពិធីសម្ពោធសមិទ្ធផលផ្សេងៗនោះទេ ការថ្លែងសារបែបបញ្ឆិតបញ្ឆៀង ឌឺដង និងផ្លែផ្កា ត្រូវបានធ្វើឡើងស្ទើរតែគ្រប់ទីកន្លែង។ មិនថានៅក្នុងបក្សណាក៏ដោយ ថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនតែងតែយកពេលវេលាទាំងនោះទៅបញ្ចេញមតិទៅតាមអារម្មណ៍រៀងៗខ្លួន។ ករណីទាំងនេះបានធ្វើឱ្យក្រុមបញ្ញាវន្ត និងនិស្សិត ដែលជាអ្នកសិក្សាជាន់ខ្ពស់ បង្ហាញការមិនពេញចិត្តចំពោះទង្វើទាំងនោះឡើយ។

និស្សិតមួយចំនួនបានលើកឡើងថា ពួកគេមិនចង់ឃើញអ្នកនយោបាយប្រើប្រាស់វេទិកានានា ជាពិសេសពិធីចែកសញ្ញាប័ត្រ ធ្វើជាទីកន្លែងសម្រាប់ថ្លែងសារនយោបាយដោយការជេរប្រដេញ បញ្ឆិតបញ្ឆៀង ឌឺដង ឬផ្លែផ្កានោះទេ។ ពួកគេបន្ថែមថា អ្នកនយោបាយទាំងអស់គួរតែមានភាពចាស់ទុំ និងរៀនសូត្រតាមប្រទេសដទៃ ដែលគេមិនដែលធ្វើបែបនេះនៅចំពោះមុខបញ្ញាវន្ត និងអ្នកទទួលបានការអប់រំជាន់ខ្ពស់នោះឡើយ។

ពាក្យពេចន៍ផ្សេងៗត្រូវបានអ្នកនយោបាយនិយាយចេញមកជាសាធារណៈ ដោយគ្មានការក្រែងចិត្ដ មិនថាតែភាសាអាមឹង ការជេរប្រមាថ ឬការគំរាមកំហែងដល់អាយុជីវិតអ្នកដទៃនោះទេ។ ពាក្យសម្ដីទាំងនោះមានភាពគ្រោតគ្រាតខ្លាំង ដែលសូម្បីតែនៅក្នុងកិច្ចសន្ទនាឯកជន ក៏មនុស្សទូទៅសឹងតែមិនហ៊ាននិយាយចេញមកផង។

ជាក់ស្តែង កាលពីដើមខែមេសាកន្លងទៅ មេដឹកនាំនយោបាយកម្ពុជាបានជេរប្រទេចខ្លាំងៗទៅលើអ្នកបញ្ចេញមតិជុំវិញបញ្ហាវិនិយោគផ្លូវដែក និងអ្នកដែលលោកអះអាងថាបានជេរលោកតាមបណ្តាញសង្គម Facebook ថា៖

«មានអាឡប់រត់ចោលស្រុកណា (នោះ) ខ្ញុំមិនបានស្តាប់ (គេ) និយាយ តែប្រពន្ធខ្ញុំថា គេថា រឿងមកពីចែកលុយគ្នាមិនស្មើ... និយាយឱ្យវាយ៉ាងអ៊ីចេះតែម្តងទៅ! អាហ្នឹងអ៊ីចឹងបានវា រត់ចោលស្រុកនោះ។ អញជេរត្រង់ៗអ៊ីចឹងតែម្តងទៅ! អូ! ធ្វើនាយករដ្ឋមន្ត្រីហាមជេរ? ទេ! ធ្វើនាយករដ្ឋមន្ត្រីជេរបានតើ! មនុស្សតើ! ប៉ុនលោកសង្ឃចេះបញ្ចោរ!»

តាមពិតទៅ អ្នកនយោបាយខ្លួនឯងក៏បានទទួលស្គាល់ដែរថា ពាក្យពេចន៍ទាំងនេះជាភាសាអាមឹង និងអសុរោះ ប៉ុន្តែលោកបានបញ្ជាក់ថា លោកត្រូវតែបង្ខំចិត្តប្រើពាក្យជេរប្រមាថបែបនេះ ដើម្បីឱ្យក្រុមម្ខាងទៀតស្តាប់យល់៖

«ថ្ងៃនេះគឺដូចជានិយាយថា អាក្រក់បន្តិច។ សម្ដីអាក្រក់បន្តិច សុទ្ធតែអាមឹង! អើ! ពួកអានេះបើមិននិយាយអ៊ីចឹង គឺវាស្តាប់មិនបានទេ! ហើយអ្ហែងត្រូវចាំថា រាសីអ្ហែងមិនដល់ អ្ហែងជេរអញ ងាប់ខ្លួនឯងទេ! អ្ហែងចាំមើលរន្ទះបាញ់ អាខ្លះរលូតកូន... ឮថាមានមីដែងមួយណានោះ ឧស្សាហ៍ជេរ គេចូលទៅខមមិនថា អាហ្នឹងហើយទណ្ឌកម្មលោកិយនោះ!»

នេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនទៀត ដែលអ្នកនយោបាយបានប្រើប្រាស់វេទិកាចែកសញ្ញាប័ត្រនិស្សិត ជាកន្លែងបញ្ចេញកំហឹង និងវាយប្រហារលើក្រុមអ្នករិះគន់ការដឹកនាំរបស់ខ្លួន។

បញ្ញាវន្តវ័យក្មេង និងនិស្សិតមួយចំនួនបានថ្លែងថា ពួកគេមិនពេញចិត្តចំពោះទង្វើរបស់អ្នកនយោបាយឡើយ ហើយរឹតតែមិនចង់ស្តាប់ភាសាអសីលធម៌បែបនេះក្នុងពិធីចែកសញ្ញាប័ត្ររបស់ពួកគេបន្ថែមទៀត។

លោក ហ៊ុយ ម៉េងហាក់ ដែលជានិស្សិតទើបបញ្ចប់ការសិក្សាពីសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីចែកសញ្ញាប័ត្រនឹងប្រព្រឹត្តទៅតាមការគ្រោងទុករបស់សាលា ប៉ុន្តែអ្នកនយោបាយមិនគួរនិយាយភាសាគ្រោតគ្រាត និងអសីលធម៌ដើម្បីវាយប្រហារគេឯងនោះឡើយ។ លោកបានបន្ថែមថា៖

«ខ្ញុំធ្លាប់ឮសិស្សច្បងខ្ញុំនិយាយថា ទៅស្តាប់ភាសាអត់ប្រយោជន៍អ៊ីចឹង... ហើយជារឿយៗ ខ្ញុំក៏តែងឃើញក្នុងហ្វេសប៊ុក និងការផ្សាយផ្ទាល់ដែរ តែងឃើញភាសាអសុរោះ។ ខ្ញុំអត់សូវចូលចិត្តស្តាប់ភាសាអត់ពិរោះអ៊ីចឹងទេ»។

លោកបន្ថែមថា ទាំងមន្ត្រី និងទីប្រឹក្សារបស់គណបក្សទាំងអស់ គួរតែមានសេចក្តីក្លាហានប្រាប់ទៅមេដឹកនាំរបស់ខ្លួនអំពីទង្វើដ៏ខុសឆ្គងនេះ ប៉ុន្តែពួកគេបែរជាបង្ហាញកាយវិការពេញចិត្តពេញថ្លើមទៅវិញ។ រឿងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីការធ្លាក់ចុះសីលធម៌របស់ក្រុមមេដឹកនាំ និងអ្នកនយោបាយបច្ចុប្បន្ន៖

«បើយើងក្រឡេកទៅមើលរូបភាពគាត់សើចក្អាកក្អាយ វាហាក់បីដូចជាឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគាត់ដូចមិនដឹងថា អ្វីដែលនិយាយចេញទៅហ្នឹង វាជាពាក្យខុស។ វាជាfieldរឿងដែលមិនគួរនិយាយចេញទៅ ហើយវាក៏មិនមែនជា រឿងដែលគួរតែត្រេកត្រអាលសប្បាយជាមួយអ៊ីចឹងទេ។ អ៊ីចឹងកន្លែងនេះហើយដែលយើងមើលឃើញថា សីលធម៌សង្គមយើង វាដើរដល់ចំណុចមួយកាន់តែធ្លាក់ជ្រៅទៅៗ ដែលពិបាកស្តារ នៅពេលដែលមន្ត្រីទាំងនោះ អត់ដឹងថា អ្វីជាភាពត្រឹមត្រូវ អ្វីជាសីលធម៌ និងអ្វីជាភាសាសន្តិភាព»។

ចំណែក និស្សិតឆ្នាំទី៤ មួយរូបទៀតគឺ កញ្ញា ម៉ា សុវន ក៏មិនគាំទ្រការប្រើប្រាស់វេទិកាចែកសញ្ញាប័ត្រ ជាកន្លែងវាយប្រហារ និងជេរប្រមាថក្រុមណាមួយនោះដែរ។ កញ្ញាថ្លែងថា ការជេរប្រមាថ គំរាមកំហែង និងភាសាអាមឹង បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្ស-និស្សិត ហើយកញ្ញាជឿជាក់ថា ពួកគេមិនចង់ស្តាប់រឿងទាំងនេះឡើយ។ អ្វីដែលក្រុមនិស្សិតចង់ដឹងចង់ឮពីអ្នកនយោបាយ ឬថ្នាក់ដឹកនាំក្នុងពិធីចែកសញ្ញាប័ត្រ គឺឱកាសការងារ និងការលើកទឹកចិត្ត៖

«ពេលដែលគាត់ប្រើភាសាអសុរោះអ៊ីចឹងទៅ គឺមានផលប៉ះពាល់ដល់អារម្មណ៍ដែរ។ ថ្ងៃនៃការទទួលសញ្ញាប័ត្រ គឺវាពាក់ព័ន្ធទៅនឹងការសិក្សា ការតម្រង់ទិស ធ្វើ៉យ៉ាងណាដើម្បីទទួលបានការងារល្អក្នុងសង្គម ឬទាក់ទងទៅនឹងការអភិវឌ្ឍ។ អ៊ីចឹងខ្ញុំគិតថា វេទិកាមួយហ្នឹង វាមិនគួរណការពាក់ព័ន្ធទៅនឹងវេទិកានយោបាយទេ»។

ជាទូទៅ ពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅកម្ពុជាភាគច្រើនចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក ហើយប្រើរយៈពេលតិចឬច្រើន អាស្រ័យទៅតាមសុន្ទរកថារបស់អធិបតីក្នុងពិធី។ មេដឹកនាំកម្ពុជាបច្ចុប្បន្ន ច្រើនធ្វើជាអធិបតីក្នុងពិធីចែកសញ្ញាប័ត្រទាំងសាលារដ្ឋ និងឯកជន ដែលធ្វើឱ្យលោកមានឱកាសថ្លែងសុន្ទរកថាតាមតែការចង់មានប្រសាសន៍។ មានសាលាតិចតួចណាស់ ដែលការចែកសញ្ញាប័ត្រធ្វើឡើងត្រឹមenumកម្រិតនាយកសាលា និងផ្តល់ឱកាសដល់អតីតនិស្សិតជោគជ័យឡើងធ្វើបាឋកថាលើកទឹកចិត្តដល់ក្រុមនិស្សិតជំនាន់ក្រោយ៕

 

Daily Program

Livesteam thumbnail
khmer popup image