កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។ យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតទាំងពីរបានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។ បច្ចុប្បន្នក្រោមការសម្របសម្រួលរបស់ ក្រសួងបរិស្ថាន និស្សិត ៦រូបផ្សេងទៀតបាននិងកំពុងបន្តការសិក្សាលើជំនាញនេះ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទកភាពដែលកម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលក្នុងសម័យតេជោសែន។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារតែមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ។ ទន្ទឹមនឹងថ្លែងអំណរគុណថ្នាក់ដឹកនាំសាស្ត្រាចារ្យសាលាតិចណូក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែល បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជា ពិសេសជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលនេះ។

ប្រទេសកម្ពុជាត្រូវការធនធានមនុស្សក្នុងវិស័យនេះបន្ថែមទៀត។ ការសិក្សាស្រាវជ្រាវ ការអនុវត្ត និងការលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ហេតុដូច្នេះបានជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ក្នុងទិសដៅដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យអាទិភាពដូចជាឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម។

នៅក្នុងទិសដៅ និងកម្មវិធីការងារវិស័យថាមពលនុយក្លេអ៊ែរនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មនុយក្លេអ៊ែរចិន ក្នុងការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្នុងវិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងសុខភាព។

ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាយកចិត្តទុកដាក់លើវិស័យអាទិភាពរួមមាន ការកសាងក្របខណ្ឌច្បាប់ សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី សុខភាពមនុស្ស កសិកម្ម ការចិញ្ចឹមសត្វ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងធនធានទឹក ការធ្វើផែនការនិងកម្មវិធីអនុវត្តការងារក្នុងវិស័យថាមពល កិច្ចការពារបរិស្ថាន ត្រួតពិនិត្យនិងការគ្រប់គ្រងសំណល់វិទ្យុសកម្ម ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការរក្សាកេរមរតកវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំជាដើម៕

 

Daily Program

Livesteam thumbnail