ចូហាន ហ្គូថេនបឺហ្ស៍ ៖ បុរសអច្ឆរិយៈអ្នកបង្កើត "បដិវត្តន៍បោះពុម្ព" ដាស់ ទ្វីបអឺរ៉ុប និងពិភពលោកឱ្យភ្ញាក់ពីភាពងងឹត
មកត្រឹមដើមសតវត្សរ៍ទី១៥ ទ្វីបអឺរ៉ុបស្ថិតក្នុងសម័យកាលមួយដែលចំណេះដឹង ត្រូវបានកម្រិតយ៉ាងខ្លាំង។ សៀវភៅនីមួយៗត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំដើម្បីចម្លងដោយដៃ ដែលធ្វើ ឱ្យវាមានតម្លៃថ្លៃហួសថ្លែង និងមានតែក្រុមអភិជន ឬអ្នកសាសនាភាគតិច ប៉ុណ្ណោះដែលអាចស្វែងយល់បាន។ ប៉ុន្តែបុរសម្នាក់ឈ្មោះ ចូហាន ហ្គូថេនបឺហ្ស៍ (Johannes Gutenberg) បានឈានជើងចូលមកផ្លាស់ប្តូរវាសនារបស់មនុស្សជាតិទាំងមូល។
លោកហ្គូថេនបឺហ្ស៍ កើតនៅប្រមាណឆ្នាំ១៤០០ នៅទីក្រុងម៉ាយេនស៍ (Mayence) នៃចក្រភពរ៉ូម៉ាំងដ៏បរិសុទ្ធនៃអាឡឺម៉ង់។ លោកគឺជាជាងពុម្ព និងជាអ្នកច្នៃប្រឌិតដ៏ឈ្លាសវៃម្នាក់។
នៅរវាងឆ្នាំ១៤៣១ ក្នុងបរិបទដែលសង្គម និងប្រព័ន្ធអប់រំនៅអឺរ៉ុបកំពុងស្រេកឃ្លានសៀវភៅយ៉ាងខ្លាំង ជាពិសេសតាមបណ្ណាល័យ សកលវិទ្យាល័យ ចំណែកនៅទីក្រុងបាល (Bâle) ប្រទេសស្វីស ក៏មហាសន្និបាតសាសនាដែលបានបើកធ្វើឡើងនៅឆ្នាំ១៤៣១ និងបានប្រមូលផ្តុំដោយមេដឹកនាំសាសនាកាតូលិក អ្នកប្រាជ្ញ និងសាស្ត្រាចារ្យសកលវិទ្យាល័យនៃទ្វីបអឺរ៉ុបជាច្រើនរូបផងនោះ ព្រមទាំងទាំងអស់បានលើកឡើងថា សំណេររបស់ពួកគាត់គួរតែត្រូវកែច្នៃ និងផលិតឡើងវិញឲ្យបានច្រើន លោកហ្គូថេនបឺហ្ស៍ កំពុងចាប់ផ្តើមការស្រាវជ្រាវយ៉ាងស្ងប់ស្ងាត់នៅទីក្រុងស្រ្តាស្បួហ្ស៍ (Strasbourg)។ នៅទីនោះ លោកបានបង្កើតនូវបច្ចេកវិទ្យាដ៏អស្ចារ្យមួយ គឺ "ម៉ាស៊ីនបោះពុម្ពអក្សរដែកចល័ត" រួមផ្សំជាមួយនឹងទឹកមឹករអិលខាប់ពិសេស។ ការរកឃើញនេះបានធ្វើឱ្យការផលិតសៀវភៅលែងជាការងារចម្លងដោយដៃដ៏យឺតយ៉ាវទៀតហើយ ប៉ុន្តែជាការផលិតបានច្រើនច្បាប់ ឆាប់រហ័ស និងមានតម្លៃថោក ដែលអនុញ្ញាតឱ្យប្រជាជនទូទៅអាចទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ។
នៅឆ្នាំ១៤៤៨ លោកបានត្រឡប់មកទីក្រុងម៉ាយេនស៍វិញ បន្តស្រាវជ្រាវ និងធ្វើការងាររោងពុម្ភ។ ចន្លោះឆ្នាំ១៤៥២-១៤៥៥ ស្នាដៃឯកដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របានចាប់កំណើតឡើង គឺ "ព្រះគម្ពីរ ហ្គូថេនបឺហ្ស៍ ប៊ីប្ល៍" (Gutenberg Bible) ដែលមានកម្រាស់ ៦៤១ សន្លឹក (បែងចែកជា ៦៦ ក្បាលតូចៗ) និងរៀបរៀងចេញពីព្រះគម្ពីរនៃសន្តហ្ស៉េរ៉ូម (St. Jérôme)។ នេះជាសៀវភៅដំបូងគេបង្អស់លើលោកដែលបោះពុម្ពដោយអក្សរដែកចល័ត ប្រកបដោយក្បូរក្បាច់រចនាយ៉ាងផ្ជិតផ្ចង់ និងស្រស់ស្អាតបំផុត។
របកគំហើញនេះបានក្លាយជាចលករជំរុញឱ្យកើតមានសម័យកាលរស់ឡើងវិញនៅអឺរ៉ុប (Renaissance) កំណែទម្រង់សាសនា និងបដិវត្តន៍វិទ្យាសាស្ត្រទំនើប ព្រោះប្រជាជនអាចអានព្រះគម្ពីរ និងសៀវភៅវិទ្យាសាស្ត្រដោយខ្លួនឯងបានហើយ។
នៅឆ្នាំ ១៤៥៥ ព្រះអង្គម្ចាស់ស្តេចត្រាញ់ អាល់ដូលហ្វ៍ ទី២ នៃណាសូ (Adolphe II of Nassau) នៅទីក្រុងម៉ាយេនស៍ បានមើលឃើញពីគុណសម្បត្តិដ៏ធំធេង បានប្រទានប្រាក់ឧបត្ថម្ភមួយជីវិត ព្រមទាំងប្រគល់គោរមងារជាអភិជនដល់លោកហ្គូថេនបឺហ្ស៍នៅក្នុងព្រះរាជវាំង។
លោកចូហាន ហ្គូថេនបឺហ្ស៍ បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៤៦៨ នៅទីក្រុងម៉ាយេនស៍។ ដើម្បីរំឭកដល់ខួបកំណើត ៥០០ឆ្នាំរបស់លោក សារមន្ទីរ ហ្គូថេនបឺហ្ស៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩០០ នៅទីក្រុងម៉ាយេនស៍នេះដែរ។ បន្ថែមពីលើនេះ នៅក្នុងឆ្នាំ១៩៩៧ សារព័ត៌មានអាម៉េរិកដ៏ល្បីល្បាញ ថែមស៍ ឡាយហ្វ៍ Time-Life បានបោះឆ្នោតជ្រើសរើសរបកគំហើញម៉ាស៊ីនពុម្ពរបស់លោកជា "ការបង្កើតសំខាន់បំផុតនៃសហស្សវត្សរ៍ទី ២" ផងដែរ។
ថ្វីបើលោកចាកចេញទៅរាប់រយឆ្នាំហើយក្តី ប៉ុន្តែពន្លឺនៃចំណេះដឹងដែលលោកបានបំភ្លឺតាមរយៈម៉ាស៊ីនបោះពុម្ព នៅតែបន្តរៀបចំពិភពលោកទំនើបមកដល់សព្វថ្ងៃ។
