សុខទុក្ខវីរកងទ័ពយើងទាំង១៨នាក់មិនអីទេ ប៉ុន្តែការដោះលែងគួរតែត្រូវធ្វើជាបន្ទាន់

គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទី៧៩ថ្ងៃហើយ ដែលកងវីរកងទ័ពយើងចំនួន ១៨ រូប ត្រូវបានថៃចាប់ខ្លួនដោយខុសច្បាប់នៅដែនអធិបតេយ្យកម្ពុជា មិនទាន់ត្រូវបានដោះលែងនៅឡើយទេមកដល់ពេលនេះ។
តាមការបញ្ជាក់នៅលើបណ្តាញផ្លូវការរបស់ក្រសួងការពារជាតិបានឲ្យដឹងថា សុខទុក្ខពួកគេទាំង១៨នាក់មិនអីទេ ប៉ុន្តែពួកគេនៅតែបន្តស្ថិតក្រោមការគ្រប់គ្រងដោយយោធាថៃដដែល។
សុខទុក្ខរបស់ពួកគេត្រូវបានក្រសួងការពារជាតិប្រកាសឲ្យដឹង នៅពេលដែលលោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាននៃក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោក ជួ មុនតានី (Jurg Montani) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងជំនួបនោះ លោក ជួ មុនតានី បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។
ជាការពិតទោះបីជាសុខទុក្ខពួកគេមិនអី ប៉ុន្តែពួកគេបាត់បង់សិទ្ធិសេរីភាពនៅក្នុងនាមជាពលរដ្ឋកម្ពុជា ពួកគេបានឃ្លាតចាកពីគ្រួសារ ហើយមិនមានសេរីភាពឡើយ ដូច្នេះយើងទាំងអស់គ្នាសូមកុំភ្លេច ហើយសូមបន្ត ធ្វើការយ៉ាងសស្រាក់សស្រាំនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ជាមួយនឹងរដ្ឋាភិបាល និង ក្រសួងការពារជាតិ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
យើងទាំងអស់គ្នាសូមកុំបំភ្លេចពួកគេ យើងត្រូវតែបន្តចងចាំនិងទាមទាររហូតដល់ពួកគេត្រូវបានដោះលែង ។ ពួកគេគឺជាវីរជនជាតិ ហើយពួកគេគួរតែទទួលបានការយកចិត្តទុកដាក់ពីគ្រប់សមាសធាតុ។ ក្រៅពីពួកគេយើងក៏គួរបន្តយកចិត្តទុកដាក់សួរសុខទុក្ខក្រុមគ្រួសាររបស់ពួកគេផងដែរ៕
Daily Program
