កុំអង្គុយលាបពណ៌គ្នា ករណីឧក្រិដ្ឋកម្មអនឡាញ

ឧក្រិដ្ឋកម្មអនឡាញបានកំពុងតែក្លាយជាឧក្រិដ្ឋកម្មដ៏ស៊ិចស៊ី ដែលគេបានកំពុងតែផាត់មុខលាបពណ៌ឲ្យកម្ពុជា​ជាបន្តបន្ទាប់ ខណៈដែលឧក្រិដ្ឋកម្មនេះវាគឺជាបញ្ហាតំបន់ ហើយមិនមែនកើតឡើងតែនៅកម្ពុជានោះទេ។

ករណីឧក្រិដ្ឋកម្មអនឡាញនេះមាននៅថៃ វៀតណាម ឡាវ មីយ៉ាន់ម់ា និង ប្រទេសជាច្រើនទៀតក្រៅពីកម្ពុជា ហើយក៏អាចច្រើនជាងកម្ពុជាផង។

វាគឺជាឧក្រិដ្ឋកម្មបែបថ្មី ដែលចាំបាច់ត្រូវតែអង្គុយជាមួយ​គ្នា រួម​គិត ពិភាក្សាគ្នា ហើយជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីដោះស្រាយបញ្ហា មិនមែនចេះ​តែ​ចោទប្រកាន់គ្នាទៅវិញទៅ​មក​នោះ​ទេ។ នេះ​គេ​ហៅ​ថា​ លាបពណ៌ដាក់គ្នា​យក​រួច​ខ្លួន​ ដោយសំអុយគ្នាទៅវិញទៅមក ប៉ុន្តែគ្មាន​កើត​ជា​ដុំ​កំភួន​នោះឡើយ ព្រោះ​រឿង​នេះ​កើត​ឡើង​ជា​ប្រព័ន្ធ។

រឿងនៅទីណាដោះស្រាយនៅទីនោះ ហើយបើមានករណីឆ្លងដែន គួរតែប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តការជាមួយគ្នា​​។

សម្រាប់កម្ពុជានៅពេលនេះ គឺពិតជាមានការចោទប្រកាន់ច្រើន ហើយនៅពេលនេះនៅលើបណ្តាញសង្គម​និង នៅលើទំព័រព័ត៌មានគឺកំពុងតែវល់ក្រោយករណីបាត់បង់ជីវិតនិស្សិតកូរ៉េម្នាក់ ​ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានកូរ៉េ រហូតដល់ប្រធានាធិបតីកូរ៉េប្រតិកម្ម ហើយបញ្ជូនបេសកជនមកកម្ពុជាផងដែរ។

តាមជំហររបស់កម្ពុជា ជាពិសេសអ្វីដែលសម្តេចធិបតីបានបង្ហើប គឺកម្ពុជាបានបង្ហាញឆន្ទៈលើកិច្ចសហប្រតិបត្តិការពេញទំហឹងជាមួយនឹងកូរ៉េក្រោមលក្ខខណ្ឌទ្វេភាគី។

ផ្អែកតាមជំហររបស់កម្ពុជាយើងសង្ឃឹមថា កូរ៉េនិងយល់ ហើយនឹងរួមសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធនៅកម្ពុជាដើម្បីវែកមុខឧក្រិដ្ឋជនពិតប្រាកដ ដើម្បីកុំអោយពួកគេរកតែផលប្រយោជន៍ខ្លួន​​ឯង ប៉ុន្តែបែរជាយកកេរ្តិ៍ឈ្មោះប្រទេសនិងប្រជាជនទៅប្រឡាក់ប្រឡូសនឹងឧក្រិដ្ឋកម្មដ៏ទាន់សម័យមួយនេះ។

មកដល់ពេលនេះអាជ្ញាធរកម្ពុជាបានចាត់វិធានការប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មអនឡាញនេះជាបន្តបន្ទាប់ ហើយក៏រកឃើញនិងឃាត់ខ្លួនជនសង្ស័យជាច្រើនផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តធ្វើកិច្ចការនេះបន្ថែមទៀត ជាពិសេសវែកមុខមេខ្លោងនៃឧក្រិដ្ឋកម្មនេះយកមកផ្តន្ទាទោស៕

 

 

Daily Program

Livesteam thumbnail