រឿងអ្វីក៏ដោយ សូមកុំឱ្យពាក់ព័ន្ធនឹងកុមារ

មិនថារឿងលេងសើច រឿងនយោបាយ ឬ រឿងជម្លោះនៅក្នុងគ្រួសាររួមទាំងទំនាស់ផ្សេងៗ គួរកុំពាក់ព័ន្ធនឹងកុមារពីព្រោះគ្នានៅក្មេងណាស់ មិនគួរយកពួកគេទៅប្រឡាក់ប្រឡូក​នឹងរឿងមនុស្សចាស់ៗនោះទេ។

រឿងកុមារគឺជារឿងដ៏រសើបហើយសង្គមមិនឱ្យតម្លៃឡើយ ដូច្នេះគ្រប់គ្នាគួរតែដឹងរឿងនេះ។ កុមារគឺជាក្រដាសស ដូច្នេះយើងជាមនុស្សពេញវ័យកុំនាំឲ្យក្រដាសសនេះ ទៅដិតដាមនឹងស្នាមប្រឡាក់ផ្តេសផ្តាស់នៅក្នុងសង្គម។

ទោះបីជាឪពុកម្តាយមានទំនាស់ស៊ីសាច់ហុតឈាមនឹងគ្នាយ៉ាងណាក៏ដោយ ក៏មិនគួរយកក្មេងមកឡូកឡំជាមួយឡើយ។ ទុកឲ្យគ្នានៅឱ្យស្ងប់ ហើយធំធាត់ដោយសក្តានុពលវិញប្រសើរជាង។​

ជាក់ស្តែងរឿងទំនាស់រវាងអ្នកជិតខាងនិងអ្នកជិតខាង​នៅពេលដែលឪពុកម្តាយមិនត្រូវគ្នា បុគ្គលជាច្រើននៅពេលដែលឃើញកូនៗរបស់ពួកគេលេងជាមួយគ្នា បានហាមកូន ហើយខ្លះទៀតមានទាំងវាយកូន​ ខណៈដែលក្មេងៗទាំងនោះមិនបានដឹងអ្វីទាំងអស់។​

នៅក្នុងនាមជាក្មេង ពួកគេគ្មានគំនុំ ហើយក៏គ្មានគំនិតស្អប់ គុំគួនគ្នាដូចជាមនុស្សចាស់ឡើយ។ នៅពេលដែលពួកគេខឹង ពួកគេអាចវាយគ្នា អាចជេរគ្នា ខឹងគ្នា ប៉ុន្តែនៅពេលដែលពួកគេបាត់ខឹងនឹងគ្នា ពួកគេនឹងត្រឡប់មកលេងជាមួយគ្នាជាធម្មតា មិនដូចចាស់ៗឈ្លោះគ្នាទេ គឺខឹងគុំគួន ហើយមានរហូតដល់ ចងអាឃាតនឹងគ្នាថែមទៀតផង។ ​

ម្យ៉ាងវិញទៀតនៅកម្ពុជាយើង យើងទម្លាប់លេងសើចនឹងក្មេងជ្រុល គឺជារឿងមួយគួរតែជៀសវាងដើម្បីកុំឱ្យពួកគេមានស្នាមជាមួយនឹងអ្វីដែលយើងលេង។​

រឿងមនុស្សចាស់គឺមនុស្សចាស់ ហើយទុកឲ្យចាស់ដោះស្រាយទៅ។ កុំអូសក្មេងទៅទាក់ទង វាគឺជារឿងអសីលធម៌ សង្គមមិនឱ្យតម្លៃឡើយ ហើយច្បាប់ក៏មិនឱ្យតម្លៃផងដែរ។​

សព្វថ្ងែនេះទោះបីជាឪពុកម្តាយមានកំហុសប៉ុណ្ណាក៏ដោយ ហើយពួកគេល្មើសច្បាប់និងមានទោសទណ្ឌធ្ងន់ធ្ងរក៏កូនៗរបស់ពួកគេមិនបានពាក់ព័ន្ធឡើយ។ ក្មេងៗទាំងនោះគួរតែទទួលបានការការពារនិងទំនុកបម្រុងដូចជាក្មេងដទៃទៀត ដែលពួកគេមានសិទ្ធិមូលដ្ឋាន​របស់​ពួកគេ គឺសិទ្ធិ​រស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិ​ទទួលបានអាហារគ្រប់គ្រាន់ ជាពិសេសគឺសិទ្ធិចូលរួមសកម្មភាពផ្សេងៗ​​។​

សូមលើកកំពស់ការយល់ដឹងចំពោះសិទ្ធិសេរីភាពកុមារ ហើយចាត់ទុកកុមារគឺជាគ្រាប់ពេជ្រនិងជាធនធានមនុស្សដ៏ល្អនៅពេលអនាគត។ ដូច្នេះសូមកុំឱ្យយើងយកអ្វីដែលជាចំណុចអាក្រក់ ទៅបណ្តុះលើក្មេងឲ្យខូច។ ក្មេងគួរតែទទួលបានអ្វីដែលជាក្តីស្រលាញ់ ផ្តល់តម្លៃផ្តល់ភាពកក់ក្តៅ៕

Daily Program

Livesteam thumbnail