សង្ឃឹមថា និស្សិតនៅក្នុងវិស័យវេជ្ជសាស្ត្រជាងមួយម៉ឺននាក់ មាន​ជំនាញនិងក្រមសីលធម៌

តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល និស្សិតពាក់ព័ន្ធនឹងវិជ្ជាជីវ: សុខាភិបាលដែលនឹងត្រូវជ្រើសឱ្យចូលរៀនជំនាញដើម្បីសង្រ្គោះជីវិតមនុស្សនៅឆ្នាំសិក្សា ២០២៤-២០២៥ មានជាង មួយម៉ឺននាក់។

ពួកគេទាំងនោះគឺមានដូចជា វេជ្ជបណ្ឌិតទូទៅ​ចំនួន​៩៥០នាក់ ឱសថការីសរុប១.០១០នាក់ ទន្តបណ្ឌិតទូទៅសរុប ៥១០នាក់ គិលានុបដ្ឋាក៨៧០នាក់  ឆ្មប៤៩៥នាក់ សុខភាពសាធារណៈ៤០ នាក់ ពេទ្យចលនា១២០នាក់ ជំនាញខាងមន្ទីរពិសោធន៍វេជ្ជសាស្រ្តសរុប ៦០ នាក់ គិលានុបដ្ឋានរង៣.០៦០នាក់ បរិញ្ញាបត្រឆ្មបរង២.២៧០ នាក់ បរិយាបត្ររងផ្នែកមន្ទីរពិសោធន៍វេជសាស្រ្ត៩៨០នាក់ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក៤៧០នាក់ បរិញបត្ររងព្យាបាលដោយចលនា ១៧០នាក់ បរិញ្ញាបត្ររងបច្ចេកទេសវិទ្យាសាស្រ្ត១៦០ នាក់។

មួយឆ្នាំកម្ពុជាបណ្តុះធនធនមនុស្សផ្នែកវេជ្ជសាស្រ្តជាង១ម៉ឺននាក់នេះមិនតិចទេ តែក៏មិនច្រើនដែរ ពីព្រោះវិស័យសុខាភិបាលនៅកម្ពុជានៅស្រេកឃ្លានជំនាញនេះ ហើយនៅត្រូវការច្រើនដើម្បីសង្គ្រោះជីវិតពលរដ្ឋ។

ការបណ្តុះបណ្តាលនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់របស់កម្ពុជា ដើម្បី​​កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈ និងការដោះស្រាយតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងរបស់ប្រទេសជាតិ ខណៈដែលវិស័យនេះនៅតែបន្តរង​ការរិះគន់ពីសាធារណជន ហើយពលរដ្ឋនៅតែបន្តវេចលុយចេញទៅព្យាបាលនៅប្រទេសជិតខាង។

នៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាប្រឈមមុខនឹងតម្រូវការបន្ទាន់សម្រាប់កម្លាំងពលកម្មផ្នែកវេជ្ជសាស្រ្តនិងការថែទាំសុខភាព ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកវេជ្ជសាស្ត្រជាច្រើន រួមទាំងជំងឺឆ្លង បញ្ហាសុខភាពមាតា និងទារក និងជំងឺរ៉ាំរ៉ៃផ្សេងៗ។

សម្រាប់ប្អូនៗជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ នេះ​ជា​អ្វីសំខាន់និងចាំបាច់ ហើយសង្ឃឹមថាប្អូនៗនឹងទទួលចំណេះនិងជំនាញ លើវិស័យវេជ្ជសាស្ត្រនេះកាន់តែច្បាស់​និង​ស៊ីជម្រៅ ហើយក៏ទាន់សម័យពីព្រោះក្បួននិងជំនាញគឺកាន់តែរីកចម្រើនទាមទារការកែសម្រួលនិងធ្វើបច្ចុប្បន្នភាព។

ក្រៅពីនោះ ការបណ្តុះបណ្តាលជារឿងសំខាន់សម្រាប់​​និស្សិត​ទាំងនេះ ឱ្យយល់ដឹងស៊ីជម្រៅអំពីក្រមសីលធម៌វេជ្ជសាស្រ្ត និងទំនួលខុសត្រូវរបស់ពួកគេចំពោះសង្គមផង។

មកដល់ពេលនេះរឿងបច្ចេកទេស​និង​ជំនាញ​ក៏ដូចជាសមត្ថភាព មានមតិលើកឡើងថា ធនធានវេជ្ជសាស្រ្តកម្ពុជាគឺគ្រាន់បើ ប៉ុន្តែនៅមាននចំណុចខ្សោយនៅលើក្រមសីលធម៌ ទំនួលខុសត្រូវ និង ការប្តេជ្ញាចិត្ត​បំពេញបេសកម្ម​ក្នុងនាមជាអ្នកសង្រ្គោះជីវិតមនុស្ស។

ក្រមសីលធម៌វេជ្ជសាស្រ្តនិងទំនួលខុសត្រូវនេះ គឺជាមូលដ្ឋានគ្រឹះត្រូវ​អនុវត្ត​ប្រកបដោយវិជ្ជាជីវៈនិងគុណធម៌។ វាសង្កត់ធ្ងន់លើគោលការណ៍ដូចជា ការគោរពចំពោះស្វ័យភាពរបស់អ្នកជំងឺ អត្ថប្រយោជន៍ និងយុត្តិធម៌សង្គម ជាពិសេសគឺគោលការណ៍មនុស្សធម៌។

សរុបទៅប្រសិនបើពួកគេទាំងជាង១ម៉ឺននាក់ទទួលការបណ្តុះបណ្តាល​ត្រឹមត្រូវ ទាំងចំណេះនិងជំនាញ បច្ចេកទេស ហើយពួកគេមានក្រមសីលធម៌ និងការទទួលចំពោះចំណេះនិងជំនាញពិតប្រាកដ ពួកគេនឹងអាចជួយពង្រឹងវិស័យសុខាភិបាល ដែលកំពុងរងការិះគន់មួយផ្នែក ហើយ​​បើកែលំអរនៅពេលអនាគតនឹងកាន់ប្រសើរ៕

Daily Program

Livesteam thumbnail