ដំណាំស្លឹកគ្រៃ ជួយជំរុញសេដ្ឋកិច្ចគ្រួសារ

ស្លឹកគ្រៃគឺជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរយើងត្រូវការជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនបែរជាមើលរំលងដំណាំនេះ ដែលជាហេតុធ្វើឱ្យកម្ពុជាបង្ខំចិត្តនាំចូលស្លឹកគ្រៃរាប់សិបតោនក្នុងមួយថ្ងៃៗពីប្រទេសជិតខាង ហើយស្លឹកគ្រៃនាំចូលទាំងនោះទៀតសោតក៏មិនសូវមានសុវត្ថិភាពល្អចំពោះសុខភាពថែមទៀតផង។ ហេតុនេះហើយ ទើបក្រុមអ្នកជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋដាំស្លឹកគ្រៃនៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមកាត់បន្ថយការនាំចូល។

ស្លឹកគ្រៃជាដំណាំដែលប្រជាពលរដ្ឋខ្មែរទូទៅត្រូវការជាចាំបាច់ ដើម្បីប្រើប្រាស់ជាគ្រឿងផ្សំ និងបង្កើនរសជាតិម្ហូបអាហារស្ទើរគ្រប់ប្រភេទ។ បន្ថែមពីនេះ ស្លឹកគ្រៃក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងត្រូវបានចាត់ទុកជាឱសថបុរាណក្នុងការព្យាបាលជំងឺមួយចំនួន ដូចជា ការពារជំងឺផ្តាសាយ ជួយរំលាយអាហារ បន្សាបជាតិពុលក្នុងរាងកាយ និងកាត់បន្ថយសម្ពាធឈាមខ្ពស់ជាដើម។

ដោយមើលឃើញពីអត្ថប្រយោជន៍របស់ស្លឹកគ្រៃ ដែលសម្បូរសារធាតុសរសៃច្រើននេះ អ្នកជំនាញក្នុងវិស័យកសិកម្មបានណែនាំ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរដាំដុះក្នុងគ្រួសារ ព្រោះវាជាដំណាំសាមញ្ញ និងងាយស្រួលដាំដុះ។ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (ហៅកាត់ថា សេដាក - CEDAC) គឺជាអង្គការឈានមុខគេក្នុងការធ្វើការងារអភិវឌ្ឍន៍ជនបទ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដើម្បីអភិវឌ្ឍកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ។ បច្ចុប្បន្ន សេដាកកំពុងជំរុញយ៉ាងផុសផុលឱ្យពលរដ្ឋដែលមានដីទំនេរ ឱ្យងាកមកដាំស្លឹកគ្រៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងឈានទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក សំ វិតូ ប្រធានអង្គការសេដាក បានមានប្រសាសន៍ថា គម្រោងដែលបានអនុវត្តក្នុងឆ្នាំនេះទទួលបានការគាំទ្រ និងចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋក្នុងខេត្តចំនួន៥ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង និងកំពង់ឆ្នាំង។ មានគ្រួសារប្រមាណ ៥០០ បានចូលរួមដាំលើផ្ទៃដីតូចៗតាមលទ្ធភាពដីដែលពួកគាត់មាន ដោយក្នុងមួយខេត្តៗមានផ្ទៃដីដាំដុះប្រមាណ ២ហិកតា ឬត្រូវជា ៦ម៉ឺនគុម្ព។

លោក ជាវ វិន រស់នៅភូមិត្រពាំងស្តុក (ខេត្តតាកែវ) ជាកសិករមួយរូបដែលបានចូលរួមសាកល្បងដាំស្លឹកគ្រៃក្រោមការផ្តួចផ្តើមរបស់សេដាក បានរៀបរាប់ថា៖ ដីលោកបានទិញ ៤ ទៅ ៥ឆ្នាំហើយ ដោយទុកចោលមិនដឹងធ្វើដំណាំអ្វី លោកក៏សាកល្បងដាំស្លឹកគ្រៃនេះមើល។ ឥឡូវនេះវាលូតលាស់ល្អណាស់ និងបែកគុម្ភធំ ដោយរយៈពេល ២ខែដាំតែ ២ដើមសោះ ហើយនៅឆ្នាំក្រោយ លោកនឹងពង្រីកការដាំដុះឱ្យបានច្រើនជាងនេះបន្ថែមទៀត។

ចំណែក លោក ស៊ឺ វុទ្ធី មេឃុំតាំយ៉ាប បានឱ្យដឹងដែរថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពីមុនមិនដែលឃើញប្រជាពលរដ្ឋដាំស្លឹកគ្រៃច្រើនបែបនេះទេ គឺមានតែដាំលក្ខណៈគ្រួសារបន្តិចបន្តួចប៉ុណ្ណោះ។ លោកនឹងជួយផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍លើដំណាំនេះ ដែលជាដំណាំងាយស្រួល ប្រើប្រាស់ដើមទុនតិច ប៉ុន្តែទទួលបានផលល្អ។

អង្គការសេដាកមិនបានសន្យាថានឹងស្វែងរកទីផ្សារជូនកសិករដែលចូលរួមក្នុងគម្រោងនេះឡើយ ប៉ុន្តែសេដាកបានជំរុញឱ្យកសិករទាំងអស់ សិក្សាអំពីតម្រូវការ និងលទ្ធភាពនៃការផ្គត់ផ្គង់ស្លឹកគ្រៃក្នុងទីផ្សារមូលដ្ឋានភូមិ-ស្រុករបស់ខ្លួនជាមុនសិន។ សេដាកចង់ឃើញកសិករចងក្រងគ្នាជាក្រុម ដើម្បីជៀសវាងបញ្ហាប្រឈមលើទីផ្សារ ព្រោះប្រសិនបើកសិករដាំស្លឹកគ្រៃតែម្នាក់ឯង ហើយយូរៗលក់ឱ្យឈ្មួញម្តង ឈ្មួញក៏ពិបាកទទួលទិញដែរ។ ផ្ទុយទៅវិញ ប្រសិនបើកសិករចងក្រងជាក្រុម និងមានសមត្ថភាពផ្គត់ផ្គង់ស្លឹកគ្រៃបានទៀងទាត់ នោះនឹងមិនខ្វះទីផ្សារឡើយ ព្រោះដំណាំនេះមានតម្រូវការជារៀងរាល់ថ្ងៃ។

យោងតាមប្រសាសន៍របស់លោកប្រធានអង្គការសេដាក ប្រទេសវៀតណាមបាននាំចេញស្លឹកគ្រៃយ៉ាងហោចណាស់ ៥០តោនក្នុងមួយថ្ងៃ មកកាន់ទីផ្សារធំៗក្នុងរាជធានីភ្នំពេញ នេះមិនទាន់រាប់បញ្ចូលបរិមាណស្លឹកគ្រៃដែលនាំចូលពីប្រទេសថៃនៅឡើយទេ។ ជាក់ស្តែង ស្លឹកគ្រៃដែលដាំដុះនៅមូលដ្ឋានតាកែវ និងកោះស្លា មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារ (ពិសេសទីផ្សាររាជធានីភ្នំពេញ) បានត្រឹមតែ ៣០% ប៉ុណ្ណោះ នៃតម្រូវការទីផ្សារសរុប៕

 

Daily Program

Livesteam thumbnail
khmer popup image