រាជរដ្ឋាភិបាលបើកឱកាសរើសពលទាហាន៣០០នាក់

ប្អូនៗនិស្សិត និងយុវជន ឱកាសប្រឡូកខ្លួននៅក្នុងខឿនការពារជាតិបានបើកចំហរហើយ ដូច្នេះសូមប្អូនៗរត្រៀមខ្លួនចុះឈ្មោះនិងឆ្លងកាត់ដំណើរការជ្រើសរើសតាមសមត្ថភាព និងតាមជំនាញរបស់ខ្លួន។
តាមលិខិតមួយដែលផ្សព្វផ្សាយដោយសារព័ត៌មាននានា បានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចុះហត្ថលេខារួចហើយតាំងពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឲ្យក្រសួងការពារជាតិអាចជ្រើសរើសពលទាហានសរុបដល់ទៅ៣០០ នាក់ សម្រាប់បំពេញ ក្របខណ្ឌឲ្យកងឯកភាពនានា តាមជំនាញនិងតាមចំណង់ចំណូលចិត្ត។
ប្អូនៗដែលគ្មានការងារធ្វើគួរតែសន្សំចំណេះវិជ្ជានិងហាត់ទេពកោសល្យក៏ដូចជាសមត្ថភាពដើម្បីត្រៀមលក្ខណៈប្រលងជ្រើសរើស យកឱកាសមួយដែលស្របច្បាប់ដើម្បីបម្រើនិងការពារជាតិ។
តាមលិខិតនោះ ក្រសួងការពារជាតិផ្ដល់ឱកាសចូលបម្រើការងារនៅបញ្ជាការដ្ឋាននៃកងទ័ពជើងអាកាសសរុបចំនួន ១០០ នាក់ ហើយនៅកងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាន គឺមានចំនួន ១៥០ នាក់។ ក្រៅពីនោះ សម្រាប់មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ចំណុះមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកគឺមានចំនួន ៣០ នាក់ និង វិទ្យាសា្ថនបញ្ជាការដ្ឋានសេនាធិការចំនួន ២០ នាក់។
តាំងពីរាជរដ្ឋាភិបាលអណត្តិទី៧ ចាប់ដំណើរការកន្លងមក គឺមានតែក្រសួងពីរទេដែលរាជរដ្ឋាភិបាលបើកឱកាសឲ្យជ្រើសរើសបុគ្គលិក គឺក្រសួងអប់រំយុវជននិងកីឡា និងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទ ហើយក្រសួងការពារជាតិគឺជាក្រសួងទីបី។
នេះគឺជាឱកាសរបស់ប្អូនៗហើយ ដូច្នេះសូមត្រៀមខ្លួនហើយស្វះស្វែងរកឱកាសនេះបណ្តើរៗដើម្បីកុំឲ្យឱកាសនេះរំលងទៅ។
នៅក្នុងករណីដែលប្អូនៗមានឱកាសបានចូលរួមបម្រើជាតិ សូមត្រងត្រាប់ក្រេបជញ្ជក់នូវចំណេះនិងជំនាញ ដើម្បីធ្វើយ៉ាងណាប្រែក្លាយខ្លួនឲ្យទៅជាកម្លាំងស្រួចពោរពេញដោយសមត្ថភាពខ្ពស់ ត្រៀមខ្លួនជានិច្ចការពារជាតិស្របតាមច្បាប់និងបាវចនារបស់ជាតិ៕
Daily Program
