អ្នកចិញ្ចឹមសត្វគួរប្រុងប្រយ័ត្ននៅពេលពួកវានៅលើផ្លូវ

ក្រៅពីការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរហួសល្បឿនកំណត់ ការបើកបរខ្វះការប្រុងប្រយ័ត្ន សត្វចិញ្ចឹមដែលមានដូចជាគោ ក្របី ឆ្កែ ជ្រូក ក៏ជាមូលហេតុចំបងដែលបង្កគ្រោះថ្នាក់នេះផងដែរសម្រាប់កម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវសាធារណៈដោយសារតែសត្វនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងហើយកាលពីថ្ងៃទី ២៩ ខែមេសា នៅពេលចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិបីខ្សែគឺ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១។
សម្តេចធិបតីបានអំពាវនាវ ដល់ម្ចាស់សត្វពាហនៈនិង សត្វចិញ្ចឹមទាំងអស់ ត្រូវគ្រប់គ្រងសត្វរបស់ខ្លួនឱ្យបានត្រឹមត្រូវ កុំឱ្យសត្វទាំងនោះដើរកាត់ផ្លូវ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ ហើយអ្នកប្រើប្រាស់ផ្លូវក៏ត្រូវតែលើកកំពស់ការប្រុងប្រយ័ត្នពេលឃើញវត្តមានសត្វទាំងនោះ។
សម្តេចបវរធិបតី បានលើកឡើងថា សម្តេចសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងចំពោះការប្រើប្រាស់ផ្លូវតាមច្បាប់ចរាចរណ៍ ដើម្បីធានាបានសុវត្ថិភាព។ សម្តេចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសត្វពាហនៈ ទាំងឆ្កែ ទាំងគោ ទាំងក្របី សូមប្រយ័ត្នប្រយែងទាំងអស់គ្នា។
សម្តេចធិបតីបន្ដថា គ្រោះថ្នាក់ និងការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករសម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជានាពេលប៉ុន្មានឆ្នាំនេះ ពោលគឺចាប់តាំងពី ក្រោយពីសង្គ្រាមបានបញ្ចប់។ សម្ដេចធិបតីបាន រំលឹកថាកាលមុនសង្រ្គាមមានគ្រាប់កាំភ្លើង បាញ់គ្នាចប់សង្គ្រាមមានគ្រាប់មីន បានសម្លាប់មនុស្សច្រើននាក់ តែគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង។
យោងតាមរបាយការណ៍កាលពីឆ្នាំ ២០២៤ កម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុបចំនួន ២.៨៤៤ លើក និង បានបង្កឲ្យមនុស្សស្លាប់មានចំនួន ១.៥០៩នាក់។
សរុបមកវិញម្ចាស់សត្វចិញ្ចឹមនិងសត្វពាហនៈនានា គួរតែព្យាយាមកុំអោយសត្វចិញ្ចឹមទាំងនោះឡើងលើតំបន់ដែលជិតផ្លូវ។ នៅក្នុងករណីឆ្លងកាត់គឺគួរតែប្រយ័ត្នប្រយែង ក្រៅពីយើងខូចខាតបាត់បង់សត្វចិញ្ចឹម យើងក៏អាចនឹងមានពិរុទ្ធផ្នែករដ្ឋប្បវេណីផងដែរ ពីបទធ្វេសប្រហែស។ ដូច្នេះដើម្បីសុវត្ថិភាពទាំងអស់គ្នាជាអ្នកចិញ្ចឹមសត្វ ត្រូវព្យាយាមកុំអោយសត្វឡើងលើផ្លូវសាធារណៈ ហើយអ្នកបើកបរក៏ត្រូវតែប្រុងប្រយ័ត្នដើម្បីបង្ការការចៃដន្យ។ បើគ្រប់គ្នាប្រយ័ត្ន នោះអ្វីៗនឹងប្រសើរទាំងអស់គ្នា៕
Daily Program
