សូមកុំទាស់គ្នាព្រោះតែពហិការ !​

ជាទូទៅនៅក្នុងសង្គមមួយមានសមាជិកជាច្រើននាក់ ហើយម្នាក់ៗគឺសុទ្ធតែមានទស្សនៈនិងគំនិត ក៏ដូចជាបំណងប្រាថ្នានិងតម្រូវការក៏ដូចជាភាពចាំបាច់ផ្សេងៗពីគ្នា ដូច្នេះសូមកុំឲ្យយើងទាំងអស់គ្នាខ្វែងគំនិតគ្នាអត់ប្រយោជន៍។

ថ្មីៗនេះនៅលើបណ្តាញសង្គមនិងនៅក្នុងស្រទាប់សង្គមមានការបំផុសបំផុលឲ្យធ្វើពហិការប្រឆាំងទំនិញឫរបស់របរថៃ ខណៈដែលថៃពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ​នៅតែបន្តបង្កស្ថានការណ៍កាន់តែតានតឹង ជាបន្តបន្ទាប់។

មកដល់ពេលនេះសារព័ត៌មានថៃបានផ្សាយថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃនៅខែសីហាបានធ្លាក់ចុះរហូតដល់កម្រិត៩៩,៩ភាគរយ ពោលគឺមានត្រឹមតែប្រមាណជា ១០ លានបាតប៉ុណ្ណោះ។

នៅពេលដែលសារព័ត៌មានថៃចុះមានការចែករំលែកនៅលើបណ្តាញសង្គមហើយក៏ត្រូវបានមហាជនជាច្រើនបានសារទរហើយលើកឡើងថា នេះគឺជាសមិទ្ធកម្មចេញពីការធ្វើពហិការរបស់ពលរដ្ឋកម្ពុជាហើយក៏បានបន្តធ្វើយុទ្ធនាការជំរុញនិងលើកកំពស់ ការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាបន្តធ្វើពហិការជាបន្តបន្ទាប់ ថែមទៀត ប៉ុន្តែទន្ទឹមនឹងនោះក៏មានការរិះគន់បែបអវិជ្ជមានមកលើអ្នកខ្លះដែលហាក់មានបំណង និង កំពុងតែប្រើប្រាស់ផលិតផលថៃ ពីព្រោះតែការលក់បញ្ចុះតម្លៃ ឫ កម្មវិធីផ្សព្វផ្សាយខ្លះៗដែល គេបានធ្វើ ឫក៏ដោយហេតុផលចាំបាច់ផ្សេងៗ។​

ក្រៅពីនោះក៏មានការរិះគន់ពីសំណាក់ក្រុមអ្នកដែលនៅបន្តរកស៊ីជាមួយនឹងថៃ ផងដែរ ខណៈដែលមកដល់ពេលនេះតាមច្បាប់មិនទាន់មានការហាមឃាត់ទាំងស្រុងឡើយ គឺមានតែត្រឹមប្រេងឥន្ធនៈ បន្លែ ផ្លែឈើ ផ្នែកសេវាកម្ម អ៊ីនធើណិត និង អគ្គីសនីប៉ុណ្ណោះ ។

យើងខ្ញុំគាំទ្រចំពោះស្មារតីនៃការបន្តធ្វើពហិការ ប៉ុន្តែសូមកុំអោយយើងមានការថ្នាំងថ្នាក់គ្នាពីព្រោះតែបញ្ហាធ្វើពហិកានិងមិនធ្វើពហិការពីសំណាក់អ្នកខ្លះ ។ ជាទូទៅនៅក្នុងនាមជាពលរដ្ឋជាតិសាសន៍មួយ​គ្មាននរណាយចង់ប្រើប្រាស់របស់ដែលគេមើលងាយបន្តុះបង្អាប់ជាតិសាសន៍ខ្លួនឡើយ​ ប៉ុន្តែករណីខ្លះក៏វាចាំបាច់ ដូច្នេះកុំអោយវាទៅជាទំនាស់។​

នៅក្នុងករណីនរណាម្នាក់មិនធ្វើពហិកាក៏តាមការគិតនោះទៅ ប៉ុន្តែនៅក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងគួរធ្វើ ហើយទន្ទឹមនឹងនោះយើងក៏ត្រូវតែពង្រឹងការគាំទ្រនិងលើកទឹកចិត្តផលិតផលនៅក្នុងស្រុក រីឯអ្នកនៅក្នុងស្រុកវិញក៏កុំឆ្លៀតឱកាសកេងប្រវ័ញ្ចខុសតម្រា នៅក្នុងកាលៈទេសៈនេះ​។  យើងទាំងអស់គ្នាត្រូវយកស្មារតីជួយគ្នា និងមានស្មារតីតែមួយ។

សរុបទៅដើម្បីឲ្យចលនានៃការធ្វើពហិការរឹងមាំ គឺយើងគួរតែបន្តនិងរួមចិត្តគ្នាជាធ្លុងមួយបន្ថែមទៀត ហើយត្រូវតែលើកកំពស់ផលិតកម្មផលិតផលនានាឲ្យមានបំពេញទីផ្សារបំពេញតម្រូវការបំពេញភាពចាំបាច់នានានៅក្នុងជីវភាពរស់នៅឲ្យបាន។

Daily Program

Livesteam thumbnail